ភ្នំពេញ ៖ ពិធីការិនី ហេង បូនីកា បានបង្ហូរទឹកភ្នែកម្នាក់ឯង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ទើបធ្វើឲ្យ Fan របស់នាង ព្យាយាមលើកទឹកចិត្តនាង ព្រោះតែកន្លងមក គេធ្លាប់តែឃើញនាងធ្វើឲ្យសើច រីករាយ តាម រយៈការនិយាយកំប្លែងលើឆាក តែឥឡូវ បែរជាឃើញនាងពិបាកចិត្ត ហាក់បៀមទុក្ខកង្វល់ តែគ្មានប្រុសណាមកលួងនាង «អូនយំរឿងអ្វី?» នោះឡើយ ។

ប្រភពថា បូនីកា តូចចិត្តដែលការងារខ្លះ នាងធ្វើមិនបានល្អដូចការំពឹងទុក ទើបនាងទប់ទឹកភ្នែកមិនជាប់ ហើយហូរតាមទិកតុកបែបនេះ។
ហេង បូនីកា វាចាទាំងទឹកភ្នែកថា«សូម្បីតែនិយាយ ក៏ខ្ញុំមិនហ៊ាន មេរៀនខ្លះ វាក្លាយទៅជាសុបិនដ៏គួរឲ្យខ្លាចមួយ» ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅកញ្ញា ហេង បូនីកា កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា តែគ្មានអ្នកលើកទទួលឡើយ ទើបមិនទាន់មានការបញ្ជាក់ពីនាង រឿងសុខៗក្រៀមក្រំនោះទេ ។ ប៉ុន្ដែយ៉ាងណា ការបង្ហាញសញ្ញាពិបាកចិត្ត ឬឈឺចាប់នឹងរឿងអ្វីមួយ របស់ស្រីស្អាត បូនីកា នាពេលនេះ គឺក្រោយពេលដែលថ្មីៗនេះ នាងទើបសម្រេចគោលដៅធំពីរ នោះគឺទិញផ្ទះប្រណិត និងរថយន្ដអគ្គិសនីថ្មី ម៉ាក Deepal ពណ៌ខ្មៅ ដែលមានតម្លៃជិត ៤ម៉ឺនដុល្លារ ក្នុងពេលតែមួយ ដែលធ្វើឲ្យអ្នករួមអាជីព និង Fan សរសើរថា នាងជាតារាវ័យក្មេងដែលពូកែរកលុយទិញអ្វីដែលខ្លួនស្រលាញ់ បានដោយមិនចាំបាច់បង់រំលស់។ ប៉ុន្ដែដឹងអី ក្នុងភាពរីករាយនោះ បូនីកា ក៏មានទុក្ខសោកដែរ ។

យ៉ាងណា ជុំវិញស្រីស្អាត ហេង បូនីកា ស្ងាត់ៗស្រាប់តែយំនេះ គេមិនឃើញដៃគូពិសេសរបស់នាង ប្រុសសង្ហា ដាវីដ ដែលពេលរីករាយ តែងតែនៅក្បែនាង ប៉ុន្ដែពេលនាងកើតទុក្ខ បែរជាមិនឃើញលោកមកលួងលោមនាងនោះទេ ។ ចំណែកនៅលើគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់បូនីកា គេឃើញនាងចេញសារប្លែកៗ ដូចជាថា «អាយុជិត ៣០ឆ្នាំឥឡូវហើយ អត់ទាន់ស្គាល់ជាតិស្នេហាផង»។ ពិធីការិនីរូបនេះ ក៏ទើបបានប្រើ Cover ហ្វេសប៊ុក នូវពាក្យថា «គ្រប់គ្នាសង្ស័យថា ខ្ញុំលួចមានស្នេហា Private ទាំងដែលខ្ញុំខ្លួនឯង កំពុងលួចសង្ស័យថា ខ្លួនឯងអាចនៅ Single មួយជីវិត» ។

គួរកត់សម្គាល់ថា ហេង បូនីកា ត្រូវបានសង្ស័យថា នាងមានទំនាក់ទំនងស្នេហាជាមួយលោកតារាសម្ដែង លោកដាវីដ ក្រោយនាងបែកបាក់សង្សារចាស់ ព្រោះគេឃើញពួកគេទៅណា ដូចលលកញីឈ្មោល និងមានពេលខ្លះ ដេវីដ ចាប់ថើបនាង តែជូនកាល នាងចាប់ថើបដាវីដ ។ ប៉ុន្ដែក្នុងជំនួបលើកមុន បូនីកា ប្រាប់អ្នកយកព័ត៌មានយើងថា ទំនាក់ទំនងនាងជាមួយលោកដាវីដ ធម្មតាៗ នាងថែមទាំងសួរបញ្ច្រាសមកវិញទៀតថា តើប្លែកហ្នុង ត្រង់កន្លែងណាទៅ? ទៀតផង។ ចំណែកការបង្ហាញខ្លួនរបស់បូនីកា ក្នុងពិធីសម្ពោធរឿង «កំហឹងខ្មោចកូនប្រសាស្រី» ពេលថ្មីៗនេះ លោកដាវីដ ថើបនាងនៅចំពោះមុខអ្នកកាសែត តែនាងបែរជាញញឹម និងនៅស្ងៀម។

ហេង បូនីកា ហៅដាវ អាយុ២៧ឆ្នាំ បានប្រឡូកសិល្បៈ ជាង៧ឆ្នាំ ធ្លាប់ប្រឡងបវរកញ្ញា និងក្លាយជាតារាសម្ដែង ហើយចុងក្រោយ លេចធ្លោគួរសមក្នុងតំណែងពិធីការិនី (MC) ព្រោះនាងពូកែតែងខ្លួនប្លែកៗ និងចេះនិយាយកំប្លែង ឲ្យអ្នកនៅជុំវិញខ្លួននិងមហាជន នៅមុខឆាកបានសប្បាយរីករាយ។ ឥឡួវ ពេលបូនីកា ពិបាកចិត្ត កុំថាឡើយដៃគូ MC សូម្បីតែបណ្ដូលចិត្តរបស់នាង លោកដាវីត ក៏លាក់មុខ អត់ទាន់ឃើញចេញមកលួងលោមស្រីស្រស់គួរឲ្យក្នាញ់ម្នាក់នេះ ឲ្យសប្បាយចិត្តឡើងវិញឡើយ ៕
