Sunday, September 28, 2025
Homeព័ត៌មានជាតិស្ពានកោះកុង ឆ្លងកាត់លែងបង់ថ្លៃ ចាប់ពីថ្ងៃទី០២ វិច្ឆិកា ២០១៧

ស្ពានកោះកុង ឆ្លងកាត់លែងបង់ថ្លៃ ចាប់ពីថ្ងៃទី០២ វិច្ឆិកា ២០១៧

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបានសម្រេចទិញយកស្ពានស្ពានកោះកុង ឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ ដែលវិនិយោគដោយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលនេះជាកាដូថ្មីមួយទៀតរបស់សម្តេច ជូនដល់ប្រជាជនកម្ពុជា ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា “ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ និយាយជារួម និងនិយាយដោយឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណា ខ្ញុំបានសម្រេចទិញយកត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ ដែលវិនិយោគដោយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពីម៉ោង ០០ៈ០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។

ចំពោះកិច្ចការដែលនៅសេសសល់ សូមឱ្យក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ ។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការសម្រេចនេះ ”។

គួរបញ្ជាក់ដែរថា មុនពេលប្រកាសទិញស្ពានកោះកុង នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦  ទៅផ្លូវជាតិលេខ ៥ (ស្ពាននិងផ្លូវលី យ៉ុងផាត់ ព្រែកព្នៅ) ដែលវិនិយោគដោយក្រុមហ៊ុន លី យ៉ុងផាត់ នេះដូចគ្នាដែរ យកមកគ្រប់គ្រងដោយរាជរដ្ឋាភិបាលវិញ ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ មក ដោយសម្តេចបានបញ្ជាក់ថា ការសម្រេចនេះ គឺដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកម្ពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ដោយមិនបាច់បង់ថ្លៃទៀតទេ ហើយសម្តេចសង្ឃឹមថា ប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ៕

RELATED ARTICLES