Tuesday, June 2, 2026
Homeតារាខ្មែរគង់ សុជាតិ នាំប្ដីទៅសាកថ្មជីវិត នៅជប៉ុន

គង់ សុជាតិ នាំប្ដីទៅសាកថ្មជីវិត នៅជប៉ុន

ប្រទេសជប៉ុន ៖ អ្នកនាង គង់ សុជាតិ បាននាំស្វាមី លោកជា វិបុល និងកូនស្រី ជា សុជាតិនារី ហៅដូរី ហោះទៅជប៉ុន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដែលនេះជាដំណើរកម្សាន្ដសុទ្ធសាធ បន្ទាប់ពីនាងនិងប្ដី មមាញឹកក្នុងការងារ MC នារដូវក្ដៅ រយៈពេល៧ខែ (វិច្ឆិកា-ឧសភា) ពេញ ហើយចាប់ពីខែមិថុនា ដល់ខែតុលា និងស្បើយការងារសិល្បៈ ព្រោះជារដូវធ្លាក់ភ្លៀង ។ យ៉ាងណា សម្រាប់ប្រទេសជប៉ុន មិនមែនជាលើកទី១ នោះទេ គឺជាញឹកញាប់ណាស់មកហើយដែលនាងនិងប្ដី តែងតែទៅដើរលេងនៅទីនោះ។

តាមប្រភពថា សុជាតិ ដាក់គោលដៅក្នុងជីវិត គឺប្រឹងរកលុយក្នុងស្រុក ដើម្បីបានទៅដើរលេងប្រទេសណាដែលខ្លួនចង់ទៅ (សាកថ្មជីវិត) មិនអាចប្រឹងតែរកលុយ រហូតគ្មានពេលវេលាសប្បាយផ្ទាល់ខ្លួនបានឡើយ ។ យ៉ាងណា ការទៅជប៉ុន លើកនេះ ក្រៅពីរីករាយនៅទីក្រុងក្យូតូ (Kyoto) នោះនាងក៏បានរឹតចំណងស្នេហា ជាមួយស្វាមី លោកវិបុល ឲ្យកាន់តែរឹងមាំបន្ថែមទៀតដែរ បន្ទាប់ពីពង្រឹងចំណងស្នេហាឲ្យបានវិលមករកភាពផ្អែមល្ហែមឡើងវិញ នារយៈពេលជាង ៥ឆ្នាំចុងក្រោយ ដោយគ្មានភាពរង្គោះរង្គើដូចកាលពីឆ្នាំ២០២០ ឡើយ ។

គង់ សុជាតិ នៅតែរក្សារទីផ្សារ MC បាន ដោយបណ្ដាកម្មវិធីតាមក្រុមហ៊ុន Agency ទាំងឡាយ តម្រូវឲ្យអ្នក នាងចាប់ដៃជាមួយស្វាមីតែម្ដង ពោលគឺលុយមូល ខណៈដែលហង្សមាស ក៏នៅតែមិនអាចអត់ប្ដីប្រពន្ធតារា ១គូនេះដែរ ។ ប៉ុន្ដែចំណងស្នេហាជិត ១៣ឆ្នាំ បានកូនស្រីតែ១ មិនទាន់ធ្វើឲ្យស្វាមីសុជាតិ លោក ជា វិបុល បានស្កប់ស្កល់ទេ បើទោះជាលោកបានចាត់ទុកកូនប្រុសស្រីប្ដីមុន របស់សុជាតិ ដូចកូនខ្លួនបង្កើតក្ដី គឺប្ដីក្មេងរបស់សុជាតិ នៅតែចង់បានកូនភ្លោះប្រុសដដែល បន្ទាប់ពីបរាជ័យផែនការធំ យកកូនម្ដងពីរនេះ ជាង៥ឆ្នាំ ។ យ៉ាងណា បញ្ហាអាយុ ក៏ជាកត្ដាមួយ ធ្វើឲ្យសុជាតិ ពិបាកពពោះដែរ ព្រោះឆ្នាំនេះ នាងមានអាយុ៥០ឆ្នាំ ខណៈប្ដី ៤៦ឆ្នាំ ប្អូនប្រពន្ធ ៤ឆ្នាំ ។

ក្នុងវ័យ៥០ឆ្នាំ គង់ សុជាតិ មិនដែលចង់បោះបង់អាជីពពិធីការិនី របស់ខ្លួនទេ បើទោះជាកាលពីខែតុលា ឆ្នាំ២០២៥ នាងបានបណ្ដុះកូនស្រី ម៉ៅសាល់ភាព ណេលលី ឲ្យចាប់ផ្ដើមបន្ដវេនពីនាង តាមរយៈការចេញធ្វើ MC ដែលពេលខ្លះ ត្រូវចាប់ដៃជាមួយលោកវិបុល ក៏ដោយ។ សុជាតិ ធ្លាប់ប្រាប់ថា នាងស្រលាញ់អាជីព MC និងបានតស៊ូ អស់រយៈពេលជាង ២០ឆ្នាំមកហើយ ឥឡូវមហាជននៅតែគាទ្រ ហេតុនេះនាងនឹងធ្វើការងារនេះតទៅទៀត គ្មានដែនកំណត់ ឲ្យតែទស្សនិកជនពេញចិត្ត។ ប៉ុន្ដែពេលត្រូវសួរថា នាងស៊ីថ្លៃធ្វើ MC ជាមួយស្វាមី ក្នុង១កម្មវិធី តម្លៃប៉ុន្មាន? ហើយ១ឆ្នាំ រកប្រាក់ចំណូលបានសរុបប៉ុន្មាន? សុជាតិ និងប្ដី មិននិយាយឡើយ ។ សេដ្ឋិនីលាក់មុខ ដែលគេជឿថា មានលុយរាប់លានដុល្លារ រូបនេះ មិនដែលប្រកាសថា ខ្លួនមានទ្រព្យប៉ុន្មានទេ ខុសពីព្រាប សុវត្ថិ ដែលត្រូវបានមនុស្សជំនិតលោកទម្លាយថា មានលុយសរុប ប្រមាណ ៣០លានដុល្លារ តាំងពីឆ្នាំ២០២០ ។          

គួរបញ្ជាក់ថា មិនមែនតែ គង់ សុជាតិ-ជា វិបុល ទេដែលតែងតែដឹកដៃគ្នាទៅសាកថ្មជីវិត នៅក្រៅស្រុកនោះ ប៉ុន្ដែមានតារាល្បីៗផ្សេងទៀត ក៏ជ្រើសការដើរលេងនៅបរទេស នារដូវធ្លាក់ធ្លាក់ភ្លៀងនេះដូចគ្នា ព្រោះជាពេលស្បើយពីការងារសិល្បៈ ក្នុងនោះមានដូចជា លោកខេម, យ៉ែម សំអូន និងអេឡិច ច័ន្ទត្រា ជាដើម ។ ចំពោះអ្នកនាងសុជាតិ បានដើរកម្សាន្ដនៅបរទេស ទាំងប៉ែកអាស៊ី និងអឺរ៉ុប ជាច្រើនមកហើយ ព្រោះក្នុង ១ឆ្នាំៗ នាងមានកញ្ចប់ថវិកាដើរលេងនៅបរទេស យ៉ាងទៀងទាត់។ សុជាតិ និងប្ដី ក៏មានឥទ្ធិពលលើសពី MC ធម្មតាដែរ ក្រោយពីអ្នកនាងត្រូវបានតែងតាំងជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ អាណត្តិទី៦ ដោយអ្នកឧកញ៉ា ម៉ៅ ចំណាន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤  ខណៈដែលស្វាមីនាងលោក ជា វិបុល ត្រូវបានសម្ដេច ហ៊ុន សែន ផ្ដល់តួនាទីជាជំនួយការសម្តេចប្រធានព្រឹទ្ធសភា មានឋានៈស្មើអគ្គនាយករង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣៕

RELATED ARTICLES