Wednesday, June 3, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទណ្ឌិតក្មេងទំនើង៧៩០នាក់ លត់ដំនៅជួរមុខ

ទណ្ឌិតក្មេងទំនើង៧៩០នាក់ លត់ដំនៅជួរមុខ

ខេត្តពោធិ៍សាត់-ឧត្តរមានជ័យ ៖ ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ កំពុងទទួលបានការលត់ដំ អនុវត្តយ៉ាងសកម្ម ក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន បន្ទាប់ពីត្រូវបានផ្ទេរពីពន្ធនាគាររាជធានី-ខេត្តនានា បញ្ជូនទៅមណ្ឌលអប់រំប្រែទី៤ និងពន្ធនាគារខេត្តឧត្តរមានជ័យ។

តាមប្រភពអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ទណ្ឌិតជាក្មេងទំនើង ចំនួន ៧៩០នាក់ បាននិងកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ដេលកំពុងឈរជើងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។

អគ្គនាយកដ្ឋានពន្ធនាគារ (General Department of Prisons) សូមជម្រាបជូនថា ដោយអនុវត្តតាមអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង ភេទប្រុស ចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្ត នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន២ រួមមាន ៖ មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន ៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។

ផ្អែកតាមរបាយការណ៍ពីមណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) និងពន្ធនាគារខេត្តឧត្តរមានជ័យ ទណ្ឌិតជាក្មេងទំនើង ទាំងអស់ខាងលើ បានអនុវត្តយ៉ាងសកម្ម ស្របតាមវិធានការនានាដែលបានដាក់ចេញដោយក្រ សួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនការអប់រំកែប្រែ ស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តា លវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង ដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។

កម្មវិធីបណ្តុះបណ្តាលខាងលើនេះ ត្រូវបានអនុវត្តឡើង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន។

ទន្ទឹមនឹងនេះ ដើម្បីរួមចំណែកកសាងសង្គមជាតិមួយ ដ៏មានតម្លៃ និងពោរពេញដោយសក្តានុពល អគ្គនាយក ដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់យុវជនទាំងអស់ ត្រូវចៀសវាងឱ្យដាច់ស្រឡះពី «អបាយ មុខ» ទាំងឡាយ ព្រោះវាជាផ្លូវនៃក្តីវិនាស និងជាឧបសគ្គរាំងស្ទះដល់អនាគតដ៏ភ្លឺស្វាងរបស់យើង ហើយអាជ្ញា ធរគ្រប់លំដាប់ថ្នាក់ នៅតែបន្តបោសសម្អាតឱ្យអស់ ដោយមិនត្រូវលែងដៃឡើយ ចំពោះក្រុមក្មេងទំនើង៕ ខៀវទុំ

RELATED ARTICLES