ភ្នំពេញ ៖ បុរសម្នាក់យកកូនទៅផឹកស៊ីជាមួយ ខឹងប្រពន្ធទូរស័ព្ទឲ្យយកកូនមកផ្ទះវិញ បានយកអង្រែបុកគ្រឿងវាយក្បាលប្រពន្ធពីក្រោយបែកក្បាលហូរឈាម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា៩និង២៥នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្តីដែលជាជនដៃដល់មានឈ្មោះ សំ កុសល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាអ្នកជំនួយការសង្កាត់ចោមចៅ២ មានទីលំនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ ។ រីឯប្រពន្ធដែលជាជនរងគ្រោះមានឈ្មោះសូ ស្រីអូន អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពួកគេមានកូន៣នាក់ ក្នុងនោះប្រុស២ស្រី១នាក់។
តាមសម្តីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធរបស់គាត់បានរៀបការជាមួយគ្នារយៈ ពេល២០ឆ្នាំមកហើយ និងធ្លាប់ឈ្លោះប្រកែកគ្នាជាញឹកញាប់មកហើយ រហូតឈានដល់សុំ លែងលះគ្នាទៀត តែប្តីកំហូចមិនព្រមលែងលះឡើយ។ មុនពេលកើតហេតុ លោកប្តីរបស់គាត់បានដឹកកូនប្រុសអាយុ៦ឆ្នាំ យកទៅដើរផឹកស៊ីជាមួយ រហូតដល់យប់ មិនឃើញយកកូន ត្រឡប់មកផ្ទះវិញ ព្រោះកូនត្រូវភ្ញាក់ពីព្រឹកទៅរៀនផង ទើបរូបគាត់បានទូរស័ព្ទហៅប្តីឲ្យយកកូនដេក ។
នារីជាប្រពន្ធបានបន្តថា ពេលប្តីយកកូនមកដល់ផ្ទះ ស្រាប់តែប្តីខឹងគាត់ទូរស័ព្ទហៅ ក៏បានជេរប្រមាថគាត់ ធ្វើឲ្យគាត់ទ្រាំមិនបាន ក៏បានតមាត់ឈ្លោះប្រកែកគ្នា រហូតបុរសជាប្តីស្ទុះទៅយកអង្រែបុកគ្រឿងវាយក្បាលគាត់ពីក្រោយបែកក្បាលហូរឈាមតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅគ្លីនិកឯកជន ដើម្បីព្យាបាលរបួស តែមិនមានលុយសម្រាប់ព្យាបាល ក៏បានចេញមកវិញទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ឲ្យហៅបុរសជាប្តីមកធ្វើការអប់រំ ឈប់ប្រើអំពើហិង្សាលើប្រពន្ធទៀត និងមិនបានប្តឹងផ្តល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនទេ ៕