ភ្នំពេញ ៖ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរដែនដី បានអញ្ជើញលោកស្រី ទេព បូរី ដែលមហាជនស្គាល់ច្បាស់ថា “ម៉ែគ្រូនុយក្លែអ៊ែរ” មកធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់សង្គម។

តាមប្រភពក្រសួងធម្មការនិងសាសនា បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ថា មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ បានអញ្ជើញលោកស្រី ទេព បូរី ហៅម៉ែគ្រូនុយក្លែអ៊ែរ មកធ្វើកិច្ចសន្យា ៖

– លុបវីដេអូនិងរូបថតសកម្មភាពដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម នៅលើប្រព័ន្ធបណ្តាញសង្គមទាំងអស់។

– លុបរាល់រូបភាពនិងវីដេអូសកម្មភាពទាំងអស់ នៅលើប្រព័ន្ធបណ្តាញសង្គមនានា និងអំពាវនាវដល់បរិស័ទ បងប្អូនអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមគ្រប់ប្រភេទទាំងអស់ សូមកុំថតចម្លងចែកចាយបន្តនូវរូបភាពនិងវីដេអូចាស់ៗរបស់ខ្ញុំ និងជួយលុបវីដេអូ និងរូបថត សកម្មភាព ទាំងចាស់ ទាំងថ្មីរបស់ខ្ញុំ ចេញពីបណ្តាញសង្គមរបស់បងប្អូនផង ។

– សូមបងប្អូនទាំងអស់ បញ្ឈប់បន្តចែកចាយបង្ហោះរូបភាពសកម្មភាពរបស់លោកនៅលើបណ្តាញសង្គម តទៅទៀត ប្រសិនបើបងប្អូននៅតែយកទៅបង្ហោះ ត្រូវប្រឈមមុខចំពោះមុខ ច្បាប់ ជាធរមាន ដោយខ្លួនឯង៕