Sunday, September 28, 2025
Homeព័ត៌មានជាតិប្តូរភ្លាម ផ្ទុះប្រតិកម្មភ្លាម

ប្តូរភ្លាម ផ្ទុះប្រតិកម្មភ្លាម

ខេត្តកំពត ៖ ប្រជាពលរដ្ឋ ពិសេសអតីតសិស្សអនុវិទ្យាល័យរោងចក្រស៊ីម៉ងត៍ មានទីតាំងស្ថិតនៅក្នុងឃុំព្រៃថ្នង ស្រុកទឹកឈូ ក្នុងទឹកដី ខេត្តកំពត បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីគណៈគ្រប់គ្រងអនុវិទ្យាល័យមួយនេះ បានសម្រេចប្តូរឈ្មោះសាលាពីអនុវិទ្យាល័យរោងចក្រស៊ីម៉ងត៍ ទៅជាអនុវិទ្យាល័យរោងចក្រ ស៊ីម៉ងត៍ហ័រស៊ីនចក្រីទីង ដោយស្ងាត់ៗ និងពុំមានការអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធសោះឡើយ។

កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ratha Phok ដែលអះអាងថា ជាអតីតសិស្សអនុវិទ្យាល័យរោងចក្រស៊ីម៉ងត៍ បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តជុំវិញការប្តូរឈ្មោះអនុវិទ្យាល័យរោងចក្រស៊ីម៉ងត៍ ដោយមានការយកឈ្មោះក្រុមហ៊ុនចិន មកដាក់បន្ថែមពីក្រោយខុសពីឈ្មោះដើម។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ratha Phok បានសរសេរថា “សូមស្នើ និងអំពាវនាវឱ្យភាគីក្រុមហ៊ុន និងគណៈគ្រប់គ្រងសាលាអនុវិទ្យាល័យរោងចក្រស៊ីម៉ងត៍ ធ្វើការប្តូរយកឈ្មោះ ដីមវិញជាបន្ទាន់។ ព្រមទាំងមន្ទីរ ក្រសួង និងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យផងទាន។ រឿងរកជំនួយ និងការជួយ ខ្ញុំកាន់តែត្រេកអរ តែបើប្តូរឈ្មោះរបស់សាលាដែលមានឈ្មោះចិន ខ្ញុំមិនគាំទ្រឡើយ។ សូមថ្នាក់ដឹកនាំ មន្ទីរ និងក្រសួងពាក់ព័ន្ធពិនិត្យឡើងវិញ។ យើងត្រូវយល់ពីកាតព្វកិច្ចរបស់ក្រុមហ៊ុនវិនិយោគ គឺមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋរបស់ប្រទេសខ្ញុំ ហើយកាតព្វកិច្ចជួយស្តារបរិស្ថានធម្មជាតិ និងបរិស្ថានសង្គមសេដ្ឋកិច្ចទៅតាមតម្រូវការចាំបាច់ណាមួយ តែមិនត្រូវមានការប្តូរឈ្មោះសោះឡើយ តែអាចចារឈ្មោះអ្នកជំនួយនៅត្រង់កន្លែងណាមួយ សមរម្យបាន។ ហើយក្រសួងអប់រំក៏មិនអាចប្តូរបានដែរ តើនរណាជាអ្នកមានអាជ្ញាសឹកអាចប្តូរបាន? ថ្លើមពាស មេឃទេដឹង? បើតាមក្រសួងបរិស្ថានតម្រូវ បើក្រុមហ៊ុននោះ វិនិយោគនៅតំបន់ណាមួយ ក្រុមហ៊ុននោះត្រូវតែមានកញ្ចប់ថវិកា ដែលគេហៅថា មូលនិធិបរិស្ថាន (ទាំងបរិស្ថានធម្មជាតិ និងបរិស្ថានសង្គមសេដ្ឋកិច្ច) ដោយស្តារបរិស្ថានឡើងវិញ បើសិនមានផលប៉ះពាល់នៅតំបន់នោះ ហើយកញ្ចប់ថវិកានោះ គឺត្រូវបញ្ចូលទាំងការលើកតម្កើងវិស័យអប់រំ នៅតំបន់នោះ ប្រព័ន្ធផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះផងដែរ។ តែមិនត្រូវមានការប្តូរឈ្មោះដើមរបស់តំបន់នោះជាដាច់ខាត ព្រោះខុសច្បាប់វិនិយោគ និងច្បាប់បរិស្ថាន។ ក្នុងនាមពលរដ្ឋម្នាក់ ហើយក៏ជាអតីតសាលា ខ្ញុំស្នើសុំឱ្យមានការប្តូរចេញជាបន្ទាន់ ដោយយកឈ្មោះដើមវិញ។ រឿងជួយយើងអរគុណណាស់ ដោយចារនៅត្រង់កន្លែងណាសមរម្យមួយ។ បើមិនមានការប្តូរទេ ខ្ញុំសុំអនុញ្ញាតនឹងយករូបឈ្មោះដើម និងឈ្មោះថ្មីទៅផុស ឬផ្សព្វផ្សាយបន្តក្នុងបណ្តាញសង្គម ដើម្បីឱ្យមានការផ្លាស់ប្តូរ។ សូមលោកគ្រូអ្នកគ្រូពាក់ព័ន្ធ គិតគូរឡើងវិញ ក្នុងនាមលោកគ្រូអ្នកគ្រូជាថ្នាក់ដឹកនាំសាលារបស់ជាតិមួយរូប។ រឿងជំនួយយើងមិនហាមឃាត់ តែសូមរក្សាឈ្មោះដើម។ អរគុណ!…”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បន្ថែមថា “ហេតុអ្វីប្តូរឈ្មោះដើម ដោយបញ្ចូលឈ្មោះក្រុមហ៊ុនចិន? សូមរំខានបងប្អូនបន្តិច! សូមបងប្អូន ជួយពិចារណា និងផ្តល់យោបល់ទាំងអស់គ្នាចំពោះឈ្មោះក្លោងទ្វារថ្មីនៃសាលាអនុវិទ្យារោងចក្រស៊ីម៉ងត៍ និងឈ្មោះចាស់របស់សាលា។ តើគួរមានការប្តូរឈ្មោះថ្មីដោយបង្កប់ឈ្មោះក្រុមហ៊ុនចិនដែរឬទេ? តើអាចប្តូរឈ្មោះដើមបានទេ? ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំមិនគាំទ្រឱ្យប្តូរឈ្មោះបែបនេះនោះទេ។ ហើយខ្ញុំទាមទារឱ្យប្តូរឈ្មោះថ្មីនេះចេញ។ តើបងប្អូនយល់យ៉ាងណាដែរ?…”។

ទាក់ទងទៅនឹងប្រតិកម្មជុំវិញការប្តូរឈ្មោះសាលាខុសពីឈ្មោះដើមខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកនាយកអនុវិទ្យាល័យខាងលើ ក៏ដូចជា អាជ្ញាធរដែនដីពាក់ព័ន្ធបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

គួររំលឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ មហាជនធ្លាប់បានផ្ទុះប្រតិកម្មម្តងរួចមកហើយ ជុំវិញការប្តូរឈ្មោះទីតាំងរមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រ “ឋានសួគ៌បូកគោ” ទៅជា “រមណីយដ្ឋានសុខាឋានសួគ៌” ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ក្រោយផ្ទុះប្រតិកម្មពីមហាជន សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាជាបន្ទាន់ ឱ្យមានការកែប្រែឈ្មោះទៅរកឈ្មោះដើមរបស់រមណីយដ្ឋានឋានសួគ៌បូកគោវិញ ដោយមានឱសានវាទត្រឹមវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣  ខែកញ្ញា ឆ្នាំ២០១៧។

សម្តេចហ៊ុន សែន ធ្លាប់បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា “សូមអរគុណបងប្អូនជនរួមជាតិ ដែលបានឱ្យខ្ញុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោ ទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជាឱ្យអភិបាលខេត្តកំពត ទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឱ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សាឈ្មោះដើម ជាដាច់ខាត…”។

បន្ទាប់មក នៅវេលាម៉ោង៩និង៣០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ស្លាកឈ្មោះថ្មីរបស់ “រមណីយដ្ឋានឋានសួគ៌បូកគោ” ដែលដាក់ថា “រមណីយដ្ឋានសុខាឋានសួគ៌” ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដកចោលទាំងស្រុង ដោយរក្សា និងប្រើប្រាស់ឈ្មោះដើមវិញ ដោយសារតែតំបន់ភ្នំនេះជាតំបន់ប្រវត្តិសាស្ត្រ៕

RELATED ARTICLES