ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ងត៍ខេស៊ីមេន មួយគ្រឿងបានបើកបរក្នុងល្បឿនលឿន ហើយទាក់កង់ក្រោយនឹងថ្មស្ទាក់ផ្លូវ បណ្តាលឲ្យដាច់កង់ទាំងគូ រួចទាញចង្កូចក្រឡាប់ចាក់ស៊ីម៉ងត៍ចោល ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមផ្លូវលេខ៤២ ក្នុងភូមិបឹងកាចាប់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
រថយន្តដែលជួបគ្រោះថ្នាក់នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ពាក់ស្លាកលេខភ្នំពេញ 3B-7515 បើកបរដោយឈ្មោះព្រំ សារ៉ាវុធ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្រុមហ៊ុនខេស៊ីមេន ដែលមានទីតាំងនៅស្រុកទូកមាស ខេត្តកំពត។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ខាងលើ បើកបរក្នុងល្បឿនលឿន តាមផ្លូវលេខ៤២ ក្នុងទិសដៅពីជើងទៅត្បូង។ នៅពេលធ្វើដំណើរមកដល់ស្ពានកន្លែងកើតហេតុ ខាងត្បូងសាលាសង្កាត់ពន្សាំង ដែលមានគេដាក់លូ២កង់ចាក់ថ្ម ស្ទាក់រថយន្តធុនធ្ងន់ មិនឲ្យឆ្លងកាត់ ស្រាប់តែកង់ក្រោយរថយន្តនោះបានទាក់ថ្ម ហើយដាច់កុងឌៀល រួចទាញចង្កូតក្រឡាប់តែម្តង ។
ប្រភពបានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់គេឃើញជន្ទាសកង់ផ្នែកខាងក្រោយបានដាច់ធ្លាក់នៅរាយប៉ាយ។ ចំណែករថយន្តបានក្រឡាប់បោកចាក់ស៊ីចំនួន១០តោន ទៅខាងស្តាំដៃធ្លាក់ផ្លូវក្បែរមាត់ទឹក។
តាមអ្នកបើកបរបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ខ្លួនបានដឹកស៊ីម៉ងត៍ចំនួន១០តោន ចេញពីក្រុមហ៊ុន នៅស្រុកទូកមាស ខេត្តកំពត យកទៅដាក់ឲ្យម៉ូយនៅជើងភ្នំប្រសិទ្ធិ ។ នៅពេលធ្វើដំណើរតាមផ្លូវដល់ស្ពាន រថយន្តដាច់កុងឌៀលក្រឡាប់តែម្តង។
ក្រោយកើតហេតុដោយសារតែមិនប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវសារធារណៈ ក៏ឲ្យម្ចាស់រថយន្តហៅរថយន្តមួយគ្រឿងផ្សេងទៀត ដើម្បីមកផ្ទេរដឹកស៊ីម៉ងត៍យកទៅឲ្យម៉ូយ បន្ទាប់មករថយន្តបង្កត្រូវម្ចាស់ហៅរថយន្តស្ទូច មកស្ទូចយកទៅដាក់ការ៉ាស់ដើម្បីជួសជុល៕