ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនពេក ចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកគោដើរឆ្លងផ្លូវពាសពេញផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់ ហេតុការន៍នេះកាលពីវេលាម៉ោ៦និង៣០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅមុខផែស្ងួត អ៊ុយ ញ៉ុង តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះលី មករា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1A-0886 ជិះម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង រងរបួសធ្ងនបែកក្បាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានគោមួយហ្វូង ដើរឆ្លងផ្លូវ ក្នុងទិសដៅពីលិចទៅកើត ធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាង់មិនទាន់ បានបើកបុកមេគោមួយក្បាល បណ្តាលឲ្យដួលអូសបោកនឹងថ្នល់រងរបួសធ្ងន់បែកក្បាល ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិករស្មី ។
ប្រភពព័ត៌មានបានបន្តទៀតថា ហ្វូងគោខាងលើ តែងដើរអានាធិបតេយ្យពាសពេញតាមដងផ្លូវ ដែលជាហេតុបង្កឲ្យមានការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវជាញឹកញាប់ ហើយអាជ្ញាធរមិនបានទប់ស្កាត់ទៅលើហ្វូងសត្វគោទាំងឡាយនោះឡើយ។
ក្រោយពេលកើតហេតុ មេគោមួយក្បាលដែលបង្កហេតុខាងលើត្រូវបានអ្នកឃើញហេតុការណ៍បានចាប់គោទុក ដើម្បីប្រគល់ឲ្យសមត្ថកិច្ចរង់ចាំម្ចាស់គោមកដោះស្រាយ។ រយៈពេលជាងមួយម៉ោងក្រោយមក ស្រាប់តែម្ចាស់គោបានមកដោះស្រាយជាមួយភាគីខាងជនរងគ្រោះដែលបានទាមទារសំណងចំនួន១លានរៀល តែភាគីខាងម្ចាស់គោសុំសំរួលត្រឹម១៥០ដុល្លារ ដើម្បីចេញថ្លៃព្យាបាលនិងថ្លៃជួសជុលម៉ូតូ បញ្ចប់រឿងនៅកន្លែងកើតហេតុ ៕