Wednesday, June 24, 2026
Homeសង្គម និងជីវិតអ្នកជិះកង់ ៦ម៉ឺនគីឡូ ឆ្លងកាត់៤០ប្រទេស

អ្នកជិះកង់ ៦ម៉ឺនគីឡូ ឆ្លងកាត់៤០ប្រទេស

ភ្នំពេញ ៖ លោកទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងឆ្លងទ្វីបតែម្នាក់ឯង ចេញពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្វ្រិកខាងត្បូង អស់រយៈពេល២ឆ្នាំ ដោយឆ្លងកាត់ប្រមាណ ៤០ប្រទេស លើចម្ងាយផ្លូវជាង ៦ម៉ឺនគីឡូម៉ែត្រ បានធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជា វិញហើយ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីក្រុមគ្រួសារ និងមិត្តភក្តិជាច្រើននាក់។

ទឹកភ្នែកនៃក្តីរំភើបនិងស្នាមញញឹម បានលេចឡើងព្រមគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសនៃការវិលត្រឡប់មកដល់ទឹកដីមាតុភូមិវិញ របស់លោក ទីវ តារារិទ្ធ ដែលជាអ្នកជិះកង់ផ្សងព្រេងឆ្លងទ្វីបតែម្នាក់ឯង ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា។ ការវិលត្រឡប់នេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអធិកអធមបំផុតពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រជា ច្រើននាក់។

ក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា លោកទីវ តារារិទ្ធ បានប្រើប្រាស់ជីវិតរស់បែបផ្សងព្រេងឆ្លងទ្វីបតែម្នាក់ឯង អស់រយៈពេល២ឆ្នាំ ដោយត្រូវធ្វើដំណើរជិះកងឆ្លងកាត់ទ្វីបអាស៊ី ឆ្ពោះទៅទ្វីបអឺរ៉ុប និងបានបញ្ចប់នៅតំបន់អាហ្វ្រិកខាងត្បូង ក្នុងចម្ងាយផ្លូវប្រមាណជាង៦ម៉ឺនគីឡូម៉ែត្រ ដោយឆ្លងកាត់ ៤០ប្រទេស និងរៃអង្គាសថវិកាបានប្រមាណ ២២ម៉ឺនដុល្លារ ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ។

អ្នកជិះកង់វ័យ ៣៦ឆ្នាំរូបនេះ មិនទាន់សម្រេចគោលដៅក្នុងការរៃថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរ ពេទ្យគន្ធបុប្ផា ឡើយ។ លោកទីវ តារារិទ្ធ បញ្ជាក់ថា ដំណើររៃអង្គាសថវិកានេះ គឺនៅខ្វះ ៣ម៉ឺនដុល្លារទៀត ទើបគ្រប់ ២៥ម៉ឺនដុល្លារ ដែលជាគោលដៅនៃបេសកកម្ម នេះ។ យ៉ាងណា លោកទីវ តារារិទ្ធ  នឹងបន្តជិះកង់ពីភ្នំ ពេញ ទៅខេត្តសៀមរាប ដើម្បីរៃថវិកាបង្គ្រប់ ២៥ម៉ឺនដុល្លារ។

ពេលមកកម្ពុជាវិញ ការងារសំខាន់ៗត្រូវធ្វើ គឺការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន រៀបចំធ្វើដំណើរជិះកង់ពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប បិទកម្មវិធីជិះកង់សប្បុរសធម៌ នៅមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ ផលិតខ្សែភាពយន្តឯកសារខ្លី នៃការធ្វើដំណើរ “២ឆ្នាំជាមួយកង់ TWO YEARS ON A BIKE” រៀបចំចងក្រងសៀវភៅ “២ឆ្នាំ ជាមួយកង់ TWO YEARS ON A BIKE”។

ស្មារតីអង់អាចក្លាហាន និងបេះដូងមនុស្សធម៌ដ៏ធំធេងរបស់ លោក ទីវ តារារិទ្ធ មិនត្រឹមតែបាននាំមកនូវថវិកា ជួយដល់កុមារកម្ពុជា នោះទេ ប៉ុន្តែថែមទាំងបានលើកតម្កើងទង់ជាតិ និងកិត្យានុភាពខ្មែរ នៅលើឆាកអន្តរជាតិ ឱ្យពិភពលោកបានស្គាល់ពីទឹកចិត្តដ៏ទូលំទូលាយរបស់ ជនជាតិខ្មែរ ផងដែរ៕

RELATED ARTICLES