ខេត្តព្រះសីហនុ ៖ បន្ទប់ខារ៉ាអូខេ VIP 99 យីហោ សៀងហៃ មានទីតាំងជាប់បណ្តោយផ្លូវពីរង្វង់មូលតោពីរ ទៅសុខាអូតែល ក្នុងភូមិ4 សង្កាត់4 ក្រុង-ខេត្តព្រះសីហនុ ត្រូវបានភ្លើងឆេះកាលពីវេលាព្រឹកម៉ោង7ជាង ថ្ងៃទី11 ខែតុលា ឆ្នាំ2017នេះ។
ប្រភពសមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យបានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់ភ្លើងនេះ ប្រើប្រាស់ទឹកអស់4រថយន្ត ទើបភ្លើងរលត់ជាស្ថាពរ ហើយក្នុងនោះអង្គភាពនគរបាលខេត្តព្រះសីហនុប្រើប្រាស់ទឹក3រថយន្ត និង១រថយន្តរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត។
ប្រភពនគរបាលនៅកន្លែងកើតហេតុប្រាប់ថា “អគ្គីភ័យនេះបានឆេះបន្ទប់ខារ៉ាអូខេសៀងហៃ បន្ទប់ VIP 99 អស់ទាំងស្រុង ដែលក្នុងបន្ទប់នោះ តុនិងសាឡុងមួយឈុត ស្លាយបញ្ចាំងមួយគ្រឿង ធុងបាស ព្រមទាំងរបស់របរមួយចំនួនទៀត ក៏ត្រូវភ្លើងឆេះខ្ទេចខ្ទីគ្មានសេសសល់ឡើយ តែមិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ”។
ប្រភពនគរបាលក៏បានឲ្យដឹងដែរថា “ករណីអគ្គីភ័យឆាបឆេះនេះបណ្តាលមកពីទុស្សេខ្សែចរន្តអគ្គិសនីដែលតមិនបានល្អ។ តែទោះជាយ៉ាងណា សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកមូលហេតុនៃការឆេះបន្ទប់ខារ៉ាអូខេខាងលើនេះបន្តទៀត។
ប្រភពនៅកន្លែងកើតហេតុបានខ្សឹបប្រាប់ថា ករណីភ្លើងឆេះបន្ទប់ខារ៉ាអូខេសៀងហៃ ខាងលើសង្ស័យអ្នកចូលច្រៀងពេលគិតលុយចេញបានបោះកន្ទុយបារីលើសាឡុង បណ្តាលឲ្យឆាបឆេះតែម្តង ព្រោះបន្ទប់ខារ៉ាអូខេនេះភ្ញៀវ ទើបគិតលុយចាកចេញមួយសន្ទុះប៉ុណ្ណោះ ស្រាប់កើតហេតុភ្លើងឆេះ។ ម្យ៉ាងទៀតសង្ស័យមានអ្នកលួចដុតក៏ថាបាន។
តែទោះជាយ៉ាងណា គ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ទុកឲ្យសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវបន្តដើម្បីរកឲ្យឃើញមូលហេតុពិតប្រាកដ៕