Sunday, September 28, 2025
Homeព័ត៌មានជាតិពីយប់ប្រពន្ធអុំទូកតាមរកប្តី ព្រឹកឡើងប្តីតាមរកវិញ ឃើញកប់ក្រោមទូក

ពីយប់ប្រពន្ធអុំទូកតាមរកប្តី ព្រឹកឡើងប្តីតាមរកវិញ ឃើញកប់ក្រោមទូក

ស្ទឹងត្រែង ៖ ស្ត្រីម្នាក់បានអុំទូកចេញទៅតាមរកប្តីទាំងកណ្តាលយប់ រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ស្រាប់តែព្រឹកឡើង ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិក្រឡាញាស់ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់។

ស្ត្រីរងគ្រោះដែលក្រឡាប់ទូកស្លាប់ក្នុងទឹកនោះ មានឈ្មោះឌី វឿន អាយុ៥៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ បុរសជាប្តីបានចេញបាត់ពីផ្ទះមិនទាន់ត្រឡប់មកវិញ លុះយប់ជ្រៅណាស់ទៅហើយ ធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធបារម្ភ ក៏អុំទូកចេញទៅតាមរកប្តីទាំងយប់ លុះទៅដល់ពាក់កណ្តាលផ្លូវក៏ជួបនឹងក្មេងៗ២នាក់ កំពុងអុំទូក ក៏សុំខ្ចីស្នាចបាចទឹកទូក លុះពេលក្មេងទាំង២នាក់ សួរថាទៅណា? ស្ត្រីរងគ្រោះក៏ឆ្លើយថា អញទៅណាស្រេចតែអញ។ បន្ទាប់មក ស្ត្រីរងគ្រោះក៏បាត់ខ្លួនពេញ១យប់ មិនឃើញត្រឡប់មកផ្ទះវិញសោះ។

ប្រភពដដែលបន្តថា រហូតមកដល់ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសជាប្តីស្ត្រីរងគ្រោះ ក៏បានតាមរកប្រពន្ធវិញម្តង តែមិនឃើញសោះ បន្ទាប់មកក៏ប្រទះឃើញទូកផ្កាប់ នៅចម្ងាយប្រមាណ៥០ម៉ែត្រពីទន្លេ ទើបផ្អើលឆោឡោ នាំគ្នាចុះរាវរក ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះជាប្រពន្ធស្លាប់ក្នុងទឹកបាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES