Saturday, September 27, 2025
Homeព័ត៌មានជាតិអគ្គិភ័យឆេះបន្ទប់ខារ៉ាអូខេសៀងហៃ នៅកំពង់សោម ប្រើឡានទឹក៤គ្រឿង

អគ្គិភ័យឆេះបន្ទប់ខារ៉ាអូខេសៀងហៃ នៅកំពង់សោម ប្រើឡានទឹក៤គ្រឿង

ខេត្តព្រះសីហនុ ៖ បន្ទប់ខារ៉ាអូខេ VIP 99 យីហោ សៀងហៃ មានទីតាំងជាប់បណ្តោយផ្លូវ​ពីរង្វង់​មូលតោពីរ ទៅសុខាអូតែល ក្នុងភូមិ4 សង្កាត់4 ក្រុង-ខេត្តព្រះសីហនុ ត្រូវបាន​ភ្លើង​ឆេះកាល​ពី​វេលា​ព្រឹកម៉ោង7ជាង ថ្ងៃទី11 ខែតុលា ឆ្នាំ2017នេះ។

ប្រភពសមត្ថកិច្ចនគរបាលពន្លត់​អគ្គីភ័យបានឲ្យដឹង​ថា ក្នុងប្រតិបត្តិការពន្លត់​ភ្លើងនេះ​ ប្រើ​​ប្រាស់ទឹកអស់4រថយន្ត ទើបភ្លើងរលត់ជាស្ថាពរ ហើយក្នុងនោះអង្គភាពនគរបាល​ខេត្ត​ព្រះ​សីហនុប្រើប្រាស់ទឹក3រថយន្ត និង១រថយន្តរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត។

ប្រភពនគរ​បាល​នៅកន្លែងកើតហេតុប្រាប់ថា “អគ្គីភ័យនេះបានឆេះបន្ទប់ខារ៉ាអូខេសៀងហៃ បន្ទប់ VIP 99 អស់ទាំងស្រុង ដែលក្នុងបន្ទប់នោះ តុនិងសាឡុងមួយឈុត ស្លាយបញ្ចាំងមួយគ្រឿង ធុង​បាស ព្រមទាំងរបស់របរមួយចំនួនទៀត ក៏ត្រូវភ្លើងឆេះខ្ទេចខ្ទីគ្មានសេសសល់ឡើយ តែមិន​បណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ”។

ប្រភពនគរបាលក៏បានឲ្យដឹង​ដែរថា “ករណីអគ្គីភ័យឆាបឆេះនេះបណ្តាលមកពីទុស្សេខ្សែចរន្តអគ្គិសនីដែលតមិនបានល្អ។ តែទោះជាយ៉ាងណា សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកមូលហេតុនៃការឆេះបន្ទប់ខារ៉ាអូខេខាងលើនេះបន្តទៀត។

ប្រភពនៅកន្លែងកើតហេតុបានខ្សឹបប្រាប់​ថា ករណីភ្លើងឆេះបន្ទប់​ខារ៉ាអូ​ខេ​សៀងហៃ ខាងលើសង្ស័យអ្នកចូលច្រៀងពេលគិតលុយចេញបានបោះកន្ទុយបារីលើសាឡុង បណ្តាលឲ្យឆាបឆេះតែម្តង ព្រោះបន្ទប់ខារ៉ាអូខេនេះភ្ញៀវ ទើបគិត​លុយចាកចេញមួយ​សន្ទុះ​ប៉ុណ្ណោះ ស្រាប់កើតហេតុភ្លើងឆេះ។ ម្យ៉ាងទៀតសង្ស័យមានអ្នកលួចដុតក៏ថាបាន។

តែទោះជាយ៉ាងណា គ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ទុកឲ្យសមត្ថកិច្ច​ជំនាញបើក​ការ​ស្រាវ​​ជ្រាវបន្តដើម្បី​រកឲ្យឃើញមូលហេតុពិតប្រាកដ៕

RELATED ARTICLES