ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់បាននាំប្អូនប្រុសជិះទូកទៅដាក់ឡើ លុះត្រឡប់មកវិញដល់មាត់ច្រាំង លោតចុះពីលើទូក ដោយដាំដូងយកក្បាលទៅមុនបុកនឹងច្រាំង បណ្តាលឱ្យសន្លប់ធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងជើងភូមិម៉ក់ហ៊ឺន ចំងាយប្រមាណ៨០០ម៉ែត្រ ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ។
ក្មេងប្រុសរងគ្រោះដែលស្លាប់ មានឈ្មោះរី ដារា អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោកវរសេនីយ៍ត្រី សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបាននាំប្អូនប្រុសរបស់ខ្លួន ឈ្មោះរី ក្លឹង អាយុ៩ឆ្នាំ ទៅដាក់ឡើយកត្រីជាមួយគ្នា។ លុះក្រោយពីដាក់ឡើរួចហើយ ជិះទូកត្រឡប់មកផ្ទះវិញ ពេលមកដល់មាត់ច្រាំង ក្មេងប្រុសរងគ្រោះបានលោតពីលើទូក ដោយលោតដាំដូងយកក្បាលទៅមុន បណ្តាលឱ្យបុកច្រាំងសន្លប់ ធ្លាក់ចូលទៅក្នុងទឹកឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង ខណៈដែលមិនមានអ្នកណាម្នាក់ប្រទះឃើញ ជួយសង្គ្រោះទាន់ពេល រីឯក្មេងប្រុសជាប្អូនឃើញដែរ តែមិនអាចជួយបងប្រុសបាន។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅត្រួតពិនិត្យ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលោតបុកច្រាំង បណ្តាលឱ្យសន្លប់ក្នុងទឹក ហើយបានឈ្លក់ទឹកស្លាប់ប្រាដកមែន។
សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសៅបំផុត៕