ខេត្តតាកែវ ៖ រថយន្តសាំងយ៉ុង ១គ្រឿង លួចដឹកប្រហិតសាច់ក្ដាមគីមី ចំនួន ៤១៦កេស ស្មើនឹង ៤១៦០គីឡូក្រាម នាំចូលពីប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញ ចាប់យកមកដុតកម្ទេចចោល។

កម្លាំងជំនាញសាខាគយនិងរដ្ឋាករខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញសាខា ក.ប.ប. ខេត្ត បានធ្វើការបង្រ្កាប និងឃាត់រថយន្តដឹកទំនិញគ្មានច្បាប់អនុញ្ញាត មួយគ្រឿង លួចដឹកប្រហិតសាច់ក្ដាម ចំនួន ៤១៦កេស ស្មើនឹង ៤១៦០គីឡូក្រាម ពិនិត្យរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ (បូរ៉ាក់) លួចនាំចូលពីប្រទេសវៀតណាម តាមភូមិជ្រោយពេន ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ យកមកដុតបំផ្លាញចោល នៅទីលានចាក់សំរាម ក្នុងក្រុងដូនកែវ ខេត្តតាកែវ ។

លោក លៀង សុភា ប្រធានសាខា ក.ប.ប. ខេត្តតាកែវ បានឱ្យដឹងថា សារធាតុគីមីហាមឃាត់ (បូរ៉ាក់) គឺមានផលប៉ះពាល់ អាចបង្កឲ្យមានជំងឺរបកស្បែក ប្រគ្រីវកាច់ ខ្សោយតម្រងនោមដែលអាចនាំឲ្យខូចតម្រង នោមធ្ងន់ធ្ងរ ឈឺសន្លាក់និងឆ្អឹង ប៉ះពាល់ដល់ប្រព័ន្ធក្រពះ ពោះវៀន ចង្វាក់ដង្ហើមថយចុះ ប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូង ខូចថ្លើម និងប្រព័ន្ធប្រសាទ៕



