Wednesday, June 17, 2026
Homeតារាខ្មែរឈិន ម៉ានិច្ច ពីកម្មកររោងចក្រ ក្លាយជាម្ចាស់ផ្ទះជួល

ឈិន ម៉ានិច្ច ពីកម្មកររោងចក្រ ក្លាយជាម្ចាស់ផ្ទះជួល

ខេត្តកំពង់ស្ពឺ ៖ ឈិន ម៉ានិច្ច (ឈិន ស្រីពេជ្រ) បានសាងសង់ផ្ទះជួល កម្ពស់ ២ជាន់ នៅលើដីផ្ទាល់ខ្លួនរបស់នាង នៅស្រុកកំណើត ឯខេត្តកំពង់ស្ពឺ ដោយគ្រោងបើកដាក់ជួលឲ្យកម្មកររោងចក្រ នៅខែកក្កដា ខាងមុខ ក្រោយផ្ទះជួលទី១ របស់នាង នៅក្បែនោះដែរ ត្រូវបានជួលពេញអស់ តាំងពីខែមករា ឆ្នាំ២០២៦ ។ នេះជាការវិវឌ្ឍខ្លួនដ៏ល្អមួយរបស់ម៉ានិច្ច ព្រោះមុនក្លាយជាតារាចម្រៀងល្បី នាងក៏ធ្លាប់ធ្វើការរោងចក្រ បានប្រាក់ខែត្រឹម តែ ៨៥ដុល្លារ ដល់ទៅ ៤ឆ្នាំ ដែលកាលនោះ នាងអាយុ ១៥ឆ្នាំ ដោយបង្ខំចិត្តបោះបង់ការសិក្សា ត្រឹមថ្នាក់ទី១២ ព្រោះតែជីវភាពគ្រួសារ។ ឥឡូវម៉ានិច្ច បានធ្វើរឿងដែលសឹងតែមិនគួរឲ្យជឿ ព្រោះនាងបានក្លាយជាថៅកែផ្ទះជួលឲ្យកម្មករររោងចក្រ នៅស្រុកកំណើតនាងវិញម្ដង ។ មិត្តរួមអាជីព និង Fan មួយចំនួន បានសរសើរពីការផ្លាស់ប្ដូរជីវភាពសឹងតែ ៣៦០ដឺក្រេ របស់ម៉ានិច្ច នាពេលនេះ ។

សូមបញ្ជាក់ថា មុនក្លាយជាម្ចាស់ផ្ទះជួលនៅខេត្តកំពង់ស្ពឺ ឈិន ម៉ានិច្ច បានបើកហាងនៅក្បែរផ្សារចាស់ Manich Beauty Spa ផងដែរ ខណៈដែលនាងបានទិញផ្ទះផ្ទាល់ខ្លួន នៅភ្នំពេញ និងទិញរថយន្ដទំនើបៗ សម្រាប់ជិះឆ្លាស់គ្នា ដូចជា Lexus LX570, Jeep Rubicon, Mazda Ez6 2025 ជាដើម។ ក្នុងវ័យ៣២ឆ្នាំ និងច្រៀងឲ្យហង្សមាស រយៈពេល១០ឆ្នាំ ម៉ានិច្ច ត្រូវបានចាត់ទុកថា នាងមានទ្រព្យច្រើនក្នុងដៃ   ប៉ុន្ដែមានពេលខ្លះ នាងបែរជានិយាយ Drama ដោយឈរក្បែឡានទំនើប ម៉ាក Lexus LX570 បង្ហោះសំណេរថា អាយុប៉ុណ្ណឹងហើយ មិនសល់អីទៅវិញ។

 ក្រៅពីឈិន ម៉ានិច្ច តារាដែលមានផ្ទះជួល មានដូចជា អ្នកនាងយុគ ចិន្ដា, ខាត់ សុឃីម, លោកចា រិទ្ធី និងលោកគួច ខេវិន ជាដើម ដែលមុខរបរនេះ មានប្រាក់ថេរ ជាប្រចាំខែ និងពេលវេលាមិនមានដែនកំណត់ ព្រោះមិនអាចពឹងលើអាជីពសិល្បៈទាំងស្រុងទេ ដោយសារ «រលកក្រោយ ច្រានរលកមុន» ។ ចំពោះម៉ានិច្ច គ្មានដំណឹងនាងដើរចេញពីហង្សមាស ទេ បើទោះជាតារារួមអាជីព បានចាកចេញពីផលិតកម្មនេះ ជាបន្ដបន្ទាប់ក្ដី ប៉ុន្ដែនាងនិងសិស្សច្បង នី រតនា ថៅកែនៅតែរក្សាទុកនៅឡើយ ។

ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២ ហាក់ស្ងប់ស្ងាត់រឿងស្នេហា នារយៈពេលចុងក្រោយនេះ បន្ទាប់ពីនាងបានបណ្ដើរប្រុសសង្ហា ដោយបើកចំហ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ ទៅចូលរួមមង្គលការអ្នកនាងសុភ័ក្រ្ដ កុសុម៉ា ។ ប៉ុន្ដែយូរម្ដង គេឃើញបុរសនោះ នៅតែផុសរូបលោកកៀកកើយម៉ានិច្ច នៅលើទិក តុក ដែលបញ្ជាក់ថា ចំណងស្នេហាពួកគេ គ្មានការប្រែប្រួលទេ ។ យ៉ាងណា តាមព័ត៌មានថា ម៉ានិច្ច មានជម្រើសស្នេហាច្រើន ក្រោយផ្លាស់ប្ដូរមុខមាត់ថ្មី ១ទសវត្សចុងក្រោយនេះ ព្រោះតាមព័ត៌មានថា សូម្បីតែមន្រ្ដីធំម្នាក់ដែលធ្លាប់ស្នេហ៍អតីតតារាហង្សមាស ១ដួង ក៏ពេលនេះលង់សម្រស់ម៉ានិច្ច ដែរ ។ ប៉ុន្ដែអំឡុងពេលដែលម៉ានិច្ច កំពុងតែមានហុងស៊ុយល្អ ទាំងរឿងស្នេហានិងជីវភាពនេះ បែរជាមិនឃើញបុរសម្នាក់ដែលគេសង្ស័យជាសង្សារ ធ្លាប់ជូននាងទៅប្រឡងចម្រៀង និងឡើងឆាកតន្រ្ដី តាមប៉ុស្ដិ៍ទូរទស្សន៍នោះទៀតទេ ទើបពេលគេឃើញម៉ានិច្ច បណ្ដើរប្រុសរូបសង្ហានោះ អ្នកខ្លះថា នាងបានថ្មី ចោលចាស់ ។

មជ្ឈដ្ឋានមហាជនលើកឡើងថា ឈិន ម៉ានិច្ច បានត្រៀមខ្លួនរួចរាល់ ចំពោះការប្រែប្រួលណាមួយនៃអាជីព ចម្រៀងរបស់នាង ព្រោះអាជីពសិល្បៈ មិនទៀងទាត់ ហេតុនេះទោះជាថ្ងៃក្រោយ ប្រសិនបើនាងលែងសូវល្បី ក៏មានលុយចំណូលយ៉ាងទៀងទាត់ ពីផ្ទះជួលរបស់នាង ។ ប៉ុន្ដែគេជឿថា តារាដែលមានសមត្ថភាពច្រៀងបទមរតកដើម បានយ៉ាងពីរោះនេះ នៅតែមានទីផ្សារចម្រៀង ជាច្រើនឆ្នាំទៀត ពិសេស ការច្រៀងតាមកម្មវិធីរបស់ក្រុមហ៊ុន  Agency នានា និងការច្រៀងសម្ដែងនៅក្រៅស្រុក បើទោះជាការប្រជែងទីផ្សារបែបយុវវ័យ នាងពិ បាកទៅរួច ព្រោះមិនបានវិវឌ្ឍខ្លួនទៅជាតារាដែលចេះលេងក្បាច់រាំ និងមានក្រុមរាំអមជាប្រចាំ ដូចតារាល្បីៗ ផ្សេងទៀតក្តី ៕

RELATED ARTICLES