ខេត្តកណ្តាល ៖ ជនសង្ស័យ ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបរបស់ស្ត្រីម្នាក់ បានសម្រេច ដោយក្នុងនោះមានប្រាក់ប្រមាណជាង ៣០០ដុល្លារ នាំគ្នាយកទៅដើរស៊ីចាយ ទិញថ្នាំញៀនជក់អស់ ស្រាប់តែ៣ថ្ងៃ ក្រោយមក ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ករណីឆក់កាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវបេតុង មុខផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ លុះមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ស្ត្រីរងគ្រោះ មានឈ្មោះស្លេះ រុំហ្សាន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរលក់ដូរ មានលំនៅក្នុងភូមិកើត ហេតុខាងលើ។ ចំណែកសម្ភារៈនិងទ្រព្យសម្បត្តិបាត់បង់ រួមមាន កាបូបស្ពាយចំហៀង១ ក្នុងនោះមានប្រាក់ ចំនួន២០០ដុល្លារ និងប្រាក់រៀល ៦០ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណច្បាប់ដើម និងហ្វូតូ ចំនួន២សន្លឹក ប័ណ្ណ ប.ស.ស ច្បាប់ដើមនិងហ្វូតូ ចំនួន២សន្លឹក។
ចំណែកជនសង្ស័យ មានចំនួន២នាក់ ទី១-ឈ្មោះម៉ាន ស៊ូទី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល មាននូវសារធាតុញៀន (ឃាត់ខ្លួន) និងទី២-ឈ្មោះការីម រំម៉ាលី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម (គេចខ្លួន)។ ចំពោះវត្ថុតាងចាប់យក រួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ កាំបន្ទះពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JP-4625 ចំនួន១គ្រឿង (ចារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដោយនៅវេលាកើតហេតុ ជនសង្ស័យទាំង ២នាក់ ជិះម៉ូតូ តាមផ្លូវបេតុង ប្រទះឃើញកាបូបស្ពាយចំហៀងរបស់ស្ត្រីរងគ្រោះ ព្យួរនៅដៃម៉ូតូ ហើយមិនឃើញមានម្ចាស់។ ភ្លាមនោះ ជនសង្ស័យបានធ្វើសកម្មភាពឆក់យក រួចជិះម៉ូតូគេចចេញទៅទិសខាងត្បូង។ ឯស្ត្រីរងគ្រោះ បានឃើញទាន់ ក៏ជិះម៉ូតូដេញតាមដែរ តែដេញមិនទាន់។ បន្ទាប់មក ស្ត្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ។
ក្រោយទទួលពាក្យបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវ និងកំណត់មុខ សញ្ញា រហូតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ បានម្នាក់ ឈ្មោះម៉ាន ស៊ូទី យកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងឈ្មោះការីម រំម៉ាលី ពិតជាបានធ្វើសកម្មភាពលួចកាបូបស្ពាយចំហៀងរបស់ស្ត្រីរងគ្រោះ ប្រាកដមែន ដោយប្រាក់នៅក្នុងកាបូបនោះ ពួកខ្លួនបានចែកគ្នានិងទិញថ្នាំញៀន យកមកប្រើប្រាស់អស់មួយចំនួន។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការបន្តតាមនីតិវិធី៕