Sunday, September 28, 2025
Homeព័ត៌មានជាតិទៅដេករាល់ដង គេសែងយកមកផ្ទះ ម្តងនេះទៅដេកគ្មានគេដឹង ត្រូវរថភ្លើងកិន

ទៅដេករាល់ដង គេសែងយកមកផ្ទះ ម្តងនេះទៅដេកគ្មានគេដឹង ត្រូវរថភ្លើងកិន

ខេត្តកែប ៖ បុរសម្នាក់ឱ្យតែផឹកស្រាស្រវឹង តែងដើរទៅដេកនៅលើផ្លូវដែក ដោយមិនខ្លាចគ្រោះថ្នាក់អ្វីទាំងអស់ ប៉ុន្តែតែងត្រូវក្រុមគ្រួសារប្រទះឃើញជួយសែងត្រឡប់មកផ្ទះវិញរហូត លុះចុងក្រោយ បន្ទាប់ពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក  ក៏ដើរទៅដេកលើផ្លូវដែកដោយគ្មានអ្នកដឹង  ទីបំផុត ក៏ជួបគ្រោះអកុសល ត្រូវរថភ្លើងកិន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើងខាងលិចផ្លូវចូលវត្តអង្គ្រងរាជា ចម្ងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

បុរសរងគ្រោះដែលផឹកស្រាស្រវឹង ទៅដេកលើផ្លូវដែក និងត្រូវរថភ្លើងកិនស្លាប់នោះ មានឈ្មោះកើត យី អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ ក្បែរទីតាំងកើតហេតុ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា កន្លងមកឱ្យតែផឹកស្រាស្រវឹង  ប្តីរបស់គាត់តែងតែទៅដេកកើយផ្លូវរថភ្លើងរហូត ដោយមិនចេះខ្លាចគ្រោះថ្នាក់អ្វីសោះ ប៉ុន្តែកន្លងមកចេះតែត្រូវបានពួកគាត់ប្រទះឃើញ ក៏ជួយលើកសែងចូលផ្ទះវិញ។ ស្រាប់តែមកដល់យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ មិនដឹងថា ប្តីគាត់ទៅផឹកស្រាស្រវឹងនៅឯណាមិនដឹង ក៏ដើរទៅដេកនៅផ្លូវរថភ្លើងម្តងទៀត ដោយគ្មានអ្នកណាបានដឹង ឬប្រទះឃើញសោះ។ រហូតមកដល់ព្រឹកថ្ងៃទី០៣ វិច្ឆិកា ដោយបាត់ប្តី១យប់មិនឃើញចូលផ្ទះ ទើបពួកគាត់នាំគ្នាដើររក ស្រាប់តែប្រទះឃើញប្តីរបស់គាត់ដេកស្លាប់នៅលើផ្លូវរថភ្លើង ដែលឃ្លាតពីផ្ទះប្រមាណ១០០ម៉ែត្រ ទើបក្រុមគ្រួសារប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះដែលត្រូវរថភ្លើងកិនស្លាប់នេះ បើតាមប្រជាពលរដ្ឋរាយការណ៍ គឺជនរងគ្រោះតែងតែផឹកស្រាស្រវឹងគ្មានលស់ថ្ងៃ ហើយពេលស្រវឹងម្តងៗមិនព្រមទៅដេកផ្ទះទេ គឺតែងតែទៅដេកលើផ្លូវដែករហូត និងតែងត្រូវអ្នកភូមិ ឬក្រុមគ្រួសារប្រទះឃើញជួយសែងទៅផ្ទះរហូត លុះទីបំផុត ក៏ត្រូវរថភ្លើងកិនស្លាប់ទាល់តែបាន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររថភ្លើងកិនប្រាកដមែន។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះអាចត្រូវរថភ្លើងដឹកអ្នកដំណើរមកពីខេត្តព្រះសីហនុ កិនស្លាប់នៅចន្លោះម៉ោង១១យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្តែពេលកើតហេតុភ្លាមៗ គ្មានអ្នកណាដឹង លុះព្រឹកឡើងទើបក្រុមគ្រួសារប្រទះឃើញស្លាប់បាត់ទៅហើយ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES