ភ្នំពេញ ៖ រដ្ឋបាលខណ្ឌកំបូល និងអាជ្ញាធរពាក់ព័ន្ធ បានស្នើឱ្យសិប្បកម្មផលិតជីសរីរាង្គ ជុងហេង ហ្វើថឹឡាយហ្សឺ ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ប្តូរទីតាំងថ្មី ដែលពុំបង្កផលប៉ះពាល់ដល់សុខភាព ការរស់នៅនិងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ព្រមទាំងឱ្យម្ចាស់សិប្បកម្ម ចេញសំណងជូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ផងដែរ។

ការសុំឱ្យប្តូរទីតាំង និងចេញសំណងជូនប្រជាពលរដ្ឋនេះ បន្ទាប់ពីសិប្បកម្មផលិតជី ខាងលើ បានបង្ហូរកាកសំណល់រាវ កាកសំណល់ផ្លែស្វាយ និងកាកសំណល់វត្ថុធាតុដើមផ្សេងទៀត ដែលមានក្លិនស្អុយ ចូលទៅក្នុងប្រឡាយសាធារណៈ ហើយបានហូរហៀរចូលក្នុងដីស្រែ ប្រជាពលរដ្ឋ មិនអាចបង្កបង្កើនផលបាន។ មិនតែប៉ុណ្ណោះ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ទឹកកាកសំណល់ដ៏ស្អុយទាំងនោះ ក៏បានហូរចាក់ចូលទៅក្នុងស្ទឹងព្រែកត្នោត ថែមទៀតផង ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋធ្ងន់ ជាពិសេសនៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ កាន់តែស្អុយខ្លាំងឡើងហើយ ។

អាជ្ញាធរ បានឲ្យដឹងថា សិប្បកម្មមួយនេះ សាងសង់នៅកណ្តាលវាលស្រែ មានទំហំ ៨ ០០០ម៉ែត្រការ៉ ចែកចេ ញជា ៣អគារ មានកម្មករបម្រើការងារនៅទីនោះ តែចំនួន១២នាក់ប៉ុណ្ណោះ ហើយបានកែច្នៃសំណល់ផ្លែ ស្វាយ ផ្សំជាមួយវត្ថុធាតុដើមផ្សេងៗទៀត ភាគច្រើនជារបស់ស្អុយ ធ្វើជាជីសរីរាង្គ ដោយបានបើកដំណើរការផលិតនៅក្នុងឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ចំណែកម្ចាស់ទីតាំងនិងជាអ្នកគ្រប់គ្រងសិប្បកម្ម ឈ្មោះគង់ ពីនី ភេទស្រី ជាជនជាតិខ្មែរ មានប័ណ្ណប៉ាតង់ ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥។

ប្រជាពលរដ្ឋ បាននិយាយថា សិប្បកម្មផលិតជីសរីរាង្គខាងលើនោះ បានបង្ហូរទឹកស្អុយ ចេញក្រៅ បង្កក្លិនស្អុយពាសវាលពាសកាល រយៈពេលជាង៧ឆ្នាំមកហើយ ប៉ុន្តែនៅ២ឆ្នាំចុងក្រោយនេះ កាន់តែស្អុយខ្លាំងឡើង មិនថាពេលយប់ឬពេលថ្ងៃ ក្លិនស្អុយបានសាយភាយគ្រប់ពេល ដែលបានធ្វើឱ្យពួកគាត់ពិបាករស់នៅជាខ្លាំង។ សិប្បកម្មនេះ បានបំពុលបរិស្ថាន បង្កផលប៉ះពាល់ដល់សុខភាព និងដីស្រែពួកគាត់ មិនអាចធ្វើស្រែ កើតឡើយ ហើយទឹកកាកសំណល់ទាំងនោះ ក៏ហូរចូលស្ទឹងព្រែកត្នោត ផងដែរ។ ដោយសារតែបែបនេះ ទើបពួកគាត់ស្នើ សុំទៅអាជ្ញាធរ ឱ្យអន្តរាគមន៍ដោះស្រាយ និងមានចំណាត់ការលើក្រុមហ៊ុនមួយនេះផង។

ដោយឡែកអាជ្ញាធរសង្កាត់បឹងធំ និងរដ្ឋបាលខណ្ឌកំបូល ក្រោយពីបានដឹងនូវទុក្ខលំបាកប្រជាពលរដ្ឋ ក៏បានចុះទៅធ្វើការណែនាំដល់ម្ចាស់សិប្បកម្មខាងលើ ជាបន្តបន្ទាប់ ច្រើនលើករួចមកហើយ ប៉ុន្តែពុំទទួលបានផលល្អនោះទេ ក្លិនស្អុយនៅតែមានដដែល ហើយលើកចុងក្រោយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៦ រដ្ឋបាលខណ្ឌកំ បូល ដឹកនាំដោយលោកឃឹម ស៊ុនសូដា អភិបាលខណ្ឌ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដឹកនាំដោយលោកប្រធានមន្ទីរ គាត រង្សី និងក្រុមការងារនៃក្រសួងបរិស្ថាន បានចុះទៅណែនាំនិងធ្វើកំណត់ហេតុ ដល់ម្ចាស់សិប្បកម្មមួយនេះ ហើយបានដាក់ចេញនូវវិធានការ ចំនួន ៥ចំណុច ដូចខាងក្រោម ៖

១- ម្ចាស់សិប្បកម្ម គួរផ្លាស់ប្តូរទីតាំងថ្មី ដែលមិនបង្កផលប៉ះពាល់ក្លិនស្អុយដល់បងប្អូនរស់នៅក្បែរខាង។
២- ម្ចាស់សិប្បកម្ម ត្រូវធ្វើការទប់ស្កាត់សំណល់រាវ មិនឱ្យហូរចូលដីស្រែប្រជាពលរដ្ឋ បន្តទៀតឡើយ។
៣- ម្ចាស់សិប្បកម្ម ត្រូវបញ្ឈប់នាំចូលសំណល់ទាំងអស់ មកធ្វើអាជីវកម្មជាបន្តទៀត ។
ចំពោះសំណល់ដែលស្ថិតនៅក្នុងទីតាំងស្រាប់ ត្រូវប្រមូលទុកដាក់នៅក្នុងរោង ត្រឹមត្រូវ អំឡុងពេល២សប្តាហ៍ ដើម្បីបញ្ចៀសបញ្ហាក្លិនស្អុយ ប៉ះពាល់ប្រជាពលរដ្ឋ។
៤- ម្ចាស់សិប្បកម្ម ត្រូវទទួលខុសត្រូវផ្តល់សំណងដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីស្រែ មិនអាចបង្កបង្កើនផលបាន។

៥- ក្នុងករណីសិប្បកម្ម អាចបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវស្នើសុំលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថ កិច្ច និងត្រូវមានការចុះត្រួតពិនិត្យ វាយតម្លៃលើការអនុញ្ញាតជាមុនសិន ទើបអាចដំណើរការឡើងវិញបាន ៕
