ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តដឹកជញ្ជូនក្រុមហ៊ុន វីរៈប៊ុនថាំ ម្នាក់ ត្រូវបានការិយាល័យនគរបាលចរា ចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់វិធានការភ្លាមៗ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២ ក្រោយពីមានការបង្ហោះវីដេអូរថយន្តបើកភ្លើងសារ៉ែន ពេញដងផ្លូវ។

ថ្មីៗនេះ បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម រូបភាពវីដេអូករណីរថយន្តដឹកជញ្ជូន ក្រុមហ៊ុនវីរៈប៊ុនថាំ បំពាក់ភ្លើងសារ៉ែន នៅលើរថយន្ត នាំឱ្យរងការរិះគន់ពីអ្នកលេងបណ្តាញសង្គម នៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៦ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តនោះ មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ។
តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ថា នៅចំពោះមុខសមត្ថកិច្ច អ្នកបើកបររថយន្តខាងលើ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៧ ពេលយប់ ខ្លួនបានធ្វើដំណើរចេញពីជ្រោយចង្វា ក្នុងគោលបំណងទៅម្តុំព្រៃទា ដោយបានបើករថយន្ត តាមផ្លូវទំនប់៧០ ខណៈនោះខ្លួនបានបើកភ្លើងសារ៉ែនពិត ប្រាកដមែន អំឡុងពេលបើកបរ ប៉ុន្តែមិនបានបើកសារ៉ែនសំឡេងនោះទេ គឺអ្នកដែលថតវីដេអូនោះ ដាក់សំ ឡេងសារ៉ែនបន្ថែម ហើយក៏បានបង្ហោះក្នុងបណ្តាញសង្គមតែម្តង។
បន្ទាប់ពីសាកសួររួច បុរសខាងលើ បានសារភាពកំហុសឆ្គងរបស់ខ្លួន និងបានសុំទោសជាសាធារណៈ ចំពោះការបំពាក់ភ្លើងសារ៉ែនខុសច្បាប់។
ទន្ទឹមនោះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ព្រមានលើកទី១ ដោយតម្រូវឱ្យដោះភ្លើងសារ៉ែន ចេញ និងមិនឱ្យកើតមានឡើងជាលើកទីពីរទៀតនោះឡើយ ក្រោយដោះភ្លើងសារ៉ែននោះចេញហើយ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។

ដោយឡែកចំពោះបុរសម្នាក់ដែលបានថតបង្ហោះផ្សព្វផ្សាយរថយន្តខាងលើ ក៏ចេញមកបង្ហោះសារភាពថា ខ្លួនបានដាក់ច្នៃបន្ថែមសំឡេងសារ៉ែនពិតប្រាកដ ដោយរថយន្តនោះ មិនបានបើកសំឡេងសារ៉ែននោះទេ ការចេញបកស្រាយនេះ គឺកុំឱ្យមហាជនមានយល់ច្រឡំ៕