Thursday, June 18, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់ម៉ូតូ ៤ឆ្នាំ ឃើញនិស្សិតជិះតាមផ្លូវ

បាត់ម៉ូតូ ៤ឆ្នាំ ឃើញនិស្សិតជិះតាមផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូឌុប បានចាញ់បោកជនសង្ស័យម្នាក់ ដែលជាម៉ូយហៅជិះកាលពី៤ឆ្នាំមុន បណ្តាលឱ្យបាត់បង់ម៉ូតូដែលទិញបង់រំលស់ ១គ្រឿង ហើយគ្មានសង្ឃឹមថា អាចរកឃើញវិញនោះទេ ស្រាប់តែនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ប្រទះឃើញយុវជនម្នាក់ កំពុងជិះម៉ូតូរបស់ខ្លួន នៅតាមផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ចាប់ឃាត់ទាំងម៉ូតូ និងមនុស្ស ប្រគល់ឱ្យសមត្ថកិច្ច ដើម្បីសាកសួរ។

បុរសរងគ្រោះដែលជាម្ចាស់ម៉ូតូ មានឈ្មោះពេជ សារិទ្ធ អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម៉ូតូរបស់គាត់ ដែលបាត់ ៤ឆ្នាំមកហើយ ទើបតែរកឃើញវិញនាពេលនេះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1T-0155។ ចំណែកយុវជន ដែលកំពុងប្រើប្រាស់ម៉ូតូខាងលើ មានឈ្មោះហោ លីជីឡុង អាយុ២១ឆ្នាំ និស្សិតឆ្នាំទី៣ មានលំនៅ ភូមិចេក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងស្នាក់នៅម្តុំផ្សារដីហុយ សង្កា ត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកពេជ សារិទ្ធ ជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា គាត់បានបាត់ម៉ូតូនេះ រយៈពេល៤ឆ្នាំហើយ ដោយកាលនោះ នៅវេលាម៉ោងប្រមាណ ៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលគាត់កំពុងអង្គុយលេងនៅម្តុំជិតប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អា យុប្រហែល​ ៤៥ឆ្នាំ បានហៅម៉ូតូគាត់ជិះ។ ពេលនោះ ជនសង្ស័យ បានឱ្យគាត់ដឹកទៅម្តុំផ្សារឈូកវ៉ា១ ហើយជននោះ បានចូលទៅក្នុងផ្សារ បាត់មួយសន្ទុះ ទើបចេញមកវិញ រួចឱ្យគាត់ដឹកបន្តទៅកាន់ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសជាម្ចាស់ម៉ូតូ បន្តថា បន្ទាប់មក ជនសង្ស័យ បានខ្ចីម៉ូតូគាត់ជិះ ដោយប្រាប់ថា ទៅយកឪពុក មួយភ្លែត រួច ក៏យកទៅបាត់រហូតតែម្តង ហើយគាត់បានទៅដាក់ពាក្យបណ្តឹង ងនៅប៉ុស្តិ៍គោកឃ្លាង និងតាមស្វែងរកម៉ូតូនោះដែរ តែរកមិនឃើញ។ ស្រាប់តែពេលនេះ ឃើញយុវជនខាងលើ កំពុងជិះម៉ូតូរបស់គាត់ ទើបគាត់ឃាត់ខ្លួន នាំទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ តែម្តង។ រីឯម៉ូតូខាងលើ គឺគាត់បានទិញបង់រំលស់ ពីហាងលក់ម៉ូតូ មួយកន្លែង។

ក្រោយពេលទៅដល់ប៉ុស្តិ៍នគរបាលចោមចៅទី៣ និស្សិតឈ្មោះហោ លីជីឡុង ដែលកំពុងកាន់កាប់ម៉ូតូខាងលើ បានបង្ហាញលិខិតទិញ-លក់ម៉ូតូ ១សន្លឹក និងកាតគ្រី ១សន្លឹក ឱ្យសមត្ថកិច្ចពិនិត្យ។ នៅក្នុងលិខិតនោះ ឃើញបុរសម្នាក់ ឈ្មាះស៊ាន ហោលី ដែលជាឪពុករបស់និស្សិតឈ្មោះហោ លីជីឡុង បានទិញម៉ូតូនោះ ក្នុងតម្លៃ ១៥២០ដុល្លារ ពីឈ្មោះហេង ឈាន ដែលជាម្ចាស់ហាងលក់ម៉ូតូមួយទឹក ហេង ឈាន ខេត្តព្រៃវែង និងមានទីតាំងស្ថិតនៅភូមិលេខ៥ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ រីឯកាលបរិច្ឆេទនៃការទិញ-លក់ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ ចំណែកកាតគ្រី គឺជាឈ្មោះលោកពេជ សារិទ្ធ ដែលជាម្ចាស់ដើម ទីមួយ។

ក្រោយពីការសាកសួរ អ្នកទាំង២នាក់ និងពិនិត្យមើលឯកសារបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះពេជ សារិទ្ធ ដែលបានដាក់នៅប៉ុស្តិ៍នគរបាលគោកឃ្លាង និងឯកសាររបស់និស្សិត ឈ្មោះហោ លីជីឡុង មួយជំហានរួចមក នគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានប្រគល់ភាគីទាំង សងខាង ទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ខណ្ឌ សែនសុខ ដែលជាម្ចាស់ករណី ដើម្បីចាត់ការនិងស្រាវជ្រាវបន្ត៕

RELATED ARTICLES