ខេត្តមណ្ឌលគិរី ៖ យុវតី យ៉ុង ស្រីនីត រស់នៅខេត្តមណ្ឌលគិរី ដែលមានភាពល្បីល្បាញ ព្រោះតែស្នាមញញឹម និងសម្រស់ពីធម្មជាតិរបស់នាង រហូតធ្វើឱ្យមហាជនជាច្រើន បានចាប់អារម្មណ៍ស្គាល់ និងត្រូវបានអ្នកឧកញ៉ា ស្រី ចាន់ថន ទទួលយកជាកូនធម៌ ថែមទៀតនោះ ក្រោយពីបាត់មុខ រយៈពេលជិត ៥ឆ្នាំ ស្រាប់តែមានដំណឹងថា នាងបានទទួលមរណភាពហើយ កាលពីវេលាទៀបភ្លឺ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយជំងឺសួត និងបេះដូង ក្រោយសម្រាលកូនបានជិត ២ខែ។

តាមប្រភព័ត៌មាន បានឱ្យដឹងថា យុវតី យ៉ុង ស្រីនីត បានស្លាប់ កាលពីវេលាទៀបភ្លឺ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងវ័យ១៧ឆ្នាំ ដោយសារជំងឺសួត និងជំងឺបេះដូង។ អ្វីដែលគួរឱ្យសង្វេគថែមទៀតនោះ គឺយុវតីយ៉ុង ស្រីនីត ទើបនឹងសម្រាលកូនបានជិត ២ខែប៉ុណ្ណោះ បែរជាលាចាកលោកចោលកូនតូច។

អ្នកឧកញ៉ា ស្រី ចាន់ថន ត្រូវជាឪពុកធម៌របស់យុវតី យ៉ុង ស្រីនីត ដែលធ្លាប់ផ្គង់ផ្គង់ជីវភាពរស់នៅ ផ្តល់ទាំងការងារ រហូតដល់សង់ផ្ទះឱ្យបានស្នាក់នៅសមរម្យផងនោះ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ លោកបានប្រ កាសទទួលរ៉ាប់រងពិធីបុណ្យសពកូនស្រីធម៌ រូបនេះទាំងស្រុង។

អ្នកឧកញ៉ា ស្រី ចាន់ថន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់លោក នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ថា “ស្របពេលខ្ញុំជាប់ទៅបំពេញបេសកកម្មនៅ ម៉ាឡេស៊ី ក៏ទទួលបានដំណឹងនេះ ពីគ្រួ សាររបស់ស្រីនីត ខ្ញុំពិតជាសោកស្តាយ និងចូលរួម រំលែកទុក្ខនេះផង ជាតិក្រោយ កុំឱ្យអាយុខ្លីបែបនេះទៀតណាកូន…”។

អ្នកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា “ចំពោះការចំណាយក្នុងពិធីបុណ្យសពកូនស្រី នីត ខ្ញុំបាទ សូមជាអ្នករ៉ាប់រងទាំងអស់…”។
ដោយឡែក តារាកំប្លែង លោកចែម ចាន់រ៉ា ហៅនាយពាក់មី បានបង្ហាញនូវការភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់យុវតី យ៉ុង ស្រីនីត។

នាយពាក់មី បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកថា “បាត់ក្មួយមួយរយៈធំ ឮដំណឹងថាក្មួយមានការងារធ្វើល្អហើយ ឥឡូវស្រាប់តែឃើញព័ត៌មានក្មួយមានជំងឺដែលមិនអាចជួយបាន ពូសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងក្មួយ…”។

គួរបញ្ជាក់ថា យុវតី យ៉ុង ស្រីនីត ត្រូវបានមហាជនស្គាល់និងចាប់អារម្មណ៍ សរសើរមិនដាច់ពីមាត់ ដោយសារ តែនាងមានរូបសម្រស់ស្អាតបែបធម្មជាតិ ទោះបីជានាងមានសម្បុរស្បែកខ្មៅ ប៉ុន្តែនាងមានកែវភ្នែកមុតថ្លា ទម្រង់មុខស្រស់ស្អាត ដោយមិនបាច់កែកុន ពិសេស មានស្នាមញញឹមយ៉ាងស្រស់និងទាក់ទាញ។ ជាអកុសល យុវតីរូបស្រស់ម្នាក់នេះ បែរជាលាចាកលោកទៅ ទាំងវ័យក្មេងខ្ចី ក្នុងវ័យត្រឹមតែ១៧ឆ្នាំ ហើយអ្វីដែលធ្វើឱ្យមហាជនក្តុកក្តួលរំជួលចិត្ត និងស្រណោះបំផុតនោះ គឺនាងទើបតែសម្រាលកូន បានជិត ២ខែប៉ុណ្ណោះ បែរជាត្រូវតែចាកចោលកូនតូច ដោយគ្មានថ្ងៃវិលត្រឡប់ឡើយ៕ ដារិទ្ធ


