ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្នុងចំនោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាពលួចយកម៉ូតូស្កុបពីមួយគ្រឿង ដែលទុកចោលនៅក្នងផ្ទះ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២អាធ្រាត្រថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅក្នុងផ្ទះលេខ១៦ ភូមិព្រែតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ងៀប ចាន់ធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្សស្នាក់នៅគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ ចំណែកជនសង្សយ័មានឈ្មោះ កង សាមឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅក្រុងតាខ្មៅ មានស្រុក
កំណើតនៅភូមិតាខ្មៅ ឃុំសេរីភាព ខេត្តកណ្តាល និងម្នាក់ទៀតមានឈ្មោះ អ៊ុច បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុការ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល រីឯម្នាក់ទៀតឈ្មោះនេត បានរត់គេចខ្លួនបាត់ ។ ដកហូតបានម៉ូតូម៉ាក ZOOMER X ពណ៌ស បិទស្កុតខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GC-5359 ជារបស់ជនរងគ្រោះ ។
តាមសម្តីកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនពួកគាត់បានឮដំណឹងពីប្រជាពលរដ្ធថា មានជនសង្ស័យទាំង២នាក់នេះ កំពុងតែបណ្តើរម៉ូតូមួយគ្រឿងចេញពីម្តុំរោងចក្រតាក់វ៉ាន់ គួរឲ្យសង្ស័យ ឮដូចនេះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យពីរនាក់កំពុងតែបណ្តើរម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ មួយគ្រឿង ឃើញដូចនេះកម្លាំងសមត្ថកិច្ចបានឃាត់ដើម្បីសួរនាំ ជនសង្ស័យទាំងនោះបាននាំគ្នារត់គេចខ្លួន ហើយភ្លាមនោះកម្លាំងអន្តរាគមន៍ ក៏បានដេញឃាត់បានជនសង្ស័យទាំងពីរនាក់ និងម៉ូតូមួយគ្រឿងយកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីសាកសួរ ទើបដឹងថា ម៉ូតូមួយគ្រឿងនេះ គឺពួកគេបានលួចពីម្តុំផ្ទះលេខ១៦ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ដោយពួកគេមានគ្នាចំនួន៣នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
នៅពេលដែលសមត្ថកិច្ចកំពុងសាកសួរ ស្រាប់តែមានជនរងគ្រោះជាម្ចាស់ម៉ូតូបានដើររក
ម៉ូតូរបស់ខ្លួន រួចហើយបានទៅដាក់ពាក្យបណ្តឹង ក៏ស្រាប់តែប្រទះឃើញម៉ូតូរបស់ខ្លួន នៅប៉ុស្តិ៍នគរបាល រួមទាំងជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចកំពុងសាកសួរ ទើបដឹងថា ម៉ូតូរបស់គេត្រូវបានសមត្ថកិច្ចរកឃើញមកវិញ ព្រមទាំងចាប់បានជនសង្ស័យផងដែរ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើចំណែកជនសង្ស័យត្រូវបានសមកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ធានខណ្ឌមានជ័យ៕