Friday, September 26, 2025
Homeព័ត៌មានជាតិបុរសម្នាក់បើកម៉ូតូបុកគោ ម្ចាស់គោសង១៥០ដុល្លារ

បុរសម្នាក់បើកម៉ូតូបុកគោ ម្ចាស់គោសង១៥០ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនពេក ចាប់ហ្រ្វាំង​មិនទាន់ជ្រុលទៅបុកគោ​ដើរឆ្លងផ្លូវពាសពេញផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់ ហេតុការន៍នេះកាលពីវេលាម៉ោ​៦និង៣០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅមុខផែស្ងួត អ៊ុយ ញ៉ុង តាមបណ្តោយផ្លូវ​ទំនប់កប់ស្រូវ ស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះមានឈ្មោះលី មករា ភេទប្រុស អាយុ​២៧ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល​ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​មានស្រុកកំណើតនៅខេត្តតាកែវ ​ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ​ ពាក់ស្លាកលេខតាកែវ 1A-0886 ជិះម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង រងរបួសធ្ងនបែកក្បាល។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា ​នៅមុនពេលកើតហេតុ​​ឃើញជនរងគ្រោះជិះម៉ូតូ​មួយគ្រឿង ក្នុងទិសដៅពីត្បូង​ទៅជើង ​យ៉ាងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែ​មានគោមួយហ្វូង ដើរឆ្លងផ្លូវ ក្នុងទិសដៅពីលិចទៅកើត ធ្វើឲ្យជនរងគ្រោះ​ចាប់ហ្វ្រាង់មិនទាន់​​ បានបើកបុកមេគោមួយក្បាល បណ្តាលឲ្យដួលអូស​បោកនឹងថ្នល់​​រងរបួសធ្ងន់បែកក្បាល​​ ​ភ្លាមៗនោះជនរងគ្រោះ​​ត្រូវបានរថយន្ត​សង្គ្រោះដឹក​យកទៅព្យាបាលនៅគ្លីនិករស្មី ​។

ប្រភពព័ត៌មានបានបន្តទៀតថា ហ្វូងគោខាងលើ តែងដើរអានាធិបតេយ្យពាសពេញតាមដងផ្លូវ ដែលជាហេតុបង្កឲ្យមានការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវជាញឹកញាប់ ហើយអាជ្ញាធរមិនបានទប់ស្កាត់ទៅលើហ្វូងសត្វគោទាំងឡាយនោះឡើយ។​

ក្រោយពេលកើតហេតុ មេគោមួយក្បាលដែលបង្កហេតុខាងលើត្រូវបានអ្នកឃើញហេតុការណ៍បានចាប់គោទុក ដើម្បីប្រគល់ឲ្យសមត្ថកិច្ច​រង់ចាំម្ចាស់គោមកដោះស្រាយ។​ រយៈពេលជាងមួយម៉ោងក្រោយមក ស្រាប់តែម្ចាស់គោបានមកដោះស្រាយជាមួយភាគីខាងជនរងគ្រោះដែលបានទាមទារសំណងចំនួន១លានរៀល តែ​ភាគីខាងម្ចាស់គោសុំសំរួលត្រឹម១៥០ដុល្លារ ដើម្បីចេញថ្លៃព្យាបាលនិងថ្លៃជួសជុលម៉ូតូ បញ្ចប់រឿងនៅកន្លែងកើតហេតុ​ ៕

RELATED ARTICLES