ភ្នំពេញ ៖ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជាច្រើន បានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការបែកធ្លាយរូបភាពព្រះសង្ឃមួយអង្គ កំពុងស្ថិតក្នុងស្ថានភាពដេក កៀកកើយយ៉ាងស្អិតល្មួតជាមួយនឹងនារីវ័យក្មេងម្នាក់ នៅលើគ្រែក្នុងបន្ទប់ ដែលមានទាំងស្បង់ចីវរនៅជាប់នឹងព្រះកាយរបស់ព្រះសង្ឃអង្គនោះទៀតផង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកតៗគ្នានូវរូបភាពមួយសន្លឹក បង្ហាញពីសក្មភាពរបស់ព្រះសង្ឃមួយអង្គ កំពុង ដេកឱបកៀកកើយជាមួយនារីវ័យក្មេងម្នាក់ ទាំងកំពុងគ្រងស្បង់ចីវរជាសង្ឃនៅឡើយ។
ព្រះសង្ឃដែលបែកធ្លាយរូបភាពឱបកៀកកើយស្រីនេះ ត្រូវបានប្រភពព័ត៌មានបញ្ជាក់ប្រាប់ថា មានព្រះនាម យិន វ៉ាយ ជាគ្រួបង្រៀនភាសាបាលីនៅវត្តច្បារអំពៅ និងជាកូនសិស្សជំនិតរបស់ព្រះអង្គហោ សុខុន ជាចៅអធិការវត្តច្បារអំពៅ។ ចំណែកភាគីខាងស្រី ត្រូវបានប្រភពបញ្ជាក់ថា មានឈ្មោះហ៊ាន លាងហ័ង ដែលជាសិស្សរួមថ្នាក់ព្រះសង្ឃ យិន វ៉ាយ នៅសាលាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា វត្តស្វាយពពែ។
តាមរយៈសារបែកធ្លាយ និងអមដោយរូបថតស្និទ្ធស្នាលជាមួយនារីវ័យក្មេងខាងលើនេះ ប្រភពខាងលើបានបង្ហើបប្រាប់ថា រវាងព្រះសង្ឃ យិន វ៉ាយ និងនារីវ័យក្មេង ហ៊ាន លាងហ័ង ពិតជាធ្លាប់មានទំនាក់ទំនងស្នេហាដ៏ជិតស្និតជាមួយគ្នាខ្លាំងណាស់ និងផ្តើមចេញពីទំនាក់ទំនងជាសិស្សរួមថ្នាក់នៅជាមួយគ្នានៅអំឡុងពេលរៀននៅសាលាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា វត្តស្វាយពពែ។ ហើយជាញឹកញាប់ គេតែងឃើញអ្នកទាំង២ តែងតែចេញទៅណាមកណាជាមួយគ្នាតួយ៉ាងដូចជាសកម្មភាពចែកអំណោយដល់ក្មេងអនាថា និងអ្នកទីទ័លក្រ នៅតាមស្រុក ខេត្តឆ្ងាយៗដាច់ ស្រយាលជាដើម។
ជាមួយគ្នានេះ តាមប្រភពព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា ទំនាក់ទំងស្នេហាលួចលាក់រវាងអ្នកទាំងពីរ គឺបានកើតឡើងក្នុងពេលជាយូរមកហើយ និងមានសភាពស៊ីជម្រៅទៀតផង ទើបឈានដល់បែកធ្លាយរូបភាពកៀកកើយស្អិតល្មួតនៅលើគ្រែបែបនេះ។
ទាក់ទងទៅនឹងការបែកធ្លាយរូបភាពខាងលើនេះ ព្រះសង្ឃ យិន វ៉ាយ បានសរសេរបញ្ជាក់យ៉ាងខ្លីនៅលើទំព័ហ្វេសប៊ុកផ្ទាល់ខ្លួន ព្រះអង្គ ឈ្មោះ Yen Vay កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ថា “ខ្ញុំមិនដែលស្គាល់ពាក្យថាខ្លាចទេ បើខ្ញុំធ្វើត្រឹមត្រូវ បើទោះជាពួកជនខិលខូចមូលបង្ខូចយ៉ាងណាក៏ដោយ។ លក្ខណៈតែមួយគត់របស់ខ្ញុំ គឺហ៊ានទទួលខុសត្រូវទង្វើខ្លួនឯង (មាសសុទ្ធមិនខ្លាចភ្លើង)…”។
ដោយឡែក កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រះតេជគុណ ហោ សុខុន ជាព្រះចៅអធិការវត្តពោធិ៍ព្រះបាត ហៅវត្តច្បារអំពៅ បានបញ្ចេញ ប្រតិកម្មទាក់ទងទៅនឹងរឿងរ៉ាវខាងលើ តាម រយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ព្រះអង្គ ឈ្មោះ Hor Sokhon ថា “សំនួរ-ចម្លើយ ដែលគួរឱ្យចាប់អារម្មណ៍បំផុត ១-តើផេក (Page) អ្នកបង្ហោះនោះ មានចេតនាយ៉ាងណាដែរ? ចម្លើយ គឺមានចេតនាអាក្រក់មកលើវត្តច្បារអំពៅ៘ ២-តើម្ចាស់ផេក (Page) ឬអ្នកដែលអះអាងនេះថា មានរូបថតជាភស្តុតាងនេះ មានបានមកជួបព្រះគ្រូចៅអធិការវត្ត ដើម្បីឱ្យដោះស្រាយរឿងនេះហើយឬនៅ? ចម្លើយគ្មានទេ៘ ៣-តើម្ចាស់ផេក ឬអ្នកបង្ហោះនោះ មានបានដាក់ពាក្យទៅធម្មការ ឬមន្ត្រីសង្ឃ ហើយឬនៅ? ចម្លើយគ្មានទេ៘ ៤-តើម្ចាស់ផេក ឬអ្នកយករូបថតឱ្យគេបង្ហោះនោះ បានរូបថតគេមកពីណា? ចម្លើយក្រៅពីម្ចាស់គេឱ្យ គឺខុសច្បាប់ទាំងអស់ បើរូបនេះកាត់តទៀតនោះ ខុសច្បាប់រឹតតែធ្ងន់ធ្ងរ៘ ៥-តើម្ចាស់ផេក (Page) ហ៊ានចូលគុគដែរទេ បើរូបថតនេះ កាត់តនោះ ហើយតើរូបថតនេះពិតឬមិនពិត? ចម្លើយរូបថតនេះ មិនពិតទេ គឺកាត់ត១០០ភាគរយ៘ ៦-តើម្ចាស់ផេកកើតចេញពីពោះម៉ែដូចគេដូចឯងដែរតើ ឬកើតពីរូងឈើ? ចម្លើយកើតពីពោះម៉ែ ម៉ែគឺជាស្ត្រី ចុះបើម៉ែជាស្ត្រីដែរ តើម្ចាស់ផេកយល់អារម្មណ៍នេះដែរទេ? ម៉ែគេ ម៉ែយើង ប្អូនស្រីគេ ប្អូនស្រីយើង បងស្រីគេបងស្រីយើង កិត្តិយសគ្រួសារ គេកិត្តិយសគ្រួសារយើង បើគេយករឿងអីចឹងមកបង្ហោះបង្កាច់បង្ខូច ដើម្បីបម្រើមហិច្ឆិតាបក្សពួកខ្លួន តើម្ចាស់ផេក (Page) មានអារម្មណ៍បែបណា? ចម្លើយ ប្រាកដជាក្តៅក្រហាយ ខឹង ស្អប់ ចង់កាប់សម្លាប់គេ ក៏បានដែរ៘ ៧-តើម្ចាស់ផេកហ៊ានមករកខុសត្រូវចំពោះព្រះគ្រូចៅអធិការវត្តដែរទេ បើចុះផ្សាយច្បាស់ៗយ៉ាងហ្នឹង? ចម្លើយ៩៩ភាគរយ គឺមិនហ៊ាន ដាច់ខាត ព្រោះពួកវាសន្តានខូច សន្តានទមិឡ ឥតសាសនា ពួកវាជាបក្សពួកក្រុមចង់បំផ្លាញ ព្រះពុទ្ធសាសនានៅកម្ពុជា៘ ៨-ព្រះសង្ឃក្នុងវត្ត ក្នុងកុដិវត្តច្បារអំពៅ មិនដែលឃើញមុខនាងនារីម្នាក់នេះមកកុដិ សូម្បីតែម្តងសោះឡើយ រីឯម្ចាស់ផេកបង្ហោះបញ្ជាក់ ហើយបញ្ជាក់ទៀតថា ព្រះតេជគុណ យ៉ិន វ៉ាយ នាំនាងនោះ មកដេកនៅក្នុងកុដិញឹកញាប់ណាស់ ហើយថែមទាំងនិយាយបញ្ជាក់ទៀតថា រឿងកើតឡើងតាំងពីយូរហើយ សំនួរសួរថា តើហេតុអ្វីព្រះសង្ឃទាំងអស់អង្គមិនដែលឃើញមុខនាងនោះមកកុដិសូម្បីម្តងផង? ចម្លើយ រឿងនេះ ជាការមូលបង្កាច់ទាំងស្រុង ព្រោះចេតនាចង់បំផ្លាញព្រះពុទ្ធសាសនា៘ ៩-ព្រះសង្ឃក្នុងកុដិលេខ៥ទាំងជាន់ក្រោមជាន់លើបន្ទប់នីមួយ សុទ្ធតែមានជញ្ជាំងបាំងដោយកុងផ្លាកកេ និងគ្មានប្រក់ដំបូលឡើយ ពិដានកុដិកម្ពស់៥ម៉ែត្រ រីឯកុងផ្លាកកេបាំងបន្ទប់នីមួយៗមានកម្ពស់ត្រឹមតែ៣ម៉ែត្រប៉ុណ្ណោះ តើអាចដេកនៅកើតដែរទេ? ចម្លើយ មិនអាចទាល់តែសោះ កុំថាលោកសង្ឃ ទោះឱ្យម្ចាស់ផេកមកដេក ក៏មិនអាចដេកលាក់បាំងបានដែរ៘ ១០-តាំងពីសង្ឃ ទីប្រឹក្សា ហោ សុខុន ដឹកនាំជាព្រះគ្រូចៅអធិការវត្តមកបានធ្វើសៀវភៅបញ្ជាផ្ទៃក្នុងរបស់វត្តអមព្រះវិន័យ ក្នុងនោះចំណុចពិសេសបានចែងថា គ្រប់កុដិទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យមនុស្សស្រីចូលកុដិក្នុងបន្ទប់ឡើយ ទាំងកុដិជាន់ក្រោម ទាំងកុដិជាន់លើ សូម្បីបងស្រីប្អូនស្រីបង្កើតរបស់លោកក៏ដោយ បើមានករណីនេះកើតឡើង ត្រូវបណ្តេញចេញពីវត្តភ្លាម ដោយគ្មានលើកទី២ឡើយ ហើយរឿងនេះក៏មិនដែលព្រះសង្ឃអង្គណាហ៊ានល្មើសូម្បី១អង្គឡើយ ក្នុងអំឡុងពេល៨ឆ្នាំកន្លងមកនេះ បទបញ្ជាផ្ទៃក្នុងរបស់វត្តក្នុង១ខែ ប្រជុំ៤ដង មន្ត្រីសង្ឃតែងតែរំលឹករហូតរឿងនេះសង្ឃណាក៏ដឹងដែរ៘ ១១-ការចោទប្រកាន់ដោយគ្មានភាពទទួលខុសត្រូវបែបនេះក្នុងហ្វេសប៊ុកវាមានសព្វបែបសព្វយ៉ាង មនុស្សចេះគិតគេ មិនងាយជឿផ្តេសផ្តាសទេ មានតែមនុស្សមិនចេះគិតគំនិតអន់ទេ ដែលជឿរឿងប្រឌិតបង្កាច់បង្ខូចបែបនេះ ឥឡូវនេះ សុំលើកយកឧទាហរណ៍ចំៗ ដើម្បីងាយស្រួលក្នុងការពិចារណា កន្លងមកយើងឃើញព័ត៌មានចុះផ្សាយថា សម្តេចសង្ឃ អំ លីមហេង បានដេកនៅជាមួយសម្តេចជំទាវ ប៊ុន រ៉ានី ហ៊ុន សែន សំនួរសួរថា តើនេះជារឿងពិតដែរទេ? ចម្លើយមិនពិតទេ វាជារឿងចោទប្រកាន់មូលបង្កាច់លាបពណ៌ក្នុងចេតនាទុច្ចរិត៘ ១២- ការពិតម្ចាស់ផេក (Page) ជាបក្សពួកជនទមិឡ ឥតសាសនាវាខឹង និងសង្ឃទីប្រឹក្សាធ្វើរឿងលោកខឹម វាសនា ហេតុនេះហើយទើបពួកវាប្រើល្បិចស្មោគគ្រោគគ្រប់បែបយ៉ាងក្នុងគោល បំណងបង្អាក់ដំណើរ ឬចង់ផ្តួលសង្ឃទីប្រឹក្សា ហោ សុខុន បន្ទាប់បន្តគម្រោងផែនការបំផ្លាញ ព្រះពុទ្ធសាសនានៅកម្ពុជា៘ ១៣-ព្រះគ្រូចៅអធិការវត្តច្បារអំពៅ សូមធានាអះអាង ១០០ភាគរយថា មិនកាន់ជើងមនុស្សខូច ឬអ្នកបួសណា អាក្រក់ឡើយ សូមឱ្យតែបង្ហាញសាក្សី ភស្តុតាងមកមន្ត្រីសង្ឃវត្ត នឹងដោះស្រាយតាមព្រះវិន័យព្រះពុទ្ធសាសនា និងច្បាប់សង្គម៘ ១៤-បើម្ចាស់ផេក (Page) មិនចូលខ្លួនមកបកស្រាយបំភ្លឺការពិតទេនោះ មានន័យថា មាន ផែនការអាក្រក់ បើដូច្នេះយើងជាព្រះសង្ឃ យើងជាពុទ្ធបរិស័ទ យើងជាពលរដ្ឋខ្មែរសូមថ្កោលទោសយ៉ាងដាច់អហង្កាចំពោះម្ចាស់ផេក និងសូមឱ្យស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយស្រាវជ្រាវវែកមុខជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីការពារតម្លៃព្រះពុទ្ធសាសនានៅកម្ពុជា៘ ១៥-មិនកាន់ជើងអ្នកបួសខូចឡើយ មិនលើកលែងជនមូលបង្កាច់ព្រះសង្ឃទេ និយាយអ្វីធ្វើអ្វីត្រូវមានភ័ស្តុតាង និងសាក្សីពិតក្នុងលោកនេះ គ្មានរឿងលាក់បាំងបានរហូតទេ មាសសុទ្ធមិនខ្លាចភ្លើងឡើយ…”។
ព្រះតេជគុណ ហោ សុខុន បានបញ្ជាក់ជាចុងក្រោយថា “សេចក្តីបញ្ជាក់ជាផ្លូវការណ៍ កុំថាឡើយលោកសង្ឃវត្តច្បារអំពៅមិនខុស កុំថាឡើយលោកសង្ឃវត្តច្បារអំពៅខុសមួយអង្គពីរអង្គ បើទោះបីលោកសង្ឃវត្តច្បារអំពៅ ខុស១០អង្គ ឬ២០អង្គក៏ដោយ ក៏ជារឿងបុគ្គលដែរ យើងត្រូវដាក់ទោសអ្នកបួសខុសនោះ តាមព្រះវិន័យព្រះពុទ្ធសាសនា និងច្បាប់សង្គម ដោយមិនលើកលែងជាដាច់ខាតនេះ បើសិនជាមានភ័ស្តុតាង និងសាក្សីពិត។ ប៉ុន្តែ ប៉ុន្តែ ប៉ុន្តែរឿងលោកខឹម វាសនា ខុសច្បាប់មិនអាចលើកលែងឱ្យជាដាច់ខាត ចាំទុក ចាំទុក ចាំទុក កុំថាឡើយមនុស្សមកឃាត់កុំឱ្យធ្វើរឿងខឹម វាសនា បើទោះបីទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ឥសី នាគ ស្តេចមនុស្ស ក៏មិនអាចឃាត់សង្ឃ ទីប្រឹក្សា ហោ សុខុន ធ្វើរឿងខឹម វាសនា បានឡើយ លោកខឹម វាសនា មានជម្រើសផ្លូវពីរ ១-ក្លាហានដេកគុក ២-រត់ចោលស្រុកខ្មែរ ចែករំលែក Share អញ្ជើញម្ចាស់ផេក (Page) មកជួបមន្ត្រីសង្ឃវត្ត…”៕