Thursday, June 25, 2026
Homeព័ត៌មានជាតិអ្នកច្បាប់-អ្នកវិភាគថា មន្រ្តីល្អ តំណែងជាអំរែក មន្រ្តីពូជក្អែក តំណែងជាដុំមាស

អ្នកច្បាប់-អ្នកវិភាគថា មន្រ្តីល្អ តំណែងជាអំរែក មន្រ្តីពូជក្អែក តំណែងជាដុំមាស

ភ្នំពេញ ៖ សហមេធាវីការពារក្ដីលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា «មន្រ្តីល្អ តំណែង គឺជាអំរែក មន្រ្តីពូជក្អែក តំណែង គឺជាដុំមាស» ។ ការប្រៀបធៀបនេះ ជាសារដាស់តឿនក្នុងការជ្រើសរើសមន្ត្រី ឬអ្នកដឹកនាំ ព្រោះបើដាក់មនុស្សខុស (មន្ត្រីពូជក្អែក) គេនឹងប្រើអំណាចកេងប្រវ័ញ្ច ខណៈដែលការដាក់មនុស្សត្រូវ (មន្ត្រីល្អ) គេសុខចិត្តលះបង់រែកពុនការលំបាក ដើម្បីជាតិ ។

លោកស្រីមេធាវី ម៉េង សុភារី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រីថា “មន្រ្តីល្អ តំណែង គឺជាអំរែក  មន្រ្តីពូជក្អែក តំណែង គឺជាដុំមាស“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកស្រីមេធាវី ម៉េង សុភារី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា តួនាទីមន្រ្តី គឺជាអ្នកបម្រើរាស្រ្ត បម្រើផលប្រយោជន៍សាធារណៈ ប៉ុន្តែជាការសង្កេតឃើញពីភាពខុសគ្នា មន្រ្តីខិលខូច (មន្រ្តីពូជក្អែក) យកតំណែងរបស់ខ្លួន ធ្វើបាបប្រជារាស្រ្ត កេងប្រវ័ញ្ច ពុករលួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈដែលមន្រ្តីល្អ បានយកតំណែង មកបម្រើពលរដ្ឋពិតប្រាកដ ព្យាយាមដោះស្រាយបញ្ហាកង្វល់ទាំងឡាយ ជូនប្រជារាស្រ្ត ។ ដូច្នេះជាភាពខុសគ្នារវាងមន្រ្តីល្អ និងមន្រ្តីពូជក្អែក ។

លោកស្រី ម៉េង សុភារី បានមានប្រសាសន៍ថា “តួនាទីមន្រ្តី គឺជាអ្នកបម្រើរាស្រ្ត បម្រើផលប្រយោជន៍សាធារណៈ ។ មន្ត្រីល្អ  តែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់រាស្រ្ត និងយកចិត្តទុក្ខដាក់ស្តាប់មតិយោបល់ ក៏ដូចជាព្យាយាមដោះស្រាយបញ្ហាកង្វល់ទាំងឡាយ ជូនប្រជារាស្រ្ត ។ ផ្ទុយទៅវិញ មន្រ្តីដែលខិលខូច បែរជាយកតួនាទី បុណ្យស័ក្ដិរបស់ខ្លួន ទៅកេងប្រវ័ញ្ច គំរាមកំហែងរាស្រ្ត បង្កើតអំពើអយុត្តិធម៌ ប្រព្រឹត្តអំពើពុករលួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ក្រោមលេសអនុវត្តច្បាប់“ ។

ជុំវិញការលើកឡើងរបស់មេធាវីអតីតមេបក្សប្រឆាំង ខាងលើនេះ អ្នកវិភាគ និងមជ្ឈដ្ឋានបញ្ញវន្ត បានចាត់ទុកជាវោហារសព្ទ ប្រៀបធៀបដ៏មានអត្ថន័យជ្រាលជ្រៅក្នុងសង្គមខ្មែរ ដែលឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រង តម្លៃនៃតួនាទី និងសីលធម៌របស់មន្ត្រីរាជការ ឬអ្នកដឹកនាំ ដោយបានធ្វើការកត់សម្គាល់ចំពោះ “មន្ត្រីល្អ តំណែង ជាអំរែក” ថាគឺជាអ្នកបម្រើការងារល្អ មានសីលធម៌ និងគិតប្រយោជន៍ប្រជាជនជាធំ តែងតែចាត់ទុកតួនាទី និងអំណាចជា “អំរែក” ឬជា “ការទទួលខុសត្រូវ” ដែលត្រូវលីសែងការងាររាប់ពាន់ជំពូក និងរងសម្ពាធទាំងការងារ ទាំងការលះបង់កម្លាំងកាយចិត្ត ដើម្បីសង្គម ។ រីឯ “មន្ត្រីពូជក្អែក តំណែង ជាដុំមាស” មជ្ឈដ្ឋានតាមដាន បានចាត់ទុកជាអ្នកដឹកនាំខិលខូច ឬមន្ត្រីអសកម្ម ដែលតែងតែចាត់ទុកតួនាទី និងអំណាចជា “ដុំមាស” ឬ “ផលប្រយោជន៍ផ្ទាល់ខ្លួន” មិនខ្វល់ពីទុក្ខលំបាករបស់រាស្ត្រឡើយ គឺគិតតែពីប្រមូលផលកម្រៃ កិបកេង និងទាញយកប្រយោជន៍ពីតំណែងនោះ សម្រាប់តែក្រុមគ្រួសារ ឬភាពមានបានរបស់ខ្លួន។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា ការប្រៀបធៀបមន្រ្តីល្អ និងមន្រ្តីពូជក្អែក ជាការប្រៀបធៀបមួយដ៏ល្អ ព្រោះលោកក៏មើលឃើញដូចគ្នានេះដែរ គឺមន្ត្រីល្អ តែងតែយកចិត្តទុកដាក់នៅក្នុងការធ្វើកិច្ចការងារដើម្បីបម្រើប្រជាពលរដ្ឋ ចេះរែកពុន ទូល ដើម្បីដោះស្រាយនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឯមន្រ្តីពូជក្អែក គឺជាមន្រ្តីដែលគិតគូរធ្វើម៉េចរកតែវិធីដើម្បីកិបកេងទ្រព្យសម្បត្តិ ប្រព្រឹត្តអំពើពុករលួយ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនឯង ហើយកាលណាសម្បូរមន្រ្តីពូជក្អែកច្រើន ធ្វើឲ្យមានរឿងអសោចន៍នៅក្នុងសង្គមកាន់តែច្រើន ហើយសោកនាដកម្ម ក៏កាន់តែច្រើនដូចគ្នា ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! ប្រហែលជាចង់ឆ្លុះបញ្ចាំងឲ្យឃើញថា មន្ត្រីល្អ តែងតែយកចិត្តទុកដាក់នៅក្នុងការធ្វើកិច្ចការងារដើម្បីបម្រើប្រជាពលរដ្ឋ ត្រូវចេះរែកពុន ត្រូវចេះទូល ដើម្បីដោះស្រាយនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឯមន្រ្តីពូជក្អែក ធម្មតាក្អែក វាមិនមែនជាសត្វល្អទេ ក្អែកហ្នឹង យើងអាចចាត់ទុកជាសត្វចង្រៃ ព្រោះក្អែកជាទូទៅ វាតែងតែទៅចឹក ទៅញ៉ោះ ទៅធ្វើបាបសត្វដទៃទៀត ហើយក្អែក ក៏មិនជាសត្វដែលស៊ីរបស់ល្អដែរ ។ ដូច្នេះមន្រ្តីពួកក្អែកហ្នឹង គឺជាមន្រ្តីដែលគិតគូរធ្វើម៉េចរកតែវិធីដើម្បីកិបកេងទ្រព្យសម្បត្តិ ហើយកិបកេងក្នុងន័យសម័យបច្ចុប្បន្នហ្នឹង គឺប្រព្រឹត្តអំពើពុករលួយ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនឯង ហើយជាវិបាក គឺកាលណាយើងសម្បូរមន្រ្តីពូជក្អែកច្រើនទៅ វាធ្វើឲ្យប្រទេសយើងហ្នឹងមានរឿងអសោចន៍នៅក្នុងសង្គមកាន់តែច្រើន ហើយសោកនាដកម្មហ្នឹងក៏កាន់តែច្រើនដូចគ្នា ។ ដូច្នេះហើយបានជាគេត្រូវមានយន្តការនៅក្នុងការត្រួតពិនិត្យវាយតម្លៃនូវការអនុវត្តការងារបស់មន្រ្តី ហើយមានចំណាត់ការតឹងរ៉ឺងទៅលើមន្រ្តីដែលខូច មន្រ្តីដែលពុករលួយ ។ ជាការពិត នៅក្នុងសង្គមមួយៗ វាតែងតែមានមន្រ្តីល្អ  មន្រ្តីអាក្រក់ មន្រ្តីមិនល្អ មន្រ្តីបែបពូជក្អែកហ្នឹង ។ ដូច្នេះនៅក្នុងដំណើរអភិបាលកិច្ចហ្នឹង ក៏មានយន្តការនៅក្នុងការពិនិត្យវាយតម្លៃនៃការអនុវត្តការងាររបស់មន្ត្រី ដើម្បីធានាអំពីទាំងគណនេយ្យភាព ប្រសិទ្ធភាព និងជាពិសេសជាងនេះ នីតិរដ្ឋ ការអនុវត្តច្បាប់ ស្មើគ្នាទាំងអស់ មិនថារាស្រ្តឬក៏មន្រ្តីទេ គ្មានអ្នកណាម្នាក់នៅពីលើច្បាប់ ។ បើការធ្វើបែបនេះបាន គឺធានាថា មន្រ្តីយើងជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាអ្នកដែលប្រើប្រាស់អំណាច តួនាទី ដែលទទួលបានហ្នឹង ទៅបំពាន ឬក៏ធ្វើបាបប្រជាពលរដ្ឋ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ» ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “នៅសម័យបច្ចុប្បន្ននេះ គឺប្រជាពលរដ្ឋយើង អាចចូលរួម ទី១ ចូលរួមត្រួតពិនិត្យ តាមដាន វាយតម្លៃការអនុវត្តការងាររបស់មន្ត្រីនីមួយៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីមេភូមិ រហូតទៅដល់អ្នកដឹកនាំកំពូលរបស់ជាតិហ្នឹង ក៏ប្រជាពលរដ្ឋយើងអាចធ្វើបានដែរ ហើយប្រើប្រាស់សិទ្ធិរបស់ខ្លួន នៅក្នុងការបញ្ចេញមតិ ជាការផ្ដល់មតិត្រលប់មកវិញ ដល់មន្រ្តីរបស់ខ្លួន ទាំងការជួបផ្ទាល់ ការផ្ដល់មតិត្រលប់ដោយប្រយោល ការរិះគន់ក្នុងន័យស្ថាបនា ។ ហេតុនេះហើយបានជានៅក្នុងសង្គមប្រជាធិបតេយ្យ សសរស្តម្ភមួយនៃប្រជាធិបតេយ្យហ្នឹង គឺសេរីភាពក្នុងការសេរីភាពបញ្ចេញមតិ ឲ្យប្រជាពលរដ្ឋហ្នឹង វាយតម្លៃ វិនិច្ឆ័យអំពីប្រសិទ្ធភាពនិងគុណភាពនៃការអនុវត្តការងារ ក៏ដូចជាការងាររបស់មន្រ្តី ទៅប្រជាពលរដ្ឋ ។ ហើយយើងឃើញកន្លងមក ក៏មានករណីដូចអភិបាលរងខណ្ឌពោធិ៍សែនជ័យ លោកប៉ាង លីដា នោះ ដែលជាមន្រ្តីជើងជាប់ដី បានចំណាយពេល រហូតដល់ពេលខ្លះ គាត់ចុះទៅចូលរួមធ្វើសកម្មភាពនៅក្នុងការស្ដារប្រឡាយ កាយលូ សម្អាត រំដោះចិញ្ចើមផ្លូវ និងសម្អាតបរិស្ថាន នៅក្នុងខណ្ឌរបស់គាត់នោះ យើងឃើញមានការសាទរ ការទទួលស្គាល់ និងការឲ្យតម្លៃខ្ពស់ ពីប្រជាពលរដ្ឋ ទាំងនៅខណ្ឌរបស់គាត់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ក្នុងរាជធានីភ្នំពេញ និងប្រទេសកម្ពុជា យើងផងដែរ ហើយក៏មានករណីដែលប្រជាពលរដ្ឋយើង រិះគន់មន្រ្តីខ្លះដែលអសកម្ម ឬក៏រំលោភបំពាន ប្រើប្រាស់អំណាចខុសផ្លូវ ទៅជាសម្លុតគំរាម ធ្វើបាបប្រជាពលរដ្ឋ ហើយនិងទាមទារឲ្យមានចំណាត់ការ ដាក់ទោសពៃរ៍ ដូចករណីនគរបាលនៅខេត្តតាកែវ ពីកន្លងមក ហើយចំណុចដែលសំខាន់ជាងគេ គឺអាជ្ញាធរផ្សេងទៀត ដែលស្អាតស្អំហ្នឹង គឺត្រូវបើកចិត្តទូលាយនៅក្នុងការទទួលយកនូវមតិត្រឡប់ ឬក៏ការរិះគន់របស់ប្រជាពលរដ្ឋ ហើយកុំគិតថា ការរិះគន់ ការបង្ហាញពីចំណុចខ្សោយរបស់មន្ត្រីណាម្នាក់ ឬក៏ក្រុមណាមួយហ្នឹង ជាការវាយប្រហារ ឬក៏ជាការប្រឆាំងជាមួយនឹងអាជ្ញាធរ ឬក៏រដ្ឋាភិបាល តាមពិត គួរតែអរគុណប្រជាពលរដ្ឋទេ ដែលគាត់មានសេចក្ដីក្លាហាន និងបើកចិត្តទូលាយនៅក្នុងការផ្ដល់ព័ត៌មាន និងទាមទារឲ្យមានការដោះស្រាយដោយអហិង្សា ដោយបើកចំហ និងតាមច្បាប់ ជាជាងគាត់ប្រើប្រាស់ដំណោះស្រាយបែបហិង្សា ឬក៏ធ្វើឲ្យខូចខាតធ្ងន់ដល់អ្នកដទៃទៀត និងសង្គមទាំងមូល“ ។

ជាមួយគ្នានោះដែរ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា លោកចង់ឃើញមន្រ្តីល្អ ដែលមានការទទួលខុសត្រូវ ជាមន្រ្តីដែលហ៊ានពុះពារការលំបាក ដើម្បីដោះស្រាយបញ្ហាជូនជាតិ ជូនប្រជាពលរដ្ឋ ដើម្បីសង្គមរបស់យើង មានភាពស្អាតស្អំ និងមានអនាគតរុងរឿង ។ រីឯមន្រ្តីពូកក្អែក ដែលយកតំណែង គឺជាដុំមាស គួរតែត្រូវបានលុបបំបាត់ ដើម្បីស្ដារនូវមុខមាត់និងកិត្តិយសប្រទេស កុំឲ្យមន្រ្តីពូជក្អែកនេះ មានឱកាសនៅក្នុងការជញ្ជក់ឈាមសង្គម និងប្រជាពលរដ្ឋ ដើម្បីតែបំពេញនូវប្រយោជន៍ផ្ទាល់ខ្លួន និងក្រុម បក្ខពួក ។

លោក សេក សុជាតិ បានមានប្រសាសន៍ថា “ទាក់ទងជាមួយនឹងទស្សនៈមន្រ្តីល្អ តំណែង គឺជាអំរែក ឬមន្រ្តីល្អ គឺត្រូវបំពេញតួនាទី កាតព្វកិច្ចធ្ងន់ សម្រាប់បម្រើដល់ប្រជាពលរដ្ឋ ហើយនិងប្រទេសជាតិជាធំ ដោយមិនគិតពីផល់ប្រយោជន៍ផ្ទាល់ខ្លួន ហើយចំពោះមន្រ្តីក្អែក យល់ថា តំណែង គឺជាដុំមាស ដោយសារតែពួកគេមានឱកាសនៅក្នុងការយកតំណែងមករកផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុម បក្ខពួក ដូច្នេះហើយគឺពួកគេមិនមានការទទួលត្រូវចំពោះកាតព្វកិច្ចដែលរដ្ឋបានផ្ដល់តំណែងជូនគាត់ទេ ។ ដូច្នេះវាគឺជាការបំផ្លាញសង្គម ហើយនិងបំផ្លាញនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់អំណាច ដែលជាម្ចាស់ប្រទេសហ្នឹង ហើយនិងមន្រ្តីប្រភេទគិតថា តំណែង គឺជាដុំមាស ខ្ញុំគិតថា មន្រ្តីទាំងអស់ហ្នឹង គួរតែរកវិធីដើម្បីបញ្ចប់តួនាទី ដើម្បីឲ្យពួកគាត់ប្រើប្រាស់តំណែងហ្នឹងនៅក្នុងផ្លូវអវិជ្ជមាន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដទៃ ហើយជាពិសេស គឺប៉ះពាល់ទៅដល់មុខមាត់ កិត្តិយស ហើយនិងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ហើយនិងកិត្តិយសជាតិ នៅលើឆាកអន្តរជាតិ អីអ៊ីចឹងជាដើម ។ ដូច្នេះសរុបមកវិញ យើងចង់ឃើញមន្រ្តីដែលមានការទទួលខុសត្រូវ ជាមន្រ្តីដែលហ៊ានពុះពារការលំបាក ដើម្បីដោះស្រាយបញ្ហាជូនជាតិ ជូនប្រជាពលរដ្ឋ ជូនប្រទេស ដើម្បីសង្គមរបស់យើង មានភាពស្អាតស្អំ ហើយនិងមានអនាគតរុងរឿង ហើយមន្រ្តីពូកក្អែក ដែលយកតំណែង គឺជាដុំមាសនេះ គួរតែត្រូវបានលុបបំបាត់ ដើម្បីស្ដារនូវមុខមាត់និងកិត្តិយសប្រទេសយើង កុំឲ្យមន្រ្តីពូក្អែកនេះ មានឱកាសនៅក្នុងការជញ្ជក់ឈាមសង្គម ហើយនិងប្រជាពលរដ្ឋ ដើម្បីតែបំពេញនូវប្រយោជន៍ អត្ថប្រយោជន៍ផ្ទាល់ខ្លួន ហើយនិងក្រុមបក្ខពួក“ ៕ កុលបុត្រ

RELATED ARTICLES