ភ្នំពេញ ៖ ស្រ្តីកម្សត់ទុរគតម្នាក់ ក្រោយពីលោកប្តីហេងស៊យរត់ចោលតាំងពីនាងពពោះទម្ងន់កូន៥ខែ ទុកឲ្យនាងជាភរិយារស់នៅគ្នានទីពឹង រស់ដោយលំបាកជាមួយការងារលើកលីសែងរហូតដល់ថ្ងៃគ្រប់ខែឈឺពោះ បែកទឹកភ្លោះ គ្មានប្រាក់មួយរៀលសម្រាប់បម្រុងទុក ត្រូវបានប្រជាពលរដ្ឋជួយហៅក្រុមសង្រ្គោះអង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីទុរគតខាងលើ មានឈ្មោះ មុិញ សុភ័ក្រ អាយុ២៨ឆ្នាំ មុខរបរកម្នករលើកលីសែងអង្ករឲ្យគេ គ្រាន់ដូរបាយរស់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើត ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង។
តាមការរៀបរាប់ទាំងទឹកភ្នែករលេងរលោងរបស់ស្រ្តីខាងលើ បានឲ្យដឹងថា ខ្លួនជាកូនកំព្រា ឪពុកម្តាយ គ្មានសាច់ញាតិ ចាកចេញពីស្រុកកំណើតមករកការងារធ្វើនៅរាជធានីភ្នំពេញ តាំងពីខ្លួននៅតូចមកម្លេះ ដោយប្រកបរបរដើរសុីឈ្នួលលើកដាក់អីវ៉ាន់ឲ្យគេ ជួនដើរបេះបន្លែ លក់ គ្រាន់បានកម្រៃដូរបាយហូប រស់នៅទាំងត្រដរ រហូតដល់ចុងឆ្នាំ២០១៦ នឹកថាខ្សែជីវិតរបស់នាងជួបនូវព្រេងសំណាង ជីវភាពបានធូរស្រាលបន្តិចហើយ ក្រោយពីមានបុរសម្នាក់សុំស្នេហ៍ ទទួលនាងធ្វើជាភរិយា ទាំងមិនបានរៀបការឬសែន ពោលបានគ្នាជាប្តីប្រពន្ធឥតខាន់ស្លា ដោយបុរសនោះប្រកបជាកម្មករសំណង់អះអាងថា ខ្លួនពោះម៉ាយ ទើបធ្វើឲ្យនាងជឿ និងទុកចិត្ត ត្បិតកាលបើសន្យាស្ម័គ្រស្មោះយកគ្នាធ្វើជាប្តីប្រពន្ធទៅហើយ សុខចិត្តប្រគល់ខ្លួនប្រាណ ទោះជាការងាររែកពន់ធ្ងន់ ប្រើដោយកម្លាំងយ៉ាងណាក៏ដោយ ច្បាស់ជាជីវភាពធូរស្រាលមួយផ្នែក ដោយសារការងារមានធ្វើទាំង២នាក់ ។
ស្រ្តីខាងលើបន្តទៀតថា ការរស់នៅជាមួយគ្នាអស់រយៈពេល៥ខែ អ្វីៗត្រូវបានបែកធ្លាយស្នេហា រុះរោយ ដោយបុរសរូបនោះ មិនមែនជាពោះម៉ាយទេ គឺជាប្តីរបស់គេនៅឡើយ អ្វីៗត្រូវបានលាតត្រដាងដឹងការពិត ឃើញសភាពមិនស្រួល ប្តីហេងស៊យរូបនោះ គេចចោលបាត់ ទៅរស់នៅជាមួយប្រពន្ធដើមគេវិញ ទុកឲ្យនាងរស់នៅតែលតោលដូចចកអណ្តែតទឹក រេរាទៅតាមខ្យល់បក់ ក្តីស្រមៃត្រូវបានរលាយតាំងពីពេលនោះមក ស្របពេលដែលនាងពពោះទម្ងន់កូនក្នុងផ្ទៃ៥ខែ ខ្សែជីវិតវិលទៅរកភាពដើម តស៊ូការងារដ៏សែនលំបាកក្នុងដំណើរនៃជីវិត រែកពន់ដោយកម្លាំងបាយ រហូតដល់រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ខណៈដែលខ្លួនពោះធំគ្រប់ខែទៅហើយ កំពុងធ្វើការងារគ្រាន់ដូរបាយ ស្រាប់តែកើតមានអាការៈចុកសៀតក្នុងពោះ បែកទឹកភ្លោះ ឈឺពោះសម្រាលកូន ទាំងគ្មានប្រាក់មួយរៀលបម្រុងទុក ពេលនេះហើយ ជីវិតនាងកំពុងដើរឆ្លងមហាសាគរទៀត ។
ស្រ្តីខាងលើ ដោយជួបនូវក្តីលំបាកតោកយ៉ាកវេទនាគ្មានទីពឹង ត្រូវបានអ្នកជិតខាងមើលឃើញនឹងភ្នែក ជួយជាថវិការបន្តិចបន្តួច និងជួយហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។ ដោយជីវិតធ្លាក់មកដល់កម្រឹតក្រខ្សត់ ស្រ្តីខាងលើសុខចិត្តលើកដៃសូមអំពាវនាវដល់សប្បុរសជនមេត្តាជួយដល់រូបនាងផង ៕