Friday, June 26, 2026
Homeសេដ្ឋកិច្ចជាតិស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បាន ៥៣ភាគរយ

ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បាន ៥៣ភាគរយ

ភ្នំពេញ ៖ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេ ចបានលទ្ធផល ៥៣,៨១ភាគរយហើយ។ ស្ពាននេះ មានរយៈពេលសាងសង់៤៨ខែ (គ្រោងបញ្ចប់អំឡុងឆ្នាំ២០២៨)។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា ស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ បើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលកាលណោះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

លោក ផន រឹម បញ្ជាក់ថា គម្រោងស្ពាន ដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើត ស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថីស៊ីជីនពីង (ក្រ វាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើត ភ្ជាប់ទៅផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមស្នើដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹក ជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ចៀស វាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាននិងផ្លូវក្បាលស្ពាន សរុប ៖ ៣៧០០ម៉ែត្រ ដែលក្នុងនោះ តួស្ពាន មានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២ ១០០ម៉ែត្រ ទទឹងផ្លូវ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ៕

RELATED ARTICLES