Wednesday, September 24, 2025
Homeព័ត៌មានជាតិជិះម៉ូតូបុកស្រ្តីឈរចាក់សាំង ដួលបាក់ធ្មេញមុខអស់មួយ រួចទៅប៉ះរថយន្ត ប៉ូលិសខណ្ឌមានជ័យនិងខណ្ឌទួលគោក រុញឲ្យគ្នាទៅវិញទៅមក

ជិះម៉ូតូបុកស្រ្តីឈរចាក់សាំង ដួលបាក់ធ្មេញមុខអស់មួយ រួចទៅប៉ះរថយន្ត ប៉ូលិសខណ្ឌមានជ័យនិងខណ្ឌទួលគោក រុញឲ្យគ្នាទៅវិញទៅមក

ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់សាំងម្នាក់​​ ដើរ​ឆ្លង​ផ្លូវ​យកសាំង​ទៅចាក់ឲ្យអ្នកទិញ ត្រូវបុរសម្នាក់ជិះ​ម៉ូតូ​ក្នុងស្ថានភាពស្រវឹងស្រាបុកដួលបាក់ធ្មេញមុខអស់មួយ​ ហើយម៉ូតូខ្ទាតទៅប៉ះរថយន្តមួយគ្រឿង​ទៀត ហេតុការណ៍នេះ​បាន​កើត​ឡើង​នៅវេលាម៉ោង​៩និង៣០នាទី​យប់​ ថ្ងៃទី​២៩​ ខែសីហា​ ឆ្នាំ២០១៧ ​ជិត​​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ផ្លូវ​ព្រះមុនីរ៉េត​ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ ។

​តាមប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ស្ត្រី​ជាអ្នក​លក់​សាំង​ដប​ម្នាក់​ បាន​ដើរ​ឆ្លង​កាត់ទទឹងផ្លូវ​ ពី​ត្បូងទៅជើង​ ដើម្បី​យក​សាំង​មក​ចាក់​ឲ្យ​អ្នកទិញ ខណៈ​ដែល​កំពុង​តែឈរ​ចាក់​សាំង​ ក៍ស្រាប់តែ​បុរស​ម្នាក់​បានជិះម៉ូតូ​ធំ​ ម៉ាក​ FZ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1FA-8451 ​ធ្វើដំណើរតាមផ្លូវ​ព្រះមុនីរ៉េត​ ក្នុ​ងទិសដៅ​ពី​កើតទៅលិច​ ក្នុង​ល្បឿនលឿន​ ព្រមទាំង​ស្រវឹង​ផងនោះ​ ក៍ជ្រុលទៅបុកស្ត្រី​ដែល​កំពុង​តែឈរ​ចាក់​សាំង​ បណ្តាល​ឲ្យ​ដួល​រងរបួស​រយះ​ដៃរយះជើង​ និងបាក់​ធ្មេញ​មុខអស់​មួយ​  ត្រូវបាន​អ្នកជិត​ខាង​ជួយ​លើកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យក្បែរនោះ​។

​ប្រភពដដែល​បានបន្ត​ទៀត​ថា​  បន្ទាប់​ពី​ម៉ូតូបុក​ស្ត្រី​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដួល​ហើយ ​​ម៉ូតូ​បង្ក​បានដួល​ជ្រុលទៅ​ប៉ះ​នឹង​រថយន្ត​ម៉ាកហាយ​ឡេនឌ័រ ពណ៌​ទឹក​ប្រាក់​ ​ពាក់ស្លាកលេខ​ភ្នំពេញ​ 2AJ-0641 ដែល​ធ្វើដំណើរស្របទិសគ្នា​ បណ្តាល​ឲ្យ​ម៉ូតូ​និង​រថយន្ត​រងការខូចខាត​តិចតួច​ ចំណែក​អ្នក​បើក​ម៉ូតូ​រងរបួស​ រលាត់ដៃរលាត់ជើង​តិចតួច​ ហើយអ្នកបើកម៉ូតូបង្ក បានចោទ​​ថា​ ខាងរថយន្ត​ជាអ្នកបើក​មក​បុកម៉ូតូ​របស់​គាត់​ នៅពេល​ដែល​គាត់​ដួល​។

​​ក្នុង​ហេតុការណ៍នេះ​ដែរ ភាគី​ទាំង​សងខាង​សម្រួលគ្នា​អត់ត្រូវនោះទេ​ រួចហើយបាន​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​វាស់វែងយក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក ​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ជាក្រោយ ។ លុះពេលនគរបាលខណ្ឌ​ទាំង​ពីរ​ បានចុះ​ទៅដល់កន្លែង​កើតហេតុ​ បានដេញ​ដោល​រឿង​ចែក​ទឹក​ដីគ្នា​ទៅវិញទៅមក ពេល​ខាង​​នគរបាលខណ្ឌ​ទួលគោក ចុះមក​ដល់​ប្រាប់ថា​ កើត​ហេតុនៅ​ទឹក​ដីខណ្ឌមានជ័យ​ ។ ចំនែកនគរបាល​ខណ្ឌមានជ័យ​ បានទៅ​ដល់​កន្លែង​កើតហេតុ​ ​បែរជានិយាយថា នៅ​ទឹក​ដី​​ទួលគោក​ ។ គ្រាន់តែនគរបាលទាំងពីរខណ្ឌរុញគ្នាទៅវិញទៅមកថាជាទឹកដីអ្នកនេះអ្នកនោះចំណាយជាង១​ម៉ោង​  ទើប​ដឹង​ច្បាស់​ថា​ កើតហេតុ​នៅទឹកដី​ខណ្ឌ​ទួលគោក​។

ក្រោយពេលកើតហេតុ​ រថយន្ត​និង​ម៉ូតូ​ត្រូវ​បានសមត្ថកិច្ច​ជំនាញមកធ្វើការ​វាស់វែងយកទៅ​រក្សា​ទុកនៅ​ការ​រិយាល័យ​ចរាចរណ៍​ជើង​គោក​ ដើម្បី​រងចាំ​ធ្វើ​ការ​ដោះស្រាយ​  ៕

RELATED ARTICLES