ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់សាំងម្នាក់ ដើរឆ្លងផ្លូវយកសាំងទៅចាក់ឲ្យអ្នកទិញ ត្រូវបុរសម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រាបុកដួលបាក់ធ្មេញមុខអស់មួយ ហើយម៉ូតូខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីជាអ្នកលក់សាំងដបម្នាក់ បានដើរឆ្លងកាត់ទទឹងផ្លូវ ពីត្បូងទៅជើង ដើម្បីយកសាំងមកចាក់ឲ្យអ្នកទិញ ខណៈដែលកំពុងតែឈរចាក់សាំង ក៍ស្រាប់តែបុរសម្នាក់បានជិះម៉ូតូធំ ម៉ាក FZ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FA-8451 ធ្វើដំណើរតាមផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះ ក៍ជ្រុលទៅបុកស្ត្រីដែលកំពុងតែឈរចាក់សាំង បណ្តាលឲ្យដួលរងរបួសរយះដៃរយះជើង និងបាក់ធ្មេញមុខអស់មួយ ត្រូវបានអ្នកជិតខាងជួយលើកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីម៉ូតូបុកស្ត្រីជនរងគ្រោះបណ្តាលឲ្យដួលហើយ ម៉ូតូបង្កបានដួលជ្រុលទៅប៉ះនឹងរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-0641 ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យម៉ូតូនិងរថយន្តរងការខូចខាតតិចតួច ចំណែកអ្នកបើកម៉ូតូរងរបួស រលាត់ដៃរលាត់ជើងតិចតួច ហើយអ្នកបើកម៉ូតូបង្ក បានចោទថា ខាងរថយន្តជាអ្នកបើកមកបុកម៉ូតូរបស់គាត់ នៅពេលដែលគាត់ដួល។
ក្នុងហេតុការណ៍នេះដែរ ភាគីទាំងសងខាងសម្រួលគ្នាអត់ត្រូវនោះទេ រួចហើយបានឲ្យសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយជាក្រោយ ។ លុះពេលនគរបាលខណ្ឌទាំងពីរ បានចុះទៅដល់កន្លែងកើតហេតុ បានដេញដោលរឿងចែកទឹកដីគ្នាទៅវិញទៅមក ពេលខាងនគរបាលខណ្ឌទួលគោក ចុះមកដល់ប្រាប់ថា កើតហេតុនៅទឹកដីខណ្ឌមានជ័យ ។ ចំនែកនគរបាលខណ្ឌមានជ័យ បានទៅដល់កន្លែងកើតហេតុ បែរជានិយាយថា នៅទឹកដីទួលគោក ។ គ្រាន់តែនគរបាលទាំងពីរខណ្ឌរុញគ្នាទៅវិញទៅមកថាជាទឹកដីអ្នកនេះអ្នកនោះចំណាយជាង១ម៉ោង ទើបដឹងច្បាស់ថា កើតហេតុនៅទឹកដីខណ្ឌទួលគោក។
ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំធ្វើការដោះស្រាយ ៕