ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ខណៈដែលរត់ឌុបសន្សំលុយគ្រាន់បានទៅបុណ្យភ្ជុំបិណ្ឌឯស្រុក ជាគ្រោះអកុសល ក្រោយពីឌុបជូនម៉ូយដល់គោលដៅហើយ បែរជាប៉ះចំចោរប្រើកាំបិតចាក់ធ្លាយពោះវៀនចេញក្រៅសន្លប់ឈឹងនៅកន្លែង ប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុងខាងលិចផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី តែបើតាមអត្តសញ្ញាណបណ្ណនៅជាប់នឹងខ្លួន មានឈ្មោះ ខៀវ សាវី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើត នៅភូមិត្រពាំងវែង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ បាត់ម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ មិនចាំស្លាកលេខ ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេគ្រាន់តែឃើញ ជនរងគ្រោះបានឌុបបុរសម្នាក់ មកឈប់ចតនៅចំណុចខាងលើ ស្មានតែគ្នាគេ គ្មានអ្នកណាចាប់អារម្មណ៍ ម្យ៉ាងមេឃរាងងងឹតផង មិនមិនសូវច្បាស់ មួយសន្ធុះក្រោយមកទើបឃើញភ្លើងម៉ូតូជិះចាកចេញទៅបាត់ រហូតដល់អ្នកដំណើរឆ្លងកាត់ប្រទះឃើញជនរងគ្រោះដេកដួល ក្នុងសភាពរបួសធ្លាយពោះវៀន ទើបនាំគ្នាផ្អើលឆោឡោ សន្និដ្ឋានជាករណីប្លន់យកម៉ូតូ ។
ក្រោយកើតហេតុភ្លាម ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូកង់បីទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ។
ករណីខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅកន្លែងកើតហេតុសាកសួរដំណើររឿងអង្គហេតុ តែពុំមានពលរដ្ឋណាអះអាងឃើញច្បាស់ដែរ តែបើជនរងគ្រោះពេញមួយយប់ទៅហើយ រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ នៅមិនទាន់ដឹងខ្លួន សាច់ញាតិក៏មិនមានវត្តមានមកមើលថៃដែរ ធ្វើឲ្យសមត្ថកិច្ចជួបការលំបាកក្នុងការស្រាវជ្រាវ ទាល់តែរងចាំជនរងគ្រោះដឹងខ្លួនសិន ។
តាមនគរបាលបានឲ្យដឹងថា ករណីខាងលើមិនទាន់ដឹងថា ជាករណីអ្វីច្បាស់នៅឡើយ ខណៈដែលជនរងគ្រោះសន្លប់មិនទាន់ដឹងខ្លួន ស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅឡើយ កម្លាំងជំនាញរង់ចាំសាកសួរនៅមន្ទីរពេទ្យពេញមួយយប់ទៅហើយ ពុំទាន់បានលទ្ធផល រង់ចាំជនរងគ្រោះដឹងខ្លួនសិន ទើបអាចសាកសួរបាន ចំណែកនៅកន្លែងកើតហេតុវិញ ក៏មិនមានពលរដ្ឋ ឬអ្នកឃើញហេតុការណ៍ណាឃើញច្បាស់ដែរ ក្រោយកើតហេតុ គេគ្រាន់តែឃើញជនរងគ្រោះរបួសដេកដួលទៅហើយ សំខាន់ជួយសង្រ្គោះអាយុជីវិតមនុស្សជាមុនសិន ៕