ខេត្តកំពង់ស្ពឺ ៖ សត្វក៏ដូចជាមនុស្សយើងអីចឹងដែរ ព្រោះមនុស្សមានខ្លះកើតមានជាកូនភ្លោះខ្លួនជាប់គ្នា ឬក្បាលជាប់គ្នា រីឯកូនគោ កូនក្របី ឆ្កែ ជ្រូក ក៏មានភ្លោះជាប់គ្នាដែរ។ ដោយឡែកកូនគោ១ក្បាលនេះ កើតមកមានកន្ទុយបែកខ្នែងជា៣ គឺកន្ទុយ១វែងធម្មតា ដោយមានដុះអាខ្លីកំប៉ិត២ទៀត។ ចំណែកត្រចៀក២ ដូចត្រចៀកគោធម្មតា ប៉ុន្តែមានត្រចៀកមួយទៀតដុះពីលើបូក ហើយគ្មានរន្ធគូទទេ។ វាកើតបានតែ៣ថ្ងៃ ក៏ងាប់ទៅវិញ ប៉ុន្តែម្ចាស់របស់វាបានផ្សព្វផ្សាយថា ជាគោមានបារមីជួយម្ចាស់ឱ្យរកស៊ីចម្រុងចម្រើនផ្អើលអ្នកស្រុកទៅបន់ស្រន់សុំលាភសំណាងតែរៀងខ្លួន។
អ្នកស្រីយ៉ែម យ៉េន អាយុ៤៨ឆ្នាំ ជាម្ចាស់គោ រស់នៅភូមិក្រាំងល្ហុង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គាត់មានប្តីឈ្មោះគាំ ម៉ៃ អាយុ៥៥ឆ្នាំ និងកូន៦នាក់។ កន្លងមកគ្រួសារគាត់មានជីវភាពអត្តខាត់ខ្លាំងណាស់ រកព្រឹកខ្វះល្ងាច ព្រោះមានដីស្រែតិចតួចពេក គ្មានលទ្ធភាពចិញ្ចឹមគោដូចគេទេ។ ក្រោយមកក៏មានប្អូនជីដូន១ខាងប្តី បានយកមេគោ១ក្បាលមកប្រវាស់ឱ្យគ្រួសារគាត់ចិញ្ចឹម ចែកកូនគ្នា លុះចិញ្ចឹមបានជាង១ឆ្នាំ មេគោនោះកើតបានកូនឈ្មោល១ ធ្វើឱ្យជីវភាពបានធូរធារបន្តិច ប៉ុន្តែកូនគោនោះត្រូវបានទៅម្ចាស់មេគោ។ លុះមេគោផើមកូនទី២ ប្តីដែលមានអាជីពជាអ្នកភ្លេង និងកូនៗធ្វើកម្មករអាចរកចំណូលបានគ្រប់គ្នា មានលទ្ធភាពសង់បានជម្រកសមរម្យរស់នៅ។
ពេលកូនគោនោះនៅក្នុងពោះមេវា គាត់ឧស្សាហ៍យល់សន្តិបានទៅលេងប្រទេសឥណ្ឌា ជាពិសេសបានដល់បូជនីយដ្ឋានដែលព្រះពុទ្ធអង្គទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន។ ជួនកាលយល់សប្តិឃើញគេយកប្រាក់រាប់ម៉ឺនដុល្លារមកឱ្យ ដែលជាប្រផ្នូលថា កូនគោក្នុងពោះមេវានោះ នាំលាភសំណាងមកឱ្យតែម្តង។
អ្នកស្រីយ៉ែម យ៉េន បន្តទៀតថា លុះមកដល់យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ កូនគោបានមកពន្យល់សប្តិថា បើគេ (កូនគោ) មិនងាប់ ច្បាស់ជាកូនប្រសាគាត់ឈ្មោះអ៊ុំ សាវ័ន្ត ស្លាប់ដោយគ្រោះថ្នាក់មិនខាន ទើបកូនគោសុខចិត្តប្តូរជីវិតឱ្យមនុស្សនៅរស់ទៅចុះ។ មិនយូរប៉ុន្មានស្រាប់តែកូនគោឈ្មោលនោះ កើតមកមានកន្ទុយ៣ ត្រចៀក៣ តែជាអកុសល កើតបានតែ៣ថ្ងៃ ក៏ងាប់ទៅស្របតាមការយល់សប្តិមែន គឺកូនគោវាសុខចិត្តងាប់ជំនួសកូនប្រសាគាត់ ទើបគាត់ជឿថា កូនគោកន្ទុយ៣នេះ ជាសត្វមានបារមីតែម្តង។
លោកគាំ ម៉ៃ អាយុ៥៥ឆ្នាំ ជាប្តី បានឱ្យដឹងថា យប់កើតកូនគោនោះ គាត់កំពុងតែដេកយល់សប្តិឃើញដុំភ្លើងធំៗធ្លាក់ពីលើអាកាសឆេះព្រៃព្រឹក្សា និងផលដំណាំជុំវិញផ្ទះ លុះភ្ញាក់ដឹងខ្លួនចំពេលមេគោឈឺពោះ។ បន្ទាប់មក មេគោនោះកើតបានកូនឈ្មោល១ ធ្លាក់ទៅលើភក់ លុះពិនិត្យទៅក៏ដឹងថា វាមានកន្ទុយ៣ និងត្រចៀក៣ តែអត់រន្ធគូទ។ វារស់បានតែ៣ថ្ងៃប៉ុណ្ណោះ ផ្អើលអ្នកស្រុកមកមើលគ្រប់គ្នា ខ្លះក៏បន់ស្រន់សុំលាភសំណាងខ្លះបន់សុំលេខឆ្នោតជាដើម។
រីឯអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា តាំងពីពួកគាត់កើតមកមិនដែលឃើញគោកន្ទុយ៣ ត្រចៀក៣យ៉ាងនេះទេ ក៏ជឿថា ជាសត្វមានបារមី។ ធម្មតាសត្វមានបារមីវាកើតមកគ្រាន់តែបង្គ្រប់ជាតិប៉ុណ្ណោះ ដើម្បីជួយសង្គ្រោះម្ចាស់មួយរយៈ បន្ទាប់មកក៏ងាប់ទៅវិញ ទើបបន្តទៅកើតនៅឋានសួគ៌។ ពួកគាត់ជឿថា កូនគោនេះបានមកជួយគ្រួសារអ្នកស្រីយ៉េន ឱ្យរកស៊ីធូរធារជាងមុននិងជួយកូនប្រសាគាត់ឱ្យផុតពីសេចក្តីស្លាប់ ហើយពេលនោះព្រលឹងកូនគោទៅឋានទេវលោកនៅតែមានបារមីជួយអ្នកមានជំនឿជានិច្ច គួរតែរក្សាទុកខ្មោចកូនគោនេះឱ្យល្អងាយស្រួលក្នុងការបន់ស្រន់៕