ភ្នំពេញ ៖ ទីតាំងស្តុកឈើអារឈើធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមផ្លូវ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កើតមានយូរខែឆ្នាំកន្លងមកហើយ នៅក្នុងទឹកដីខណ្ឌសែនសុខ ទើបតែអាជ្ញាធរថ្នាក់សង្កាត់ ខណ្ឌ ភ្ញាក់ខ្លួនព្រើត បន្ទាប់ពីប្រទះឃើញដំណើរការអាជីវកម្មគគ្រឹកគគ្រេងពេលដែលអាជ្ញាធរចុះពិនិត្យផ្លូវប្រឡាយទឹកក្បែរនោះ ។
តាមប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានឲ្យដឹង និងលើកឡើងថា សិប្បកម្មឃ្លាំងស្តុកអារឈើធំខាងលើ កើតមានយូរមកហើយ ដែលនៅក្នុងរាជធានីភ្នំពេញ ក៏ប៉ុន្តែ ត្រង់ថាមានច្បាប់ ឬអត់ច្បាប់នោះ មិនដឹងទេ។ កម្មករបម្រើការងារភាគច្រើនជាជនបរទេស ហើយម្ចាស់ថៅកែទីតាំងសង្ស័យក៏មិនតូចដែរ ទើបបើកទ្រង់ទ្រាយធំបែបនេះ ។
តែទោះជាយ៉ាងណាក្តី ទីតាំងខាងលើ ក្រោយពីអាជ្ញាធរសង្កាត់ ខណ្ឌ ប្រទះឃើញ ហើយត្រូវបានលោកប៉ឹល កុសល អភិបាលខណ្ឌ និងប្រតិភូអមដំណើរ បានឲ្យដឹងថា អាជ្ញាធរខណ្ឌមិនដឹងថា ទីតាំងចំណុចនេះមានសិប្បកម្មឃ្លាំងស្តុកអារឈើឡើយ ទើបតែប្រទះឃើញ ភ្ញាក់ខ្លួនព្រើត ។
លោកអភិបាលខណ្ឌ បានប្រាប់អ្នកសារពត៌មានឲ្យដឹងថា សិប្បកម្មខាងលើចំពោះមានច្បាប់ ឬអត់ច្បាប់ អាជ្ញាធរមិនទាន់ដឹងច្បាស់នៅឡើយ រង់ចាំអោយក្រុមការងារចុះទៅត្រួតពិនិត្យជាមុនសិន ។ ចម្លើយរបស់លោកអភិបាលខណ្ឌបែបនេះ ធ្វើឲ្យមហាជនងឿងឆ្ងល់ កើតមានយូរហើយ អាជ្ញាធរឆ្លើយថាអត់ដឹង អត់ច្បាប់ មានច្បាប់ អត់ដឹង រង់ចាំសាកសួរទៅខាងជំនាញរដ្ឋបាលព្រៃឈើទៅវិញ កុំឲ្យពលរដ្ឋថាអាជ្ញាធរមិនដឹងទៅបានហើយ ៕