ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ បានសហ ការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើ សកម្ម ភាពលួចកាត់ខ្សែភ្លើង ក្នុងវត្តអង្គពោធិ៍ និងត្រូវបានគណៈកម្មការវត្ត បានតាមទាន់ និងឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច។

តាមប្រភពសមត្ថកិច្ចស្រុកសំរោងទង បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការវត្តអង្គពោធិ៍ ដែលមានទីតាំងនៅក្នុងភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះយឿន សូរិយា ហៅរុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រគល់ជូនសមត្ថកិច្ច។
គណៈកម្មការវត្តអង្គពោធិ៍ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះយឿន សូរិយា ហៅរុយ បានជិះម៉ូតូ ១គ្រឿង ម៉ាកអ៊ិចសាយទ័រ ពណ៌ខៀវ គ្មានស្លាកលេខ ដឹកឈ្មោះវ៉ាត់ ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចូលក្នុងវត្ត រួចដើរចូលក្នុងព្រះវិហារ បម្រុងកាត់ខ្សែភ្លើង ពេលនោះគណៈកម្មការវត្ត បានឃើញ ក៏ឃាត់ខ្លួនឈ្មោះ តឿន សូរិយា ហៅរុយ ចំណែកឈ្មោះវ៉ាត់ ជិះម៉ូតូគេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយឿន សូរិយា ហៅរុយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាប៉ុនប៉ងលួចកាត់ខ្សែភ្លើងប្រាកដមែន។ កន្លងទៅ ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះ ចំនួន៤លើក ក្នុងនោះ ធ្វើសកម្មភាពនៅស្រុកសំរោងទង ចំនួន១លើក ស្រុកគងពិសី ចំនួន២លើក និងស្រុកអង្គស្នួល ចំនួន១លើក ហើយធ្លាប់លួចកាត់ខ្សែភ្លើង ចំនួន៤លើក។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ រហូតដល់វេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង បានសហការជាមួយកម្លាំងនគរបាលស្រុកគងពិសី និងស្រុកអង្គស្នួល ខេត្តកណ្តាល បានបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យ ចំនួន៣នាក់ទៀត រួមមាន ទី១-ឈ្មោះវ៉ាន់ ឌី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ( ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ចំនួន១លើក លួចទូរស័ព្ទ ចំនួន១លើក និងលួចកាត់ខ្សែភ្លើង ចំនួន៧លើក)។ ទី២-ឈ្មោះអំ ហេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ធ្លាប់លួចខ្សែភ្លើង បានចំនួន៣លើក) និងទី៣-ឈ្មោះសុខ សុផានិត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ធ្លាប់ឆបោកម៉ូតូជនរងគ្រោះ ចំនួន២លើក នៅក្នុងស្រុកគងពិសី)។

សរុបសមត្ថកិច្ចធ្វើការឃាត់ជនសង្ស័យជាមុខសញ្ញា ចំនួន៤នាក់ និងដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង កន្ត្រៃ ចំនួន៥ ដង្កាប់ ចំនួន២ កាំបិតចុច ចំនួន២ និងស៊ីមទូរស័ព្ទ ចំនួន១៤។
ក្រុមជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕