ខេត្តត្បូងឃ្មុំ ៖ ក្រុមឈ្មួញ បានធ្វើសកម្មភាពដឹកសត្វមាន់ ព្រមទាំងសាច់បង្កក តាមរ៉ឺមកម៉ូតូចំនួនពីរគ្រឿង ចេញតាមច្រកដូនរ័ត្ន ជាប់ប្រទេសវៀតណាម ចូលមកកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ស្ទាក់បង្ក្រាប ករហូតវត្ថុតាងទាំងនេះ ដុតកម្ទេចចោល ព្រោះជារបស់ខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពរបស់មនុស្ស។

លោកកែន ច័ន្ទសុជាតិ នាយរងការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ថា ដោយទទួលបានព័ត៌មានក្រុមឈ្មួញទុច្ចរិត បានលួចដឹកប្រភេទមាន់រស់ ព្រមទាំងសាច់បង្កក តាមមធ្យោបាយផ្សេងៗ ចេញពីច្រកដូនរ័ត្ន ស្រុកមេមត់ ជាប់ព្រំប្រទល់ប្រទេសវៀតណាម ដើម្បីលក់នៅផ្សារមេមត់ និងចែកចាយបន្តទៅកាន់ស្រុកស្នួល ខេត្តក្រចេះ និងមួយផ្នែកមកកាន់ក្រុងកំពង់ចាម គឺដឹកតាមរថ យន្តសាំងយ៉ុង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងរបស់បសុពេទ្យ បានឃ្លាំមើលក៏ឃើញសកម្មភាពដឹកសត្វមាន់រស់ ចេញពីវៀតណាម ចូលមកតាមច្រកដូនរ័ត្ន ហើយត្រូវបានស្ទាក់ចាប់បានរ៉ឺមកម៉ូតូចំនួនពីរគ្រឿង ដែលបម្រុងដឹកយកមកចែកចាយនៅផ្សារមេមត់។

លោកកែន ច័ន្ទសុជាតិ បន្តឱ្យដឹងថា ការឃាត់សត្វមាន់ រួមទាំងសាច់បង្កក ចូលមកកម្ពុជា ដោយមិនមានច្បាប់អនុញ្ញាតនេះ គឺត្រូវបានឃាត់ដោយធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ហើយសត្វមាន់ដែលដាក់ក្នុងទ្រុង ពេលចាប់ឃាត់ទុកមួយយប់ ក៏បានងាប់អស់ពាក់កណ្តាល។ ដោយអនុវត្តតាមការណែនាំរបស់ប្រធានមន្ទីរកសិកម្មខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីបង្ការឆ្លងជំងឺពីសត្វមកសត្វ និងពីសត្វ មកមនុស្ស (H5N1) ទើបត្រូវបានដុតកម្ទេចចោល។ កម្លាំងជំនាញរបស់ ក.ប.ប បានយករថយន្តពិសោធន៍ចល័តមកពិនិត្យសាច់បង្កក ឃើញថា ខូចគុណភាព បើយើងទទួលទានដោយពុំបានដឹង នឹងធ្វើឱ្យប៉ះពាល់សុខភាព។

ក្រោមកិច្ចសហការមានកម្លាំងសមត្ថកិច្ចចម្រុះ ក្នុងនោះមានជំនាញពេទ្យសត្វ គយនិងរដ្ឋាករមេមត់ អាជ្ញាធរដែនដី បានសម្រេចយកសត្វមាន់និងសាច់បង្កក ទៅដុតបំផ្លាញចោល កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ ពីព្រំដែនកម្ពុជា-វៀតណាម ដោយមានការចូលរួមពីលោកឃិន វិជ្ជតា តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ អាជ្ញាធរដែនដី និងកម្លាំងនគរបាលការពារព្រំដែន ប្រចាំច្រកព្រំដែនដូនរ័ត្ន។

ទំនិញខូចគុណភាពដែលត្រូវបានដុតបំផ្លាញចោល រួមមាន ១-សត្វមាន់ ចំនួន៥២ទ្រុង (១ទ្រុងមាន២០គីឡូក្រាម) សរុបស្មើនឹង ១០៤០គីឡូក្រាម។ ២-សាច់ក្រកស្បែកស្រួយ (ប្រហិតលាយម្សៅ) ចំនួន៤៦កេស (១កេស ២០គីឡូក្រាម) សរុបស្មើនឹង ៩២០គីឡូក្រាម។ ៣-គ្រឿងក្នុងមាន់បង្កក (កោះមាន់) ចំនួន១០កេស (១កេស មាន១០គីឡូក្រាម) សរុបស្មើនឹង ១០០គីឡូក្រាម។ ៤-ស្លាបមាន់បង្កក ចំនួន ១០កេស (១កេស ១៥គីឡូក្រាម) សរុបស្មើនឹង១៥០។ បរិមាណទំនិញខូចគុណភាព ដែលត្រូវកម្ទេចចោល សរុបចំនួន២២១០គីឡូក្រាម។

លោកនាយរងការិយាល័យផលិតកម្មនិងបសុពេទ្យខេត្តត្បូងឃ្មុំ បញ្ជាក់ថា ក្រោយពីបានធ្វើសកម្មភាពដុតបំ ផ្លាញចោលនូវសត្វមាន់ និងសាច់បង្កកខូចគុណភាព រហូតមកដល់យប់ថ្ងៃទី១០ និងព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មិនមានឃើញសកម្មភាពដឹកសត្វមាន់ចូល តាមច្រកដូនរ័ត្ន នេះទៀតទេ៕