Friday, September 26, 2025
Homeព័ត៌មានជាតិជនសង្ស័យ៣នាក់ ឆបោកដែកពីម្ចាស់ដេប៉ូលក់គ្រឿងសំណង់ យកទៅលក់អេតចាយ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ជនសង្ស័យ៣នាក់ ឆបោកដែកពីម្ចាស់ដេប៉ូលក់គ្រឿងសំណង់ យកទៅលក់អេតចាយ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន៣នាក់​ ត្រូវ​បានសមត្ថកិច្ច​ខណ្ឌ​ដង្កោ​ ដេញ​ចាប់​ឃាត់ខ្លួន​បាន​យកទៅសាកសួរ​ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​នោះ​បានធ្វើ​សកម្ម​ភាព​ឆបោក​យក​ដែក​ពីលក់​គ្រឿង
​សំណង់​មួយ​កន្លែង​ ដែល​ស្ថិតនៅភូមិ​ក្រាំង​ពង្រ​ សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​ សរុបជាទឹកប្រាក់ជាង៣០០០ដុល្លារ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​នោះ​បាន​ គឺ​នៅវេលា​ម៉ោង​៥និង៣០នាទី​ល្ងាច​ ថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ជិត​ក្រុមហ៊ុន​ម៉ាកសឺដេស​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ទួល​រការ​ សង្កាត់​ចាក់​អង្រែក្រោម​  ខណ្ឌ​មានជ័យ​ ។

ជនសង្ស័យ​ខាង​លើ​សមត្ថកិច្ច​ឲ្យដឹងឈ្មោះថា​ ១. មាន​ឈ្មោះ​ លាត់ ឌី ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបប​ជាងសំណង់ ភូមិ២​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វា ២. មាន​ឈ្មោះ​ វី​ ម៉ាត់លី ភេទប្រុស​ ជនជាតិខ្មែរ​ឥស្លាម​ អាយុ២៤​ឆ្នាំ​ អ្នកនេសាទ ស្នាក់នៅ​សង្កាត់ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ៣. មាន​ឈ្មោះ​ កូប​ ម៉ាស់​ម៉ូត​ ភេទប្រុស​ ជនជាតិខ្មែរ​ឥស្លាម​ អាយុ៣៣​ មុខរបរនេសាទ​ ដកហូត​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1GI-7077 ។ ចំណែក​ជនរងគ្រោះ​ មានឈ្មោះ​ គ្រី​ លេងស្រេង ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មុខរបបរលក់គ្រឿងសំណង់​ ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

​​តាមសម្តី​សមត្ថកិច្ច​ខណ្ឌដង្កោ​ បានឲ្យដឹងថា​ មុន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​នោះ​បាន​ គឺ​ពួក​គាត់​ជាកម្លាំង​ជំនាញព្រហ្មទណ្ឌ​  បានទទួល​ដំណឹង​តាម​ទូរស័ព្ទពី​ជនរងគ្រោះ​ជាម្ចាស់ដេប៉ូ​លក់គ្រឿងសំណង់​ថា មាន​ជនសង្ស័យ​ខាង​លើ​ បានធ្វើ​សកម្ម​ភាព​ឆបោក​ដែកមួយ​រថយន្ត​យកទៅ​លក់បាត់ហើយ​ ឮដូចនេះ​ពួកគាត់​ជាកម្លាំង​ព្រហ្មទណ្ឌ​ បានយកលេខ​ទូរស័ព្ទជនសង្ស័យពីជនរងគ្រោះ​ ដើម្បី​ព្យាយាម​ទំនាក់ទំនង​តាម​ជំនាញ់របស់ពួកគាត់​  រហូតបានតំរុយ​ពី​សង្ស័យ​ដែល​កំពុងតែ​ជិះម៉ូតូ​ធ្វើដំណើតាមផ្លូវ២១៧​ និង​និយាយ​ទូរស័ព្ទជាមួយ​សមត្ថកិច្ចផងនោះ​ ដោយឃើញ​ភិនភាគច្បាស់​លាស់​ សមត្ថកិច្ចបានបើក​រថយន្ត​ដេញតាម​ឃាត់​ឲ្យ​ជន​សង្ស័យ​ទាំង​ឈប់​  តែជនសង្ស័យ​ទាំង​នោះ​ហាក់​បីដូច​ជាដឹងខ្លួន​ បានបន្ថែមល្បឿន​ម៉ូតូ​បើក​រត់គេចខ្លួន​ រហូត​ដល់​ជិត​ក្រុមហ៊ុន​ម៉ាកសឺដេស​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែក្រោម​ ខណ្ឌ​មានជ័យ​ ជនសង្ស័យ​បានផ្តួលម៉ូតូ​ ដើម្បី​រត់គេច​គេចខ្លួន​ តែត្រូវបាន​សមត្ថកិច្ច​ដេញ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ទាំង​៣នាក់​  ព្រមទាំង​ម៉ូតូ​មួយគ្រឿង​យកទៅ​សាកសួរ​នៅ​អធិការដ្ធានខណ្ឌ​ដង្កោ​។

 

​នៅពេល​សមត្ថកិច្ច​សាកសួរ​ជនសង្សយ័​ទាំង​នោះ​បានសារភាពថា​ ពួកគេពិតជាបាន​ធ្វើ​សកម្មភាព​ឆបោក​ពីជនរងគ្រោះ​ពិតប្រាកដ​មែន​  ហើយ​ដែក​ទាំង​នោះ​ គឺ​ពួក​បានយកទៅ​លក់​នៅកន្លែង​ទិញ​អេតចាយ​ នៅសង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ បានលុយ​ជាង​៣០០ដុល្លារ​ ដើម្បី​យកមកចែកគ្នា​។

​ក្រោយ​ពេល​កើតហេតុ​ ជនរងគ្រោះ​បានមក​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការដ្ធានខណ្ឌ​ដង្កោ​ដោយបាននិយាយថា ដែកដែល​ជនសង្ស័យ​បោកយកទៅ​សរុប​ចំនួន​ជាទឹក​ប្រាក់ជាង៣០០០ដុល្លារ​  ចំណែក​ជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការដ្ធានខណ្ឌ​ដង្កោ​ ដើម្បី​កសាងសំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលា​ ៕

RELATED ARTICLES