ខេត្តស្វាយរៀង ៖ បុរសជនជាតិវៀតណាម ចំនួន២នាក់ បានកើតមានជម្លោះពីរឿងជំពាក់លុយ អត់សង លុះឈ្លោះគ្នាចុះឡើង ឈានដល់ដកកាំភ្លើង ម្នាក់១ដើម បាញ់គ្នាទៅវិញទៅមក បណ្តាលឱ្យស្លាប់ទាំងសងខាង។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧កន្លះព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅបន្ទប់ជួល ភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សេចក្តីរាយការណ៍ បានឱ្យដឹងថា ជនបង្កហេតុ មានឈ្មោះ Nguyen Thai An ភេទប្រុស អាយុ៣១ឆ្នាំ ជន ជាតិវៀតណាម បានប្រើប្រាស់អាវុធខ្លី បាញ់លើជនរងគ្រោះ ឈ្មោះ Dau Xuan Trung ភេទប្រុស អាយុ៣៧ឆ្នាំ (បាញ់គ្នាទៅវិញទៅមក) បណ្តាលឱ្យស្លាប់ទាំងសងខាង។ ដោយមូលហេតុ ជនសង្ស័យ និងជនរង គ្រោះ មានទំនាស់រឿងជំពាក់ប្រាក់ ប្រមាណ ១ ២០០ ០០០ ០០០ដុង (លុយវៀតណាម)។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ និងបានធ្វើការដកហូតអាវុធខ្លី ចំនួន២ដើម របស់ភាគីទាំងពីរ ដែលបានបាញ់គ្នា ទំនាស់រឿងជំពាក់រហូតដល់ដង្ហើមចុងក្រោយ ព្រមទាំងបានពិនិត្យនិងធ្វើកោល វិច័យ រួចបានប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យរៀងៗខ្លួន៕