ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ បានបើករថយន្តឡិចស៊ីស GX300 មួយគ្រឿង ធ្វើដំណើរតាមផ្លូវ ក៍ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ជ្រុលទៅកៀរ បណ្តាលឲ្យរងការខូចខាតតិចតួច តែពេលនោះខាងម៉ូតូបានចោទថា ខាងរថយន្តជាអ្នកបង្ក ធ្វើឲ្យស្ត្រីម្នាក់ចុះពីលើរថយន្ត កាន់កាំភ្លើងមកគំរាមរូបគាត់ជាអ្នកបើកម៉ូតូ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ទុល់មុខភោជនីដ្ធានបីប្រាំដើម ផ្លូវព្រះមុនីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធពីរនាក់បានបើករថយន្តម៉ាកឡិចស៊ីស GX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AG-5545 បានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BW-9252 បានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅស្របគ្នា តែអ្នកបើកម៉ូតូស្រវឹង រួចហើយបើកជែងរថយន្តខាងស្តាំ ក៍ជ្រុលទៅកៀររថយន្ត បណ្តាលឲ្យរថយន្ត រងការខូចខាត ធ្លាក់កាងមុខចំហៀងខាងស្តាំបន្តិច ។
ដោយឡែកខាងម៉ូតូវិញរងការខូចខាតតិចតួច ចំណែកមនុស្សរងរបួសរលាត់ដៃរលាត់ជើង រងរបួសស្រាល។ ដោយឡែកប្រភពពីខាងម៉ូតូវិញបានឲ្យដឹងថា ខាងរថយន្តជាអ្នកបើកមកកៀរម៉ូតូរបស់គាត់ ហើយភ្លាមនោះដែរ ស្ត្រីជាប្រពន្ធបានចុះពីលើរថយន្ត រួចហើយបានកាន់កាំភ្លើងខ្លី មិនស្គាក់ម៉ាក មកគំរាមរូបគាត់ជាអ្នកបើកម៉ូតូ ដោយបាននិយាយថា ឯងស្គាល់ប្តីអញ់អត់ឃើញដូចនេះហើយ ទើបរូគាត់ខឹងសម្បាកើតជាជម្លោះពាក្យសម្តីបន្តិចបន្តួច ។
ដោយឡែក ប្រភពពីខាងរថយន្តវិញ បាននិយាយថា នៅពេលបង្កគ្រោះថ្នាក់រួចហើយ រូបគាត់ជាប្តីបានចុះពីលើរថយន្តទៅជួយលើក និងបម្រុងយកថ្នាំទៅជូតរបួសឲ្យជនរងគ្រោះ ចំណែកប្រពន្ធរបស់គាត់បានកាន់កាបូបរបស់គាត់ទៅជាមួយ និងមិនបានគំរាមដកកាំភ្លើងនោះទេ ។
ចំណែកប្រភពពីប្រជាពលរដ្ធដែលឃើញហេតុការណ៍វិញ បាននិយាយថា ពួកគាត់ពិតជាឃើញស្ត្រីជាប្រពន្ធខាងរថយន្តបានចុះពីលើរថយន្ត រួចហើយបានកាន់កាំភ្លើងមកគំរាមខាងម៉ូតូពិតមែន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ធានបានចុះទៅដល់កន្លែងកើតហេតុ ហើយបាន
អោយភាគីទាំងសងខាងសុំមិននិយាយរឿងអាវុធ ពីព្រោះសុទ្ធតែជាអ្នកធ្វើការដូចគ្នា ហើយឲ្យមកនិយាយរឿងចរាចរណ៍វិញម្តង ដោយខាងម៉ូតូទារសំណងថ្លៃព្យាបាលរបួស និងជួសជុលម៉ូតូ ចំនួន៥០ដុល្លារ តែខាងរថយន្តអត់ព្រម គឺសុំស្មើគ្នា ដោយសារតែការសម្របសម្រួលគ្នាអត់ត្រូវអាងអំនួតរៀងខ្លួន រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕