Tuesday, May 5, 2026
Homeសង្គម និងជីវិតនាយឆ្លាំង ឈឺកាន់តែធ្ងន់ ប្រពន្ធអំពាវនាវពេទ្យទេវតាជួយ

នាយឆ្លាំង ឈឺកាន់តែធ្ងន់ ប្រពន្ធអំពាវនាវពេទ្យទេវតាជួយ

ភ្នំពេញ ៖ ខណដែលស្ថានភាពជំងឺរបស់នាយឆ្លាំង វិវត្តទៅរកភាពកាន់តែធ្ងន់ ទាំងប្រពន្ធ និងមិត្តភក្ដិរបស់លោក បានប្រកាសស្វែងរកជំនួយពីសប្បុរសជនគ្រប់ទិសទី ជាពិសេស អ្នកនៅក្នុងសិល្បៈ និងអ្នកគាំទ្រសិល្បៈ ព្រោះទន្ទឹមនឹងការធ្លាក់ខ្លួនឈឺធ្ងន់ ក្រុមគ្រួសារនាយឆ្លាំង ក៏កំពុងជួបប្រទះការខ្វះខាតខ្លាំងនៅក្នុងជីវភាព ។ ដូច្នេះការប្រកាសរកអំណោយមនុស្សធម៌នេះ ដើម្បីជួយដល់ការព្យាបាល និងការរស់នៅប្រចាំថ្ងៃ របស់ក្រុមគ្រួសារនាយឆ្លាំង ជាពិសេស បើមានគ្រូពេទ្យទេវតាជួយព្យាបាល នឹងមានសង្ឃឹមច្រើន ។
តាមប្រភពអ្នកសិល្បៈ បានឲ្យដឹងថា យោងតាមព័ត៌មានថ្មីៗ នៅដើមខែឧសភា ឆ្នាំ២០២៦ នេះ ស្ថានភាពសុខ ភាពរបស់តារាកំប្លែងជើងចាស់ នាយឆ្លាំង កំពុងតែមានសភាពធ្ងន់ទៅៗ ដែលធ្វើឱ្យប្រពន្ធ មិត្តភក្តិក្នុងសិល្បៈ និងមហាជន មានការព្រួយបារម្ភយ៉ាងខ្លាំង។ ជំងឺរបស់នាយឆ្លាំង ត្រូវបានរាយការណ៍ថា មានសភាពធ្ងន់ធ្ងរជាងមុន ទើបប្រពន្ធនិងមិត្តភក្តិជិតស្និទ្ធ បានធ្វើការអំពាវនាវដល់សប្បុរសជន ក៏ដូចជាស្វែងរក “ពេទ្យទេវតា” ឬគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ដើម្បីជួយសង្គ្រោះជីវិតតារាកំប្លែងរូបនេះ ខណៈដែលមហាជន មាន ការអាណិតអាសូរ និងការជូនពរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ឱ្យលោកឆាប់ជាសះស្បើយពីជំងឺ ។
លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្តខ្មែរ ដ៏ល្បីល្បាញមួយរូប និងជាម្ចាស់ផលិតកម្ម «កថាជ័យ» (Katha Chey Production) ដែលត្រូវបានស្គាល់យ៉ាងច្បាស់ តាមរយៈការផលិតខ្សែភាពយន្តអប់រំនិងសង្គម ព្រមទាំងមានឆន្ទៈខ្ពស់ក្នុងការលើកស្ទួយវិស័យភាពយន្តជាតិនោះ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានយកទំព័របណ្ដា ញសង្គម ហ្វេសប៊ុក របស់ខ្លួន បង្ហោះនូវរូបភាពស្គមស្លេកស្លាំងរបស់នាយឆ្លាំង ដែលត្រូវជាមិត្តភក្ដិរបស់ខ្លួន ភ្ជាប់ជាមួយការលើកឡើងជាសារអំពាវនាវថា “បើសិនខ្ញុំជាអ្នកមាន បើសិនខ្ញុំជាគ្រូពេទ្យ ខ្ញុំអាចជួយមិត្តខ្ញុំបានច្រើនជាងនេះ តែពេលនេះខ្ញុំបានត្រឹមស្រែកដង្ហោយហៅតាមហ្វេសប៊ុក រកអ្នកជួយនាយឆ្លាំង“ ។
បន្ថែមពីលើនេះ លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ពីស្ថានភាពជំងឺរបស់នាយឆ្លាំង ថា តារាកំប្លែងរូបនេះ ឈឺ ធ្ងន់មែនទែនហើយ ដោយមានច្រើនមុខ រួមមាន ជំងឺសួត ជំងឺទឹកនោមផ្អែម និងថែមរលាកបំពង់ក បណ្ដាល ឲ្យដុនដាបខ្លាំង នៅក្នុងដំណាក់ចុងក្រោយនេះ ហូបបាយមិនបាន ៤ថ្ងៃហើយ ។ ដូច្នេះបើបងប្អូនណាដែលមានចិត្តអាណិតស្រលាញ់គាត់ អាចចូលរួមជួយតាមសទ្ធា តាមរយៈភរិយារបស់គាត់ ។

ក្រៅពីប្រកាសអំពាវនាវ លោកហ៊ុយ យ៉ាឡេង ក៏បានស្នើអ្នកលេងបណ្ដាញសង្គម ជួយស៊ែរចែករំលែកព័ត៌មាននាយឆ្លាំង ឈឺកាន់តែធ្ងន់នេះ ទៅឲ្យបានដឹងគ្រប់គ្នាផង ក្រែងមានពេទ្យទេវតា ជួយឲ្យគាត់បានជា ព្រោះពេលនេះ នាយឆ្លាំង មិនបានសម្រាកនៅពេទ្យទេ គឺត្រូវបានក្រុមគ្រួសារយកមកសម្រាកព្យាបាលនៅផ្ទះ នៅឯឧដុង្គ ខេត្តកំពង់ស្ពឺ អស់ជាច្រើនថ្ងៃហើយ ដោយសារគ្មានលទ្ធភាព ។ លោកបន្តថា អ្នកសិល្បៈ ក៏ជាមនុស្សចេះឈឺដូចគ្នាដែរ ដូច្នេះលោកថា បើបងប្អូនស្អប់អ្នកសិល្បៈ ឲ្យតែឈឺលើកដៃសំពះសុំជំនួយនោះ សុំបងប្អូនអូសរំលងចុះ ប៉ុន្តែអ្វីដែលសំខាន់នោះ លោកពិតជាចង់ឃើញការជួយដល់អ្នកសិល្បៈរូបនេះ ដែលធ្លាប់បម្រើអារម្មណ៍មហាជន កាលមិនទាន់ធ្លាក់ខ្លួនឈឺ ។

គួររំលឹកថា នៅក្នុងវិស័យសិល្បៈ អ្នកគាំទ្រក្មេងចាស់ ប្រុសស្រី ដែលនិយមទស្សនារឿងកំប្លែង ជាពិសេស ការសម្តែងរបស់ក្រុមនាយក្រឹម ច្បាស់ជាបានស្គាល់ នាយឆ្លាំង មិនខាន ដែលលោកជាសមាជិកក្រុមកំប្លែងរបស់នាយក្រឹម។ កន្លងមក នាយឆ្លាំង ទទួលបានប្រជាប្រិយភាពមិនចាញ់សមាជិកក្រុមដទៃនោះឡើយ ខណៈលោកជាតារាកំប្លែងមួយរូប ដែលពោរពេញដោយសមត្ថភាព និងបង្កើតសំណើចដល់អ្នកទស្សនា។ យ៉ាងណា ថ្មីៗនេះ មហាជនបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានការបង្ហោះពីសុខទុក្ខរបស់នាយឆ្លាំង នៅពេលនេះ កំពុងឈឺធ្ងន់ ស្គមស្គាំងខ្លាំង ប្រៀបដូចមនុស្ស ២នាក់ផ្សេងគ្នា ។
នៅពេលធ្លាក់ខ្លួនឈឺ ស្គមស្គាំង និងសម្រាកនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ បង្កការភ្ញាក់ផ្អើល និងចូលរួមអាណិតអាសូរពីអ្នកសិល្បៈ និងជនរួមជាតិគ្រប់គ្នា រួមទាំងថ្នាក់ដឹកនាំដែលធ្លាប់បានឃើញការសម្ដែងរបស់នាយឆ្លាំង បម្រើឲ្យប្រយោជន៍សង្គម និងការលើកកម្ពស់វប្បធម៌ជាតិផងនោះ សម្ដេច ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកា ចំនួន២០លានរៀលផងដែរ ដើម្បីសម្រួលការព្យាបាលជំងឺរបស់នាយឆ្លាំង ដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពគ្រួសារ ៕ កុលបុត្រ

RELATED ARTICLES