ខេត្តព្រៃវែង ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមជន សង្ស័យជំនាញខាងដើរលួចទ្រព្យសម្បត្តិ នៅក្នុងក្រុងព្រៃវែង។

តាមប្រភពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានករណីលួច (លួចទូរស័ព្ទដៃ ចំនួន៣គ្រឿង និងប្រាក់ ចំនួន ៣៤៨ ០០០រៀល) នៅចំណុចភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ១ក្រុម។ បន្ទាប់មកនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមជន សង្ស័យដដែល បានមកធ្វើសកម្មភាពលួចម៉ាស៊ីនព្រីន និងទូរស័ព្ទ នៅចំណុចភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពដដែល បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋានបានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យខាងលើ ។

ជាលទ្ធផល នៅវេលាម៉ោង ៦និង១០នាទីព្រលប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ នៅត្រង់ចំណុច សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ស សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ។ ទី២-ឈ្មោះគឹម ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ និងទី៣-ឈ្មោះតេង លីសួរ ភេទស្រី អាយុ២៨ឆ្នាំ។

ជនសង្ស័យ ទាំង៣នាក់ខាងលើ ត្រូវបានបញ្ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរ បាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕