ខេត្តបាត់ដំបង ៖ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ មានប្រុសមានស្រី និងកុមារតូចៗផង យ៉ាងតិច៥០នាក់ ត្រូវកម្លាំងទាហានថៃ ក្នុងស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ឃាត់ខ្លួនពីបទ “លួចឆ្លងដែនដោយខុសច្បាប់” កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ។

ប្រភពព័ត៌មានបឋម បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ដែលត្រូវកម្លាំងទាហានព្រំដែនថៃ ឃាត់ខ្លួននោះ មានប្រុសមានស្រី ទាំងកុមារតូចៗទៀតផង សរុបប្រមាណ៥០នាក់។ ពួកគេត្រូវទាហានថៃ នៅស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ឃាត់បានពេលពួកគេស្ថិតនៅក្នុងព្រៃ មួយកន្លែង ដែលមេខ្យល់បាននាំឆ្លងផុតពីព្រំដែនកម្ពុជា-ថៃ ទៅហើយ។
ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី មានភូមិសាស្ត្រទល់មុខនឹងស្រុកកំរៀង ខេត្តបាត់ដំបង ប៉ុន្តែគេមិនទាន់ដឹងថា តើប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកមេខ្យល់ទាំងអស់នោះ ចាកចេញពីទឹកដីកម្ពុជា ឆ្លងព្រំដែនចូលទៅប្រទេសថៃ តាមច្រកណា ក្នុងភូមិសាស្ត្រទឹកដីខេត្តណាទេ ទើបត្រូវកម្លាំងទាហានថៃ ចាប់បាននៅក្នុងទឹកដី ស្រុកពោង ណាំរ៉ន។
គួរបញ្ជាក់ថា តាមបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ ត្រូវបានបិទជិតទាំងស្រុង នាបច្ចុប្បន្ននេះ ប៉ុន្តែជនទុច្ចរិត ដែលមានដូចជា “មេខ្យល់នាំមនុស្សឆ្លងដែន និងពួកឈ្មួញនាំទំនិញ” នៅតែអាចប្រព្រឹត្តបទល្មើស “ឆ្លងដែន” ខុស ច្បាប់ បានយ៉ាងរលូន។

ករណីប្រជាពលរដ្ឋខ្មែរ ៥០នាក់ ដែលត្រូវទាហានថៃ ឃាត់ខ្លួនពីបទ “លួចឆ្លងដែនខុសច្បាប់” នេះ គេមិទាន់ទទូលបានដំណឹងអំពីចំណាត់ការបែបណាពីសំណាក់អាជ្ញាធរថៃ នៅឡើយទេ ហើយក៏ពុំមានដំណឹងជាក់លាក់ណាមួយពាក់ព័ន្ធនឹងពលរដ្ឋខ្មែរ ទាំងនោះ ពីមន្ត្រីព្រំដែនកម្ពុជា នៅតំបន់ព្រំដែនស្រុកកំរៀង នោះដែរ៕