ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ដេញចាប់ឃាត់ខ្លួនបានយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាពឆបោកយកដែកពីលក់គ្រឿង
សំណង់មួយកន្លែង ដែលស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ សរុបជាទឹកប្រាក់ជាង៣០០០ដុល្លារ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំងនោះបាន គឺនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ជិតក្រុមហ៊ុនម៉ាកសឺដេស ផ្លូវ៦០ម៉ែត្រ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ជនសង្ស័យខាងលើសមត្ថកិច្ចឲ្យដឹងឈ្មោះថា ១. មានឈ្មោះ លាត់ ឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបបជាងសំណង់ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ២. មានឈ្មោះ វី ម៉ាត់លី ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ២៤ឆ្នាំ អ្នកនេសាទ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ៣. មានឈ្មោះ កូប ម៉ាស់ម៉ូត ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ៣៣ មុខរបរនេសាទ ដកហូតម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GI-7077 ។ ចំណែកជនរងគ្រោះ មានឈ្មោះ គ្រី លេងស្រេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបបរលក់គ្រឿងសំណង់ ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
តាមសម្តីសមត្ថកិច្ចខណ្ឌដង្កោ បានឲ្យដឹងថា មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងនោះបាន គឺពួកគាត់ជាកម្លាំងជំនាញព្រហ្មទណ្ឌ បានទទួលដំណឹងតាមទូរស័ព្ទពីជនរងគ្រោះជាម្ចាស់ដេប៉ូលក់គ្រឿងសំណង់ថា មានជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆបោកដែកមួយរថយន្តយកទៅលក់បាត់ហើយ ឮដូចនេះពួកគាត់ជាកម្លាំងព្រហ្មទណ្ឌ បានយកលេខទូរស័ព្ទជនសង្ស័យពីជនរងគ្រោះ ដើម្បីព្យាយាមទំនាក់ទំនងតាមជំនាញ់របស់ពួកគាត់ រហូតបានតំរុយពីសង្ស័យដែលកំពុងតែជិះម៉ូតូធ្វើដំណើតាមផ្លូវ២១៧ និងនិយាយទូរស័ព្ទជាមួយសមត្ថកិច្ចផងនោះ ដោយឃើញភិនភាគច្បាស់លាស់ សមត្ថកិច្ចបានបើករថយន្តដេញតាមឃាត់ឲ្យជនសង្ស័យទាំងឈប់ តែជនសង្ស័យទាំងនោះហាក់បីដូចជាដឹងខ្លួន បានបន្ថែមល្បឿនម៉ូតូបើករត់គេចខ្លួន រហូតដល់ជិតក្រុមហ៊ុនម៉ាកសឺដេស ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជនសង្ស័យបានផ្តួលម៉ូតូ ដើម្បីរត់គេចគេចខ្លួន តែត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ ព្រមទាំងម៉ូតូមួយគ្រឿងយកទៅសាកសួរនៅអធិការដ្ធានខណ្ឌដង្កោ។
នៅពេលសមត្ថកិច្ចសាកសួរជនសង្សយ័ទាំងនោះបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆបោកពីជនរងគ្រោះពិតប្រាកដមែន ហើយដែកទាំងនោះ គឺពួកបានយកទៅលក់នៅកន្លែងទិញអេតចាយ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ បានលុយជាង៣០០ដុល្លារ ដើម្បីយកមកចែកគ្នា។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ធានខណ្ឌដង្កោដោយបាននិយាយថា ដែកដែលជនសង្ស័យបោកយកទៅសរុបចំនួនជាទឹកប្រាក់ជាង៣០០០ដុល្លារ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ធានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលា ៕