ស្ទឹងត្រែង៖ សកម្មភាពដឹកជញ្ជូនឈើធ្វើជំនួញបច្ចុប្បន្ននេះ គេនៅតែកត់សំគាល់ឃើញថា ឈ្មួញបានធ្វើឡើងតាមគ្រប់រូបភាព ដោយប្រើប្រាស់តាមមធ្យោបាយរថយន្តតូចធំគ្រប់ប្រភេទ រហូតដល់ដឹកតាមម៉ូតូនោះផងដែរ។
សកម្មភាពដឹកជញ្ជូនឈើទាំងនេះ មិនត្រូវបានគេឃើញមានសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធចុះធ្វើការទប់ស្កាត់ ឬក៏បង្ក្រាបឲ្យបានខ្លាំងក្លានោះទេ ប៉ុន្តែ ផ្ទុយទៅវិញគេតែងសង្កេតឃើញក្រុមមន្ត្រីដែលមានតួនាទីបង្ក្រាបព្រៃឈើទាំងនោះ ចុះទៅទារលុយពីក្រុមអ្នកដឹកឈើទៅវិញ ប្រសិនបើឈ្មួញណាមិនព្រមបង់លុយឲ្យឈ្មួញទាំងនោះ នឹងប្រឈមនឹងចាប់បង្ក្រាប ហើយរហូតឈានការដល់វាយតប់បង្កឲ្យមានរបួសស្នាមនោះថែមទៀត។
ជាក់ស្តែង កាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃ២១ ខែកញ្ញា មានម៉ូតូដឹកជញ្ជូនឈើ១ក្រុម ដោយដឹកចេញពីក្នុងដែនដីរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ស្នាក់អាវុធហត្ថ ប៉ុស្តិ៍នគរបាលរដ្ឋបាលជាច្រើនកន្លែង និងមានទីតាំងឈរជើង ដែលគេហៅថា កុងត្រូលជជុះនោះ២កន្លែងទៀត គឺនៅផ្លូវបំបែកចូលទៅទីរួមស្រុកថាឡាបរិវ៉ាត់ មួយកន្លែង និងនៅជាប់នឹងគល់ស្ពានមេគង្គស្ទឹងត្រែង មួយកន្លែងទៀត ដេកចាំទារលុយពីបទល្មើសដឹកជញ្ជូនឈើតាមរថយន្ត រ៉ឺម៉ក និងម៉ូតូ ទាំងយប់ទាំងថ្ងៃ។ ហើយនៅយប់ថ្ងៃ២១ ខែកញ្ញានោះ មានម៉ូតូដឹកឈើជាច្រើនគ្រឿង ត្រូវគេសង្ស័យថា បានចូលបង់លុយទៅឲ្យសមត្ថកិច្ចទាំងនោះ តែក្នុងនោះមានម៉ូតូ១គ្រឿង មិនបានបង់លុយឲ្យ ធ្វើឲ្យមន្ត្រីនគរបាលក្រុងស្ទឹងត្រែងម្នាក់ ច្រឡោតខឹង ហើយបានវាយអ្នកបើកម៉ូតូនោះ របួសធ្ងន់ធ្ងរ រហូតដល់ដេកពេទ្យ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានមន្ត្រីនគរបាលក្រុងម្នាក់ វាយឲ្យរបួសនោះ ត្រូវគេស្គាល់ឈ្មោះ តាំ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នករកស៊ីដឹកឈើតាមម៉ូតូ រស់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង រងរបួសត្រង់ចង្កេះ និងកញ្ចឹងកខាងឆ្វេង។
អ្នកដឹកឈើដែលជាជនរងគ្រោះ ឈ្មោះ តាំ បានរៀបរាប់ឲ្យដឹងថា អ្នកប្រព្រឹត្តអំពើហិង្សាមកលើរូបគេនោះ មានឈ្មោះ សូ ជុំ ជាមន្ត្រីនគរបាលក្រុងស្ទឹងត្រែង។ ជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ រូបគេនិងអ្នកដឹកឈើឯទៀត បានដឹកឈើក្នុងម៉ូតូ១គ្រឿង អ្នកខ្លះមាន៥ដុំ ឯអ្នកខ្លះទៀត មាន៦ដុំ ហើយពួកគេម្នាក់ៗ ត្រូវចំណាយលុយអស់ជាច្រើន ទើបឆ្លងកាត់ដែនសមត្ថកិច្ចទាំងនោះរួច ដោយស្ថាប័នខ្លះតម្រូវឲ្យពួកគេបង់ម៉ូតូ១គ្រឿង ចាប់ពី១ម៉ឺន ទៅ២ម៉ឺនរៀល អ្នកណាមិនបង់លុយឲ្យ នឹងត្រូវបានចាប់បង្ក្រាបជាមិនខាន ។
ជនរងគ្រោះនិយាយទៀតថា មូលហេតុដែលមន្ត្រីនគរបាលក្រុង ឈ្មោះ សូ ជុំ ជិះម៉ូតូតាមធាក់ម៉ូតូខ្លួនទម្លាក់ទៅក្នុងប្រឡាយ ហើយបានវាយដំរូបកាយគេ បណ្តាលឲ្យរងរបួសនៅពេលនោះ គឺដោយសាររូបគេអស់លុយពីខ្លួន ហើយមិនបានបង់លុយទៅឲ្យឈ្មោះ ជុំ នៅពេលនោះ។លោកបន្តថា បន្ទាប់មកក្រុមអ្នកដឹកឈើបានជួយលើកគេឡើង ហើយបានជួយដឹកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ទាំងយប់ ។
ជុំវិញព័ត៌មាននេះ មន្ត្រីនគរបាលក្រុងម្នាក់ ឈ្មោះ សូ ជុំ ជិះម៉ូតូដេញធាក់ម៉ូតូជនរងគ្រោះទម្លាក់ក្នុងប្រឡាយ ព្រមទាំងវាយដំឲ្យរបួសធ្ងន់ធ្ងរនោះ ត្រូវបានស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅល្ងាចថ្ងៃ២២ ខែកញ្ញា ម្សិលមិញនេះថា លោកមិនទាន់ទទួលបានដំណឹងនេះពីអធិការក្រុងស្ទឹងត្រែង លោក ឈូក កុម្មល់ នៅឡើយទេ ។ ប៉ុន្តែ ប្រសិនបើរកទៅឃើញថា មន្ត្រីនោះពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ ដោយបង្កឲ្យអ្នកដឹកឈើនោះរងរបួសធ្ងន់ធ្ងរនោះមែន លោកនឹងចាត់វិធានការរដ្ឋបាល តាមវិន័យរបស់នគរបាលជាតិ ទៅតាមការប្រព្រឹត្តតិច ឬច្រើន «ធ្ងន់ធ្ងរ»នោះជាក់ជាមិនខាន។
ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានបញ្ជាក់ថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនោះ គឺតម្រូវឲ្យមន្ត្រីនគរបាលជំនាញអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយប្រសិនបើបានទារលុយពីបទល្មើសនោះមែន មន្ត្រីទាំងនោះពិតជាបានប្រព្រឹត្តផ្ទុយពីច្បាប់នោះហើយ ។ លោកនឹងបញ្ជាទៅអធិការនគរបាលក្រុងស្ទឹងត្រែង ឲ្យស្រាវជ្រាវរកការពិតជុំវិញរឿងនេះ ៕