ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បានបើកត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន ក៍ស្រាប់តែមានបុរស២នាក់ ចេញពីផឹកស៊ីស្រវឹងទោរទន់ បានជិះម៉ូតូជ្រុលទៅបុកពីក្រោយរថយន្ត ពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ចំណុចផ្លូវ២៧១ កែងនិងផ្លូវ៤៨០សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីចំនួន៤នាក់ រួមទាំងក្មេងប្រុសម្នាក់បានបើករថយន្តម៉ាកហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2257 បានធ្វើដំណើតាមផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើត បានបត់ឆ្វេងត្រឡប់ក្រោយ ខណៈពេលរថយន្តបត់បានពាក់កណ្ដាលផ្លូវ ក៍ស្រាប់តែបុរស២នាក់ មិនដឹងថាចេញពីផឹកស៊ីនៅទីណានោះទេ បានជិះម៉ូតូម៉ាក MD ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CG-8640 ធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅស្របគ្នា តែខាងម៉ូតូបានជិះនៅចំណីផ្លូវរបស់គេម្ខាងទៀត ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងបានជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យបើកម៉ូតូរងរបួសដាច់មុខដាច់មាត់និងពកក្បាលសន្លប់ស្តូកស្តឹង មួយសន្ទុះ ក៍ដឹងខ្លួនវិញ ចំណែកអ្នកអង្គុយខាងក្រោយរងរបួសស្រាល បានរត់គេចខ្លួនបាត់ ។ ដោយឡែកខាងរថយន្តរងការខូចខាតបែកស្តុបខាងក្រោយចំហៀងខាងឆ្វេង និងកាងខាងក្រោយបន្តិច។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តបានសងទៅខាងម៉ូតូ ចំនួន២០ដុល្លារ ដើម្បីបញ្ចប់រឿង៕