ខេត្តកណ្តាល ៖ ក្មេងទំនើង ១ក្រុម មានគ្នា៦នាក់ ប្រដាប់ដោយដាវកាំបិត បានធ្វើសកម្មភាពព្រួតកាប់ទៅលើយុវជនម្នាក់ ដែលជាគូទំនាស់ចាស់ តែត្រូវជនរងគ្រោះរត់គេចទាន់ នាំគ្នាកាប់បំផ្លាញម៉ូតូជនរងគ្រោះ បណ្តាលឱ្យខូចខាត បន្ទាប់មកបាននាំគ្នារត់គេចខ្លួនបាត់អស់។ លុះក្រោយមក កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវ ជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ចំនួន៣នាក់ ខណៈបក្ខពួក ៣នាក់ទៀត បានរត់គេចបាត់។

ករណីហិង្សាបង្កឡើងដោយក្មេងទំនើងនេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចក្រោយសាលារៀនសុវណ្ណភូមិ ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ រហូតមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់។
ជនរងគ្រោះ មានឈ្មោះថា ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិអាចម៍កុក សង្កាត់កំ ពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យ មនចំនួន៦នាក់ រួមមាន ទី១-ឈ្មោះឃុន ខុនគីមូន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។ ទី២-ឈ្មោះបែន ចេស្តា ហៅនាថ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស មានលំនៅ ភូមិតាងួន សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះង្វៀង យ៉ាំងលឿង ហៅជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរសិស្ស មានលំនៅ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។ ទី៤-ឈ្មោះចាន់ សុវណ្ណបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រែ ករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។ ទី៥-ឈ្មោះគី ប៊ុនដារ៉ា ហៅបុត្រ ហៅហ៊ុប ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេច ខ្លួន) និងទី៦-ឈ្មោះនុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រែកសំរោង សង្កាត់តា ខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។

ចំពោះវត្ថុតាងចាប់យក រួមមាន ៖ ១-កាប់បិតផ្គាក់ផ្លែដែក ដងឫស្សី ១ដើម (ជារបស់ជនសង្ស័យ)។ ២-ម៉ូតូម៉ាក SUZUKI NEX ពណ៌សលាយក្រហម ពាក់ផ្លាកលេខ កណ្តាល 1LP-3193 (ជារបស់ជនសង្ស័យ)។ រីឯសម្ភារខូចខាត ៖ ម៉ូតូ១គ្រឿងម៉ាក SUZUKI NEX2 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AD -9823 បែកក្បាល និងកុងទ័រព្រមទាំង ចង្កៀងស្តុបខាងក្រោយ (ជារបស់ជនរងគ្រោះ)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សាដោយចេតនានិងធ្វើឱ្យខូចខាតដោយចេតនា ទៅលើជនរងគ្រោះ ប្រាកដមែន ពីព្រោះខឹងជនរងគ្រោះធ្លាប់ប្រើអំពើហិង្សា ព្រួតវាយទៅលើជនសង្ស័យឈ្មោះឃុន ខុនគីមូន បណ្តាលឱ្យមានរបួសស្នាមត្រង់គុម្ពត្រ ចៀកខាងស្តាំ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅចំណុច មុខហ្សេនដូ ក្រុងតាខ្មៅ។

ជនសង្ស័យ ទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកដែលនៅសេសសសល់ សមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួន ដើម្បីយកមកឱ្យផ្តន្ទាទោសតាមច្បាប់៕