ភ្នំពេញ ៖ កញ្ញា ស៊ីន យូប៊ីន តារាសម្តែងល្បីឈ្មោះ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតែងតាំងជា «ទូតសុច្ឆន្ទៈ» ដំបូងគេបង្អស់ របស់អង្គការ យូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា ដែលនេះជាមោទនភាពដ៏ខ្ពង់ខ្ពស់សម្រាប់តារាសម្តែងរូបនេះ។

ពិធីប្រកាសតែងតាំងទូតសុច្ឆន្ទៈយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា នេះ បានធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ពីលោកស្រីបណ្ឌិត បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ នៃកាកបាទក្រហមកម្ពុជា ។
លោកស្រីបណ្ឌិត បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានមានប្រសាសន៍ថា «នាងខ្ញុំមានអារម្មណ៍សប្បាយរីករាយឥតឧបមា ដោយបានចូលរួមទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ “រួមគ្នាដើម្បីកុមារគ្រប់រូប” និងពិធីប្រកាសតែងតាំងទូតសុច្ឆន្ទៈយូនីសេហ្វ ប្រចាំកម្ពុជា ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នេះ។ ជាការពិតណាស់ ការចូលរួមលើកកម្ពស់គុណភាពជីវិតកុមារ គឺជាកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់យើងគ្រប់ៗគ្នា ដើម្បីការបង្កើតបានមូលធនមនុស្ស សម្រាប់សង្គមជាតិ ព្រោះថាកុមារ គឺជាបេះដូងនៃគ្រួសារ ជាកម្លាំងនៃសហគមន៍ និងជាអនាគតដ៏ភ្លឺស្វាងរបស់ជាតិមាតុភូមិ» ។

លោកស្រីបណ្ឌិត បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តថា «ថ្មីៗនេះ យើងក៏ទើបបានបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីគាំទ្រដល់សុខភាព ការអប់រំ និងសុវត្ថិភាពរបស់កុមារកម្ពុជា ព្រោះថា ការពារកុមារ គឺការពារអនាគតរបស់ប្រទេសយើង ។
នាងខ្ញុំ សូមអំពាវនាវឱ្យរួមគ្នាទប់ស្កាត់អំពើហិង្សាលើកុមារ ការរំលោភបំពានផ្លូវភេទកុមារ ទប់ស្កាត់ឱ្យបាននូវពលកម្មកុមារ បញ្ហាសុវត្ថិភាពឌីជីថល និងត្រូវធានាថា កុមារគ្រប់ៗរូប ទទួលបានការថែទាំ សេចក្តីស្រឡាញ់ សុវត្ថិភាព ក្តីសង្ឃឹម ការអប់រំ និងឱកាសស្មើៗគ្នា ។

នៅក្នុងឱកាសទទួលការតែងតាំងជាទូតសុច្ឆន្ទៈយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានថ្លែងថា ៖ «នាងខ្ញុំពិតជាមានមោទនភាពនិងកិត្តិយសដ៏វិសេសវិសាល ដែលត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យទទួលនូវភារកិច្ចជា «ទូតសុច្ឆន្ទៈ» ដំបូងគេបង្អស់ របស់អង្គការ UNICEF ប្រចាំកម្ពុជា។ នាងខ្ញុំ សូមថ្លែងអំ ណរគុណទៅកាន់ UNICEF ព្រោះនេះមិនមែនគ្រាន់តែជាកិត្តិយស ប៉ុន្តែជា «កាតព្វកិច្ចខាងមនសិការ និងជាបេសកកម្មមនុស្សធម៌ដ៏ពិសិដ្ឋ» ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់នាងខ្ញុំ ដើម្បីធ្វើជាប្រយោជន៍ និងជាខែលការ ពារកុមារកម្ពុជា គ្រប់រូប។ ការរៀបចំព្រឹត្តិការណ៍របស់ UNICEF ឱ្យស្របនឹង «ទិវាកុមារអន្តរជាតិ ១មិថុនា» ជាការដាស់តឿនមនសិការរួម ក្នុងការបង្កើនការគាំពារ និងស្ដាប់សំឡេងកុមារ ដើម្បីរួមគ្នាស្ថាបនាអនាគតដ៏រុងរឿងសម្រាប់ពួកគេ»។

ក្នុងឱកាសនោះ តំណាងអង្គការ UNICEF Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីអបអរទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាដើម្បីកុមារគ្រប់រូប» និងពិធីប្រកាសតែងតាំងកញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា។ តំណាងអង្គការ UNICEF ប្រចាំកម្ពុជា បានបញ្ជាក់ថា ការអញ្ជើញជាអធិប តីភាពរបស់លោកស្រីបណ្ឌិត បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ និងជាគំរូដ៏សំខាន់ក្នុងការគាំទ្រ លើកកម្ពស់សិទ្ធិនិងសុខុមាលភាពរបស់កុមារគ្រប់រូប នៅកម្ពុជា៕ ខៀវទុំ



