ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនបុរស ៣នាក់ ទៅសាកសួរ បន្ទាប់ពីបានធ្វើ សកម្មភាពគាស់ដែកផ្លូវរថភ្លើងចាស់ នៅចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

កម្លាំងកងរាជអាវុធហត្ថ បានឲ្យដឹងថា ជាការណែនាំពីអភិបាលក្រុងសិរីសោភ័ណ ឱ្យកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុង ចុះទៅពិនិត្យផ្លូវដែកចាស់ ចូលឃ្លាំងនិងរោងម៉ាស៊ីន ដែលមានអ្នកលួចគាស់ ក្រោយចុះពិនិត្យជាក់ស្តែង ឃើញស្នាមគាស់ផ្លូវដែកចាស់ ដែលតភ្ជាប់ពីផ្លូវ ដែក ចូលទៅរោងម៉ាស៊ីន និងឃ្លាំងដែលកសាង តាំងពីសម័យមុន។

កម្លាំងបានបញ្ជាក់ថា ក្រោយចុះពិនិត្យជាក់ស្តែង និងសាកសួរ ពិតជាមានករណីគាស់ដែកផ្លូវរថភ្លើងចាស់ ប្រាកដមែន ដោយមានគ្នាចំនួន៣នាក់ គាស់ដែក គ្រោងធ្វើបន្ទប់ទឹក លើផ្លូវដែកចាស់ ដែលផ្អាកចរាចរណ៍ ជាច្រើនឆ្នាំ តែត្រូវបានអាជ្ញាធរហាមឃាត់ មិនឱ្យធ្វើបន្ទប់លើផ្លូវចាស់ ចូលរោងម៉ាស៊ីននិងឃ្លាំងនោះឡើយ។
កម្លាំងបានបញ្ជាក់ថា នៅពេលចុះពិនិត្យឃើញជាក់ស្តែង កម្លាំងជំនាញ បាននាំបុរស ៣នាក់ទៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដើម្បីសាកសួរ។

ក្រោយសាកសួរ បុរសទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួន ពិតជាបានគាស់ផ្លូវដែកចាស់នោះមែន តែមិនដូចការចោទប្រកាន់ថា លួចគាស់ផ្លូវដែក ទៅលក់អេតចាយនោះទេ គឺគ្រាន់តែគាស់ចេញ បំណងសង់បន្ទប់ទឹក។
ជុំវិញករណីនេះ កម្លាំងជំនាញ បានធ្វើកិច្ចសន្យា និងណែនាំអ្នកទាំង៣ ឱ្យបញ្ឈប់សកម្មភាពគាស់ផ្លូវដែករថភ្លើង ជារបស់រដ្ឋ បន្តទៀត ព្រោះជាអំពើល្មើសច្បាប់៕