ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចជំនាញក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបទីតាំងផ្ទះជួល ១កន្លែង សង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ចំនួន១១នាក់។

ការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប្រចាំការ ២៤ម៉ោង ដោយមានការសម្របសម្រួលពីលោកឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅផ្ទះជួលរបស់ឈ្មោះ ឃួន ឡាត់ ភេទប្រុស ស្ថិតនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

ជាលទ្ធផល ក្រុមការងារបានរកឃើញករណីពាន់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម សរុបចំនួន ១១នាក់ (ស្រី ២នាក់) ព្រមទាំងដកហូតបានវត្ថុតាង រួមមាន កុំព្យូទ័រយួរដៃ ចំនួន៧គ្រឿង ទូរស័ព្ទដៃ ចំនួន១៤គ្រឿង ម៉ូនីទ័រ ចំនួន២គ្រឿង។

ជនសង្ស័យជនជាតិវៀតណាម ទាំង១១នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការរដ្ឋាននគរបាលក្រុង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕
