ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ មកអង្គុយផឹកស៊ីជាមួយមិត្តភក្កិនៅមុខផ្ទះ បានដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យកាល់ម៉ែត ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២២៨ នៅចំណុចផ្ទះលេខ១២១ ផ្លូវ១២៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
បុរសដែលបាញ់សម្លាប់ខ្លួនឯង មានឈ្មោះ ហ៊ុយ ស៊ីនីដាវិត ជាមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា ជនរងគ្រោះជាមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ តែងតែទៅផឹកស៊ីជាមួយមិត្តភក្តិនៅផ្ទះកើតហេតុខាងលើជាញឹក ញាប់ ហើយកន្លងមកពេលដែលជនរងគ្រោះទៅអង្គុយផឹកស៊ីតែងតែយកកាំភ្លើងមកអាម៉េ លេង។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ បានចូលមកផឹកជាមួយមិត្តភក្តិរបស់គាត់៤ទៅ៥នាក់ តាំងពីម៉ោង៣រសៀល រហូតដល់ម៉ោងជាង៩យប់ ហើយមុនពេលកើតហេតុបន្តិច គេឃើញជនរងគ្រោះនិយាយទូរស័ព្ទ តែមិនដឹងថា និយាយទូរស័ព្ទជាមួយអ្នកណាទេ ។ បន្ទាប់ពីនិយាយទូរស័ព្ទរួចហើយ មិនដឹងថា គាត់មានវិបត្តិអីនោះទេ ក៏បានដកកាំភ្លើងខ្លីម៉ាកឡុក យកមកបាញ់ចំក្បាលខ្លួនឯងចំហៀងខាងស្តាំមួយគ្រាប់ បណ្តាលឲ្យហូរឈាមពេញមុខផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាវុធហត្ថខណ្ឌដូនពេញ ចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ ភ្លាមៗនោះដែរមិត្តភក្តិរបស់ជនរងគ្រោះក៏បានដឹកយកជនរងគ្រោះតាមរថយន្តកាមរីបាឡែន មួយគ្រឿង យកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ជាអកុសលពេលទៅដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ច រួមនិងអាវុធហត្ថខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ថា ករណីខាងលើពិតជាជនរងគ្រោះបាញ់សម្លាប់ខ្លួនឯងពិតមែន ។ ចំណែកសពបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕