Friday, September 26, 2025
Homeព័ត៌មានជាតិយកកូនទៅផឹកស្រាជាមួយ ខឹងប្រពន្ធទូរស័ព្ទហៅ មកដល់ផ្ទះវាយប្រពន្ធមួយអង្រែបុកគ្រឿង

យកកូនទៅផឹកស្រាជាមួយ ខឹងប្រពន្ធទូរស័ព្ទហៅ មកដល់ផ្ទះវាយប្រពន្ធមួយអង្រែបុកគ្រឿង

​ភ្នំពេញ ៖ បុរសម្នាក់យកកូនទៅផឹកស៊ីជាមួយ ខឹងប្រពន្ធទូរស័ព្ទឲ្យយកកូនមកផ្ទះវិញ បានយកអង្រែបុកគ្រឿងវាយក្បាលប្រពន្ធពីក្រោយបែកក្បាលហូរឈាម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា៩និង២៥នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងភូមិ​ព្រៃជីសាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្តីដែលជាជនដៃដល់មានឈ្មោះ​​ សំ កុសល ភេទប្រុស ​អាយុ​៤៥ឆ្នាំ មុខរបរ​ជា​អ្នក​ជំនួយការ​សង្កាត់ចោមចៅ២ មាន​ទីលំនៅ​ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុក​ស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ ។ រីឯ​ប្រពន្ធ​ដែល​ជាជនរងគ្រោះមានឈ្មោះ​សូ ស្រី​អូន អាយុ​៣៨​ឆ្នាំ ​មុខរបរលក់ដូរ ស្នាក់នៅកើតហេតុខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពួក​គេ​មានកូន​៣​នាក់ ក្នុង​នោះ​ប្រុស​២ស្រី១នាក់។

តាមសម្តីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធរបស់គាត់បានរៀបការជាមួយគ្នារយៈ ពេល២០ឆ្នាំមកហើយ និងធ្លាប់ឈ្លោះប្រកែកគ្នាជាញឹកញាប់មកហើយ រហូតឈានដល់សុំ លែងលះគ្នាទៀត តែប្តីកំហូចមិនព្រមលែងលះឡើយ។ មុនពេលកើតហេតុ លោកប្តីរបស់គាត់បានដឹកកូនប្រុសអាយុ៦ឆ្នាំ យកទៅដើរផឹកស៊ីជាមួយ រហូតដល់យប់ មិនឃើញយកកូន ត្រឡប់មកផ្ទះវិញ ព្រោះកូនត្រូវភ្ញាក់ពីព្រឹកទៅរៀនផង ទើបរូបគាត់បានទូរស័ព្ទហៅប្តីឲ្យ​យកកូនដេក ។

នារីជាប្រពន្ធបានបន្តថា ពេលប្តីយកកូនមកដល់ផ្ទះ ស្រាប់តែប្តីខឹងគាត់ទូរស័ព្ទហៅ ក៏បានជេរប្រមាថគាត់ ធ្វើឲ្យគាត់ទ្រាំមិនបាន ក៏បានតមាត់ឈ្លោះប្រកែកគ្នា រហូតបុរសជាប្តីស្ទុះទៅយកអង្រែបុកគ្រឿងវាយក្បាលគាត់ពីក្រោយបែកក្បាលហូរឈាមតែម្តង ។

ក្រោយពេលកើតហេតុ​ជនរងគ្រោះបានទៅគ្លីនិកឯកជន ដើម្បីព្យាបាលរបួស តែមិនមានលុយសម្រាប់ព្យាបាល ក៏បានចេញមកវិញទៅ​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ឲ្យហៅបុរសជាប្តីមកធ្វើការអប់រំ ឈប់ប្រើអំពើហិង្សាលើប្រពន្ធទៀត និងមិនបានប្តឹងផ្តល់ឲ្យ​សមត្ថកិច្ចឃាត់ខ្លួនទេ ៕

RELATED ARTICLES